ជនជាតិ​ព្នង​៣​នាក់​នៅ​មណ្ឌលគិរី​ស្លាប់​បន្ត​បន្ទាប់​គ្នា​ដោយ​មិន​ដឹង​ថា​ឈឺ​អ្វី

អ្នក​ភូមិ​ជនជាតិ​ដើម​ព្នង​ចំនួន ៣​នាក់ នៅ​ភូមិ​ពូរពេត ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​ស្លាប់​ភ្លាមៗ​ដោយ​ជំងឺ​មិន​ដឹង​មុខ ក្នុង​រយៈពេល ២​ថ្ងៃ​កន្លង​មក​នេះ។

0:00 / 0:00

អ្នក​ភូមិ​ពូរពេត ឃុំ​ក្រុង​តេស ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កំពុង​មាន​ការ​ភ័យ​បារម្ភ​ក្រោយ​ពី​មាន​កុមារ​ចំនួន ២​នាក់ និង​មនុស្ស​ចាស់​ម្នាក់​បាន​ឈឺ​ស្លាប់​ភ្លាមៗ ដោយ​មិន​ដឹង​មូលហេតុ កាល​ពី​ថ្ងៃ​ទី​១៩ និង​ល្ងាច​ថ្ងៃ​ទី​២០ មីនា​កន្លង​មក​នេះ ដោយ​មិន​អាច​បញ្ជូន​ទៅ​រក​ការ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ទាន់​ឡើយ។

មេ​ឃុំ​ក្រុងតេស លោក ត្រេក សុផុន ដែល​កំពុង​ជួយ​ធ្វើ​ក្តារ​មឈូស​ឲ្យ​សព​អ្នក​ភូមិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា មាន​កុមារី​ម្នាក់​ឈ្មោះ រិន វ៉ាន់ឌីស អាយុ ៦​ឆ្នាំ បាន​ស្លាប់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា បុរស​អាយុ ៤៩​ឆ្នាំ​ម្នាក់ ឈ្មោះ ប្រែ តេន ក៏​បាន​ឈឺ​ស្លាប់​ភ្លាម​ដែរ បន្ទាប់​មក​កុមារា​ម្នាក់​ទៀត​អាយុ ៨​ឆ្នាំ ឈ្មោះ ពេជ ភារិទ្ធ បាន​ឈឺ​ស្លាប់​ភ្លាមៗ​ដែរ​នៅ​ល្ងាច​ថ្ងៃ​ដដែល។

លោក ត្រេក សុផុន បាន​ឲ្យ​ដឹង​ថា ៖ «ឥឡូវ​ស្លាប់​អស់ ៣​នាក់​ហើយ។ ម្សិលមិញ​ស្លាប់​មួយ យប់​មិញ​ម៉ោង​១០ ស្លាប់​មួយ​ហើយ ល្ងាច​មិញ​ស្លាប់​មួយ​ទៀត។ ឥឡូវ​កំពុង​ធ្វើ​ក្ដារ​មឈូស រវល់​បន្តិច!»

លោក ត្រេក សុផុន បញ្ជាក់​ថា ស្ថានភាព​អ្នក​ស្លាប់​ទាំង​នោះ​មិន​មាន​ឈឺ​ពី​មុន​មក​សោះ ប៉ុន្តែ​ថ្ងៃ​កើត​ហេតុ​គ្រាន់តែ​ចាប់​ឈឺ​ភ្លាម​ក៏​ស្លាប់​ភ្លាម មិន​ដឹង​ថា​ជា​ជំងឺ​អ្វី។

លោក ត្រេក សុផុន បញ្ជាក់​ថា ៖ «អង្គុយ​សុខ​ទៅៗ ស្រាប់តែ​ឆួល​មក ត្រជាក់​ជុំវិញ​ក្បាល​ពោះ ស្រាប់តែ​រមួល​ៗ​ពោះ​ទៅ ហើយ​ចាប់ផ្ដើម​ចង់​ក្អួត ស្រាប់តែ​ព្រឺ​ខ្លួន​ទាំង​អស់ ត្រជាក់​ជើង ត្រជាក់​ដៃ​ទាំង​អស់​អ៊ីចឹង! អត់​មាន​ក្ដៅ អត់​មាន​អី​ទេ ប៉ុន្តែ​ខ្ញុំ​ពិបាក​ដែរ អា​ហ្នឹង​យើង​មើល​ពី​ក្រៅ​ណា៎!»

