មន្ត្រី​សង្គម​ស៊ីវិល​៣​នាក់​ត្រូវ​គេ​បាញ់​និង​ចាប់​ដាក់​ពន្ធនាគារ​នៅ​កំពង់​ចាម

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បី​នាក់​ត្រូវ​ជាប់​ពន្ធនាគារ បន្ទាប់​ពី​បាន​ទៅ​សាក​សួរ​ក្រុម​អ្នក​ដឹក​ជ្រូក​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម។

0:00 / 0:00

បុគ្គលិក​នៃ​សមាគម​ឃ្លាំ​មើល​កម្ពុជា ៣​រូប ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​៣ សីហា និង​បាញ់​គំរាម​ឲ្យ​របួស​ដៃ​ម្នាក់ ដោយ​ចោទ​ពី​បទ​ថា​បាន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ដឹក​ជ្រូក​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

លោក នួន សាមិន ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ សីហា​ថា​សមាជិក​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បី​នាក់​នោះ បាន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ដឹក​ជ្រូក​ក្នុង​ស្រុក ហើយ​ប៉ូលិស​គឺ​ដោះ​ស្រាយ​តាម​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។

លោក ងួន មឿន បុគ្គលិក​សមាគម​អ្នក​ឃ្លាំ​មើល​ម្នាក់ បាន​និយាយ​ឲ្យ​ដឹង​មុន​ពេល​ចាប់​ខ្លួន​ថា នៅ​យប់​ទី​២ សីហា ពួក​ខ្លួន​បាន​ទៅ​សាក​សួរ​អ្នក​ដឹក​ជ្រូក​ឆ្លង​ដែន តាម​ភូមិ​ខ្នង​ក្រពើ ស្រុក​មេមត់ ចំនួន​៨​ម៉ូតូ ហើយ​ថា ក៏​មាន​ប៉ូលិស​បាន​បើក​រថយន្ត​មក​ដល់ ហើយ​ក៏​បាញ់​គំរាម​តែ​ម្ដង។

លោក នី ចរីយា មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ផ្ដល់​ទស្សនៈ​ថា ការ​ចាប់​មន្ត្រី​អ្នក​ឃ្លាំ​មើល កម្ពុជា​គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ។

មក​ទល់​ពេល​នេះ មាន​តែ​ចៅក្រម​តុលាការ​ប៉ុណ្ណោះ បាន​អាច​សាក​សួរ​ដឹង និង​កាត់​សេចក្ដី​បាន​ថា តើ​មនុស្ស​ទាំង​បី​នាក់​នោះ​ខុស ឬ​មួយ​ប៉ូលិស​ខុស​ក្នុង​ការ​ចាប់​អ្នក​ទាំង​បី តាម​ពាក្យ​ប្តឹង​របស់​អ្នក​ស្រុក និង​ពាក្យ​ប្ដឹង​របស់​ភរិយា​ជន​រង​គ្រោះ។

លោក សា វឿន អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ឃុំ​ដា ស្រុក​មេមត់​បាន​លើក​ឡើង​ថា អាជីព​របស់​លោក​បាន​ធ្លាក់​ចុះ​នៅ​ពេល​ដែល​ឃើញ​មាន​ជ្រូក​នាំ​ចូល​ពី​វៀតណាម តាម​ច្រក​ខ្នង​ក្រពើ​ច្រើន ហើយ​លក់​ក្នុង​តម្លៃ​ថោក​ជាង​ជ្រូក​ខ្មែរ​ក្នុង​ស្រុក។

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ប្រាប់​គ្រប់​ស្ថាប័ន​ឲ្យ​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​បរទេស ដើម្បី​ការ​ពារ​ជំងឺ​ឆ្លង​ថ្មី​ពី​ជ្រូក​ត្រចៀក​ខៀវ និង​ជំងឺ​ប៉េស្ត​ជ្រូក​ដោយ​ថ្មីៗ​នេះ គេ​បាន​រក​ឃើញ​ជំងឺ​នេះ​កើត​មាន​នៅ​លើ​សត្វ​ជ្រូក ពិសេស​គឺ​នៅ​ប្រទេស​វៀតណាម៕