មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូរស្មាច់ បានឱ្យដឹងថា ទាហានថៃ នៃស្រុកភ្នំដងរែក ខេត្តសុរិន្ទ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ៣នាក់ជាថ្មីទៀត កាលពីរាត្រីថ្ងៃទី២២ ខែកុម្ភៈ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលបាននាំគ្នាលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីថៃនោះ។
លោក ពៅ ផេង អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូស្មាច់ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ថា កាលពីវេលាម៉ោងជាង ៣ និង ៣០នាទីរសៀលថ្ងៃដដែល ក្រុមការងាររបស់លោកបានទទួលយកសាកសពប្រជាពលរដ្ឋខ្មែរ ៣នាក់ ដែលទាហានថៃ បានដឹកតាមរថយន្តមកប្រគល់ឱ្យក្រុមគ្រួសាររបស់គេវិញ។
លោក ពៅ ផេង៖ «ខ្ញុំបានទំនាក់ទំនងទៅខាងថៃ ខ្ញុំទទួលសពយកមក។ បាញ់យប់មិញហ្នឹងឯង ឥឡូវសពយើងទៅទទួលបាន។ ខ្ញុំទំនាក់ទំនងបានតែសពហ្នឹង ដើម្បីយកឱ្យមកក្រុមគ្រួសារ»។
មន្ត្រីទំនាក់ទំនងព្រំដែនបានឱ្យដឹងថា សាកសពបុរសខ្មែរដែលស្លាប់ដោយសារទាហានថៃបាញ់នោះ គឺឈ្មោះ សឿន សៀប អាយុ ៣០ឆ្នាំ ឈ្មោះ ម៉េង ធី អាយុ ២៨ឆ្នាំ និងឈ្មោះ វ៉ាន់ គ្លី អាយុ ១៩ឆ្នាំ។
ប្រជាពលរដ្ឋខ្មែរទាំង ៣នាក់នោះ គឺជាអ្នកភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អ្នកទាំង ៣ត្រូវបានគេដឹងថា បានឡើងភ្នំលួចឆ្លងដែនចូលទៅរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ ជាមួយក្រុមអ្នកភូមិទាំងអស់មានគ្នាចំនួន ១៧នាក់ នៅម្ដុំប្រាសាទខ្នារ ជិតតំបន់ព្រំដែននៃប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល។
លោក ស្រី ណារេន ជាអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ថា តាមតួលេខត្រួសៗ ចាប់តាំងពីអំឡុងខែមករា មកដល់ត្រឹមថ្ងៃទី២៣ ខែកុម្ភៈ គឺមានប្រជាពលរដ្ឋខ្មែរចំនួន ៨នាក់បានស្លាប់ ដោយសារទាហានថៃបាញ់រះនៅពេលឆ្លងដែនទៅកាប់ឈើខុសច្បាប់។
លោក ស្រី ណារេន បានមានប្រសាសន៍ថា អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមានការភ្ញាក់ផ្អើលចំពោះតួលេខប្រជាពលរដ្ឋខ្មែរដែលស្លាប់ ដោយសារតែទាហានថៃបាញ់នោះ ពីព្រោះតួលេខ ២ខែនៃឆ្នាំ២០១២ នេះគឺមានចំនួនកើនឡើងច្រើនបើប្រៀបធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅ គឺមានចំនួនអ្នកស្លាប់ ១៣នាក់នោះ។
លោក ស្រី ណារេន៖ «យើងដាក់ការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះប្រសិនបើប្រជាពលរដ្ឋហ្នឹងគាត់នៅតែមានការឆ្លងដែនលួចទៅរកឈើអ៊ីចឹងទៀត អាហ្នឹងអាចនឹងមានគ្រោះថ្នាក់កើនជាងហ្នឹងទៅទៀត ហើយសមត្ថកិច្ចជួយឱ្យមានវិធានការតឹងរ៉ឹងមែនទែន ចំពោះប្រជាពលរដ្ឋនៅតាមព្រំដែន ដែលគាត់តែលួចឡើងទៅហ្នឹង ហើយមួយទៀតសុំឱ្យខាងរដ្ឋាភិបាលហ្នឹងទប់ស្កាត់ជាមួយពួកឈ្មួញដែរ»។
កាលពីថ្ងៃទី១០ កុម្ភៈ កន្លងទៅ ប្រជាពលរដ្ឋខ្មែរនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន ៣នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន នៅពេលលួចឆ្លងដែនចូលទៅកាប់ឈើក្នុងដីថៃ នៃខេត្តស៊ីសាកេត ហើយទើបប្រទះនឹងកងទាហានការពារព្រំដែនថៃបាញ់រះនោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលផ្ដន្ទាទោសអ្នកបាញ់ក្មេងស្រីនៅក្រចេះ
រដ្ឋាភិបាលគ្រោងបញ្ជូនជនជាតិចិនតៃវ៉ាន់៤៩នាក់ទៅចិនវិញ
រថយន្តចង្កូតស្ដាំបន្តនាំចូលគេចពន្ធនៅតាមព្រំដែនខ្មែរ-ថៃ
សង្គមស៊ីវិល៖ ការបង្ក្រាបពលរដ្ឋនៅក្រចេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
មនុស្សម្នាក់ស្លាប់ក្នុងពេលប៉ះទង្គិចរឿងជម្លោះដីនៅក្រចេះ
បក្សប្រឆាំងចោទថាការគំរាមកំហែងកម្រើកឡើងវិញមុនពេលបោះឆ្នោត
ពលរដ្ឋចោទប៉ូលិសស្រុកបាទីថាដោះលែងជនសង្ស័យលួចគោ
សកម្មជនបក្សសមរង្ស៊ីដែលគេគំរាមសម្លាប់បារម្ភពីសុវត្ថិភាព
ពលរដ្ឋនៅខេត្តពោធិ៍សាត់៖ នាយប៉ុស្តិ៍ឃុំអន្លង់ត្នោត អនុញ្ញាតឲ្យមានវង់ល្បែង
មន្ត្រីខ្មែរស្នើថៃឲ្យឈប់បាញ់សម្លាប់ពលរដ្ឋរបស់ខ្លួន
មតិ
Click here to add your own comment