យោធិន​ពិការ​៣​នាក់​ត្រូវ​តុលាការ​កំពង់ធំ​ដោះលែង​វិញ​ហើយ ក្រោយ​ការ​ឃាត់​ខ្លួន​មួយ​រយៈ

យោធិន​ពិការ​ចំនួន ៣​នាក់ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​នៃ​ខេត្ត​កំពង់ធំ​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ខេត្ត​កំពង់ធំ​ឃុំ​ខ្លួន​សួរ​ចម្លើយ​ក្រោម​បទ​សង្ស័យ​ថា បាន​កាប់​ទន្រ្ទាន​ព្រៃ​ឈើ​ខុស​ច្បាប់​កាល​ពី​ពេល​ថ្មី​ៗ​នោះ ត្រូវ​បាន​តុលាការ​ខេត្ត​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​ចោទ​ប្រកាន់។

0:00 / 0:00

ការ​ដោះលែង​នោះ​បាន​ធ្វើ​ទ្បើង​កាល​ពី​ថៃ្ង​ច័ន្ទ​កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​មិន​ទាន់​មាន​មេធាវី​ការពារ​ក្តី​នៅ​ទ្បើយ​ទេ។ យោធិន​ពិការ​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ ថាច់ សារិន ឈ្មោះ ប៉ូ គីន និង​ឈ្មោះ ម៉ាត់ ម៉ារ៉េត។

លោក ថាច់ សារិន អាយុ ៤០​ឆ្នាំ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កណ្តាល ជា​យោធិន​ពិការ​នៃ​សមាគម​អភិវឌ្ឍន៍​យោធិន​ពិការ​នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ​នេះ​ថា ៖ «ខ្ញុំ​មាន​សេចក្ដី​រីករាយ​ខ្លាំង​ណាស់ ដែល​ច្បាប់​ស្រុក​យើង​បាន​គាំទ្រ​មនុស្ស​ដែល​ធ្វើ​អ្វី​ដែល​អត់​មាន​ខុស​អី​សោះ ហើយ​គេ​ធ្វើ​ទៅ​តាម​លក្ខណៈ​ច្បាប់​គ្រប់គ្រាន់​ត្រឹមត្រូវ។ ខ្ញុំ​ទៅ​បម្រើ​ការងារ​នៅ​កន្លែង​តំបន់​អភិវឌ្ឍន៍​យោធិន​ពិការ​វិញ​ដដែល​ទេ»

លោក ម៉ាត់ ម៉ារ៉េត យោធិន​ពិការ​ម្នាក់​ទៀត​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ៖ «ត្រេក​អរ​ខ្លះ​ដែរ ហើយ​ចំពោះ​ការ​ដែល​ខំ​តស៊ូ​ទឹក​ដី​នេះ ដើម្បី​យោធិន​ពិការ ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​អស់​ហ្នឹង។ ឥឡូវ​គេ​ដោះលែង ខ្ញុំ​អត់​មាន​ទោស​ពៃរ៍​អី​ទេ។ ខ្ញុំ​នឹង​ប្រឹង​អភិវឌ្ឍ​នៅ​ទឹក​ដី​ហ្នឹង​បន្ត​ទៅ​ទៀត»

កាល​ពី​ថៃ្ង​ទី​២២ ខែ​តុលា​នេះ យោធិន​ពិការ ៣​នាក់ ត្រូវ​បាន​កង​កម្លាំង​នគរបាល​ចម្រុះ​និង​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​ខេត្ត​កំពង់ធំ ចាប់​នាំ​ខ្លួន​ពី​សមាគម​អភិវឌ្ឍន៍​យោធិន​ពិការ​ក្នុង​ខេត្ត​កំពង់ធំ ប្រគល់​ឲ្យ​តុលាការ​ខេត្ត​ដើម្បី​សាកសួរ​ចម្លើយ​ក្រោម​បទ​សង្ស័យ​ថា បាន​កាប់​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​បន្ទាយ​រងៀង ស្រុក​សន្ទុក ខេត្ត​កំពងធំ។

មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ​ចំពោះ​មន្រ្តី​តុលាការ​ខេត្ត​កំពង់ធំ​និង​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​នេះ ដើម្បី​សុំ​សេចក្តី​ពន្យល់​និង​ប្រតិកម្ម​ជុំវិញ​ការ​ដោះលែង​យោធិន​ពិការ​ទាំង ៣​នាក់​ខាង​លើ​នេះ​ឲ្យ​មាន​សេរីភាព​វិញ​នោះ។

លោក អ៊ុន ថាណន់ មន្រ្តី​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តុលាការ​ខេត្ត​បាន​ដោះលែង​មនុស្ស ៣​នាក់​នោះ​ឲ្យ​មាន​សេរីភាព​ជា​ស្ថាពរ ប៉ុន្តែ​យោធិន​ពិការ​ចំនួន ៣​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។

លោក អ៊ុន ថាណន់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សមាគម​គាត់​មាន​ការអន្តរាគមន៍​មក​ពី​លើ មិន​ដឹង​មក​ពី​ណា​ខ្លះ​ទេ អ៊ីចឹង​ទៅ​ខាង​តុលាការ គាត់​ធ្វើ​ដីកា​មួយ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ មិន​មែន​ថា ដោះលែង​ទាំង​អស់​គ្នា​ទេ ៦​នាក់​ហ្នឹង គឺ ៣​នាក់ ដោះលែង​ជា​ស្ថាពរ ហើយ ៣​នាក់​ទៀត ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន»

លោក​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក សមាគម​អភិវឌ្ឍន៍​យោធិន​ពិការ​នោះ ត្រូវ​បាន​ទទួល​ស្គាល់​និង​អនុញ្ញាត​ជា​ផ្លូវការ​រួច​ហើយ​ដោយ​ក្រសួង​មហាផ្ទៃ ប៉ុនែ្ត​គេ​នៅ​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឡើយ ចំពោះ​ទីតាំង​នៃ​សមាគម​នេះ ទើប​មាន​ការចាប់​ឃាត់​ខ្លួន​សមាជិក​មួយ​ចំនួន​នៃ​សមាគម​នេះ​ក្រោម​បទ​ចោទ​ថា បាន​កាប់​ទន្រ្ទាន​ព្រៃ​ឈើ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ទីតាំង​នៃ​សមាគម​នោះ៕