មនុស្ស​៣​នាក់​នៅ​តាខ្មៅ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍

តំណាង​ប្រជា​ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ រស់​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​ការ​ពារ​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ជា​មួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កញ្ញា។

តំណាង​ប្រជា​ពល​រដ្ឋ​ស្រុក​កណ្ដាល​ស្ទឹង លោក ជា ហ៊ី ដែល​មាន​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា មេធាវី​សមាគម​អាដហុក​បាន​សុំ​ពន្យារ​ពេល​កោះ​ហៅ​នោះ ប៉ុន្តែ​ស្រាប់​តែ​នៅ​ម៉ោង​ជិត ២​រសៀល លោក វ៉ន វ៉ុន អាយុ​៤៥​ឆ្នាំ ត្រូវ​មន្ត្រី​អាវុធហត្ថ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​មក​ចាប់​ខ្លួន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ។

លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​ដីកា​ចោទ​នោះ មិន​ត្រឹម​ត្រូវ​តាម​សាច់​រឿង​ទំនាស់​ដីធ្លី​នោះ​ទេ ក្នុង​ដីកា គេ​ដាក់​ទីតាំង​ដី​ទំនាស់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ ដែល​មិន​មែន​ជា​កន្លែង​ដី​មាន​ទំនាស់​នៅ​ក្នុង​ឃុំ​ជើង​កើប ឃុំ​ព្រែក​ហូរ និង​ឃុំ​កណ្ដោក ដែល​ប្រជា​ពល​រដ្ឋ​បាន​តវ៉ា​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល ជុំវិញ​ការ​ចាប់​ខ្លួន​ប្រជា​ពល​រដ្ឋ​ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៤ សីហា។

លោក ជា ហ៊ី បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​កំពុង​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ធ្វើ​ការ​តវ៉ា​ពី​ករណី​ចាប់​ខ្លួន​តំណាង​របស់​ពួក​គេ​ដាក់​គុក​នេះ៕