លោក មាស ច័ន្ទតារា អាយុ៤៤ឆ្នាំ បម្រើការនៅអង្គភាពកាសែតប្រព័ន្ធយុត្តិធម៌ក្នុងចំណោមអ្នកកាសែតទាំង៣បានផ្តល់សម្ភាសន៍ផ្ទាល់ថា រថយន្តទួរីសមួយគ្រឿងផ្ទុកឈើប្រណីតបម្រុងបើកចេញពីឃ្លាំងស្តុក នៅផ្លូវលំសំពោច ភូមិស្រែរនាម ឃុំឃ្សឹម ពួកលោកក៏ទៅសាកសួរ បន្ទាប់មកហេតុការណ៍ក៏កើតមានឡើង។
លោក មាស ច័ន្ទតារា មានប្រសាសន៍ដូច្នេះ ៖ «ឡានកាមរីស៊េរី៩៥ ពណ៌ទឹកប៊ិច បានបើកយ៉ាងលឿនមកបុកក្បាលឡានរបស់ខ្ញុំខាងឆ្វេង រួចបើកយ៉ាងលឿនសំដៅទៅមុខបាត់។ ឡានពីរគ្រឿងស្ទាក់ឡានរបស់ខ្ញុំនៅចំណុចភ្នំព្រិច ប៉ុន្តែត្រូវឡានដេញស្ទាក់ ខ្ញុំត្រឡប់ទៅក្រោយវិញ ត្រូវបានឡានចំនួន៤គ្រឿង ក្មេងទំនើងប្រហែលជាជាង១០នាក់ បុកកម្ទេចឡានរបស់ខ្ញុំយ៉ាងឃោរឃៅបំផុត ក្រោមការបញ្ជារបស់លោក ហឿន ប៉ុនប៉ងផ្ដាច់ជីវិតរបស់ខ្ញុំទាំងអស់គ្នា។ យើងខ្ញុំបានទំនាក់ទំនងទៅលោកអភិបាលខេត្តនិងខាងស្នងការ និងអធិការនគរបាលស្រុកដើម្បីជួយអន្តរាគមន៍ឲ្យចាកផុតពីការប៉ុនប៉ងសម្លាប់របស់ក្មេងទំនើងនោះ ក្រោមបញ្ជារបស់ថៅកែឈើដែលរកស៊ីខុសច្បាប់ឈ្មោះ ហឿន នេះ»។
លោក មុត សាវី មន្ត្រីយោធាព្រំដែនវរៈ២០៤ ដែលត្រូវចោទប្រកាន់ថា ជាម្ចាស់ឃ្លាំងស្តុកឈើប្រណីតបានបដិសេធថា ផ្ទះលោកគ្រាន់តែធ្វើរបងជិតការពារក្របី គោប៉ុណ្ណោះ ពុំមែនជាឃ្លាំងស្តុកឈើឡើយ តែពេលដែលលោកនិងភរិយាមិននៅលោក ឈន ហឿន បានលួចដឹកឈើទៅទម្លាក់នៅទីនោះ។
លោក មុត សាវី បានបដិសេធដូច្នេះថា ៖ «ខ្ញុំធ្វើរបងព័ទ្ធជុំវិញ ដល់អ៊ីចឹង ហឿន ហ្នឹងឃើញដីខ្ញុំមានរបងគេក៏លួចទម្លាក់ឈើហ្នឹងទៅ ហើយពេលទៅដឹកអីហ្នឹងខ្ញុំក៏អត់ដឹង អត់ប្រាប់ខ្ញុំទេ ហើយអាសូរតែដាក់ឈើអីហ្នឹងឲ្យលុយកាក់ទៅ អត់ដែលបានមួយរៀលផង»។
អ្នកនៅទីនោះបានបញ្ជាក់ថា គេបានស្គាល់ច្បាស់ថា ឈ្មោះ ឈន ហឿន នោះ ជាយោធាមានតែឈ្មោះយកស្លាកដើម្បីរកស៊ីឈើយ៉ាងជំនាញដោយគ្មានក្រែងនរណាឡើយ ប៉ុន្តែក្នុងការទំនាកទំនងតាមទូរស័ព្ទលេខ ០១២ ៦៩១ ១៥១ ឈន ហឿន បានឲ្យភរិយានិយាយថា ឈន ហឿន មិននៅផ្ទះរវល់ចេញទៅក្រៅ។
លោក មាស ច័ន្ទតារា បានឲ្យដឹងបន្ថែមថា អ្នកស្រុកបានប្រាប់លោកថា មានរថយន្តដឹកឈើជាច្រើនកំពុងបំផ្លាញផ្លូវនៅទីនោះឲ្យខ្ទេចខ្ទាំអស់។
ស្នងការប៉ូលិសខេត្តបានឲ្យដឹងថា លោកនឹងធ្វើការស៊ើបអង្កេតនៅពេលណាពាក្យបណ្តឹងនោះមកដល់ដៃលោក។ ឯប៉ូលិសស្រុកស្នួល បាននិយាយក្រៅថា ក្រុមអ្នកកាសែតទាំងនោះបានទៅទារប្រាក់ពីអ្នករកស៊ីឈើនោះមិនបានក៏បើករថយន្តតាមរថយន្តដឹកឈើនោះ ដែលជាហេតុនាំឲ្យពួកនោះខឹងហើយក៏ប្រព្រឹត្តបែបនេះឡើង។
កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានដល់មន្ត្រីប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់តាំងពីលើដល់ក្រោម ឲ្យឈប់រកស៊ីកាប់ឈើនិងកុំឲ្យការពារអ្នករកស៊ីកាប់ឈើនេះ៕