គ្រូ​បង្រៀន​ម្នាក់​រស់​នៅ​ភូមិ​ពូរពេត គឺ​លោក រឿន សារួន មាន​ប្រសាសន៍​ថា ថ្ងៃ​នេះ​អ្នក​ភូមិ​កំពុង​រៀបចំ​ធ្វើ​បុណ្យ​បញ្ចុះ​សព​អ្នក​ទាំង​នោះ។ ក្រោយ​ចប់​បុណ្យ ចាស់​ទុំ​ភូមិ​នឹង​ប្រជុំ​អំពី​គម្រោង​រើ​ភូមិ ថា​តើ​នឹង​ត្រូវ​រើ​ភូមិ​ចេញ ឬ​ក៏​យ៉ាង​ណា ព្រោះ​អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លាប់​ផ្ទួនៗ​បែប​នេះ។

លោក​បាន​បន្ត​ទៀត​ថា អ្នក​ភូមិ​មាន​កំហឹង និង​ចោទ​ក្រុមហ៊ុន ខូវជីនី ដែល​មក​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ​ថា បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​កប់​ខ្មោច និង​ដី​ព្រៃ​អារ័ក្ស​របស់​ពួក​គាត់​ប្រមាណ ៥​ហិកតា ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​គ្រោះថ្នាក់​កើត​ឡើង។

លោក រឿន សារួន បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​គាត់​ពិភាក្សា​គ្នា​ថា នាំ​គ្នា​ចាកចេញ​ពី​ភូមិ​នេះ បើ​ស្លាប់​នោះ​ស្លាប់! តាម​ស្ថានភាព​ចាស់ៗ​គាត់​និយាយ គាត់​ថា ក្រុមហ៊ុន​ហ្នឹង​កាប់​ដើម​ឈើ​ធំ​ៗ មនុស្ស​ដែល​ស្លាប់​ដូច​ដើម​ឈើ​ដែល​គេ​កាប់​អ៊ីចឹង!»

ការ​ឈឺ​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ជំងឺ​ពិត​ប្រាកដ​នេះ មន្រ្តី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​មណ្ឌលគិរី លោក សម សារិន បាន​អំពាវនាវ​ថា សូម​ឲ្យ​ខាង​សុខាភិបាល​ជួយ​ចុះ​ទៅ​ពិនិត្យ​សាកសព​ជា​បន្ទាន់។

លោក សម សារិន បាន​ថ្លែង​ថា ៖ «ប្រាប់​ពេទ្យ ត្រូវតែ​ពិនិត្យ​ទៅ​លើ​សាកសព ថា​តើ​ស្លាប់​ដោយសារ​អី? ហើយ​តាម​មូលហេតុ​អី? អា​ហ្នឹង​សំខាន់ ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ»

ប្រធាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី លោក ឡេក សុវណ្ណារ័ត្ន មាន​ប្រសាសន៍​ថា តំបន់​នោះ​សំបូរ​គ្រុន​ចាញ់​នា​ពេល​កន្លង​មក ដោយឡែក​ចំពោះ​ករណី​ស្លាប់​មនុស្ស ៣​នាក់​ចុង​ក្រោយ​នេះ លោក​មិន​ទាន់​បាន​ដំណឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​ឲ្យ​ខាង​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជំងឺ និង​ការ​ស្លាប់ ក្រោយ​ពី​ទទួល​ដំណឹង​បែប​នេះ។

ភូមិ​ពូរពេត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​មក មាន​អ្នក​ភូមិ​ចំនួន ៤​នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ត​បន្ទាប់​គ្នា ស្រដៀង​នឹង​ករណី​ដែល​កើត​ឡើង​នេះ​ដែរ ហើយ​ការ​ស្លាប់​ទាំង​នោះ​មិន​ត្រូវ​បាន​ខាង​សុខាភិបាល​ស្រាវជ្រាវ​បញ្ជាក់​មូលហេតុ​នោះ​ទេ៕