លោក ចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតអង្គការអាដហុក បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ទាក់ទងនឹងករណីហ្នឹងគឺខាងតុលាការខេត្តកំពង់ឆ្នាំងគាត់បានអញ្ជើញប្រជាពលរដ្ឋដែលជាតំណាងទំនាស់ដីធ្លីនៅកំពង់ត្រឡាចហ្នឹង៣នាក់ដើម្បីឲ្យចូលខ្លួនទៅសាកសួរបំភ្លឺ។ តែផ្ទុយទៅវិញវាមិនអ៊ីចឹង វាបែរជាចាប់គាត់ដាក់ពន្ធនាគារទៅវិញ។ គាត់ចោទប្រកាន់ពីបទរំលោភលើកម្មសិទ្ធិអ្នកដទៃ ហើយប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់ជាតំណាងឲ្យប្រជាពលរដ្ឋជាង១០០គ្រួសារផ្សេងទៀតទាក់ទងនឹងទំនាស់ដីប្រមាណជា៦៤ហិកតារនៅកំពង់ត្រឡាច»។
លោកបានមានប្រសាសន៍ទៀតថា តុលាការច្រើនតែរកលេសដោយជនរងគ្រោះទៅបំភ្លឺហើយក៏ចាប់ខ្លួន។
លោក ចាន់ សូវ៉េត បានបញ្ជាក់ថា ៖ «ខ្ញុំគិតថា បញ្ហានេះវាជាចំណុចសំខាន់ គឺតុលាការមិនគួរណាធ្វើការរឿងហ្នឹងទេ គឺធ្វើយ៉ាងម៉េចដើម្បីឲ្យមានការស្រាវជ្រាវ ហើយរកម្ចាស់ដីហ្នឹងឲ្យច្បាស់សិន ឃើញថាអ្នកហ្នឹងជាម្ចាស់ដីពិតប្រាកដសិន សឹមប្ដឹងទៅខាងព្រហ្មទណ្ឌជាក្រោយ តែផ្ទុយទៅវិញពួកគេគេអនុវត្តតាមរបៀបប្រើប្រាស់កម្លាំងអំណាចរបស់តុលាការមកធ្វើការចាប់ប្រជាពលរដ្ឋរឿងបញ្ហាទំនាស់ដីធ្លីនេះ»៕
