ប្រធានការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ នេត្រ វន្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច អគ្គីភ័យនេះបង្កឡើងដោយទុស្សេខ្សែភ្លើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃសៅរ៍ ទី១៦ មករា។
លោក នេត្រ វន្ថា បានឲ្យដឹងដូច្នេះ ៖ «ករណីអគ្គីភ័យនៅកន្លែងនេះ គឺផ្ដើមឡើងដោយលោក គង់ សាលី មុខរបរជាពេទ្យយោធា ផ្ទះលេខ145Eo ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ផ្ទះអ្នកជិតខាងមានរងគ្រោះដែរ សុទ្ធតែផ្ទះថ្មខាងក្រោមឈើលើ ដូច្នេះព្រមគ្នាគឺឆេះខ្ទេចតែម្ដង។ ឥឡូវជាក់ស្ដែងសរុបទាំងអស់អត់ដឹងថាប៉ុន្មានគ្រួសារទេ ចាំមើលយើងធ្វើជាមួយប៉ុស្ដិ៍មួយសាទៀតសិន។ ជាក់ស្ដែងផ្ទះដែលខូចខាតនេះគឺ៣ល្វែង ផ្នែកខាងឆេះដំបូងហ្នឹង...»។
ម្ចាស់ដេប៉ូឈើម្នាក់ដែលនៅជាប់ផ្ទះដែលភ្លើងឆេះស្ថិតនៅបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជិតមន្ទីរពេទ្យលោកសង្ឃ មានប្រសាសន៍ថា សំណាងដែរបានឡានទឹកមកទាន់ដេប៉ូឈើរបស់លោកឆេះនៅសល់ខ្លះ ៖ «ខូចខាតប្រហែលជា៤០% ព្រោះបានឡានទឹកជួយទាន់ បើអត់ឡានទឹកឆេះម៉ត់អស់ហើយ ទៅយកអីកើតបើឈើធ្ងន់»។
ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះលេខ១៤៥ ផ្លូវ១៦០ កែងផ្លូវ២៧១ លោក គង់ សាលី មិនអធិប្បាយជុំវិញគ្រោះអគ្គីភ័យដែលបង្កចេញពីផ្ទះលោកនេះទេ។
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បានមានប្រសាសន៍នៅកន្លែងកើតហេតុឲ្យដឹងដែរថា នាដើមឆ្នាំថ្មីនេះ នៅរាជធានីភ្នំពេញ គ្រោះអគ្គីភ័យធំៗបានបង្កឡើងជាង១០ករណីទៅហើយ ហើយករណីទាំងនោះភាគច្រើនបង្កឡើងដោយទុស្សេខ្សែភ្លើងនិងភ្លើងធូបទៀនជាដើម។
ទាក់ទិននឹងបញ្ហានេះ លោក ទូច ណារ៉ុថ បានអំពាវនាវដល់ប្រជាពលរដ្ឋដូច្នេះថា ៖ «ខ្ញុំតែងតែសំណូមពរប្រជាពលរដ្ឋថា រឿងថ្ងៃសីលសូមឲ្យគាត់ប្រយ័ត្នរឿងដុតធូបដុតទៀន ឆេះមែន ក៏ប៉ុន្តែសមត្ថកិច្ចយើងមកទាន់។ ខ្ញុំសូមសំណូមពរថា រដូវនេះរដូវរាំងស្ងួត ហើយធ្លាក់ខ្យល់ អ៊ីចឹងបានថាសូមឲ្យប្រជាពលរដ្ឋប្រយ័ត្នរឿងភ្លើងទៀនធូបដែលលោកអុជ ជាពិសេសថ្ងៃសីលហ្នឹងទី១។ ទី២ សូមឲ្យពិនិត្យមើលចរន្តអគ្គិសនីនៅក្នុងផ្ទះយើងនោះ យូរហើយ ចាស់ហើយ ដូច្នេះយើងត្រូវផ្លាស់ប្ដូរយ៉ាងម៉េច? ដូចជាថ្ងៃនេះ ឬម្សិលមិញសុទ្ធតែឆ្លងចរន្តអគ្គិសនី ដូច្នេះយើងត្រូវពិនិត្យមើលថា តើគួរដូរចរន្តយ៉ាងម៉េចឲ្យថ្មី កុំឲ្យមានការឆ្លងចរន្តធ្វើឲ្យមានអគ្គីភ័យកើតឡើង»។
កាលពីឆ្នាំ២០០៨ សហគមន៍ក្រីក្រមួយស្ថិតនៅទល់មុខកន្លែងកើតហេតុដោយភ្លើងឆេះនៅថ្ងៃសៅរ៍ ទី១៦ មករានេះ ក៏ត្រូវអគ្គីភ័យឆេះបំផ្លាញអស់ជាង៥០០ខ្នងដែរ៕
