ខ្មែរ​ក្រោម​៣​នាក់​កំពុង​លាក់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​វៀតណាម

ខែ្មរ​កម្ពុជា​ក្រោម ៣​នាក់ ផែ្អក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​គេច​ពី​ការ​តាមដាន​និង​ការ​ស្វែងរក​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​វៀតណាម​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។

0:00 / 0:00

ប្រភព​ជា​សាក្សី​ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​មនុស្ស​ទាំង ៣​នាក់​នោះ បាន​ឲ្យ​ដឹង​ថា ខែ្មរ​កម្ពុជា​ក្រោម​ទាំង​៣​នាក់​នោះ ធ្លាប់​បាន​បម្រើ​ក្នុង​ចលនា​កងទ័ព​វៀតណាម​សេរី ហៅ​ថា ធៀវគី កាល​ពី​សម័យ​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​១៩៧៥ គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ក្រុង​ហាណូយ។

ពួកគេ​កំពុង​តែ​រង​ការសង្ស័យ​ថា បាន​បម្រើ​ចលនា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​ដោយសារ​តែ​ពួកគេ​មិន​បាន​បង្ហាញ​ខ្លួន​និង​សារភាព​ជា​ចំហ​ទៅ​អាជ្ញាធរ​វៀតណាម​កាល​ពី​ពេល​កន្លង​មក។

លោក ថាច់ ឈួនយ៉ាត ជា​សមាជិក​របស់​អង្គការ​ខែ្មរ​កម្ពុជា​ក្រោម​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «អ្នក​ដែល​ខ្ញុំ​បាន​ជួប​ហ្នឹង គាត់​និយាយ​ថា អ៊ីចេះ គាត់​ថា អតីត​ទាហាន​ជំនាន់​រដ្ឋការ ធៀវគី ហើយ​ដល់​ពេល​ឆ្នាំ ៧៥ មក​ហ្នឹង គេ​ច្រើន​ទៅ​សារភាព​ជម្រាប​ទៅ គេ​យក​ទៅ​ជំរំ​កែប្រែ​អ៊ីចឹង ហើយ​ដល់​គាត់ គាត់​អាង​ធ្វើ​ទាហាន​នៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក​អ៊ីចឹង គាត់​លាក់​ខ្លួន គាត់​អត់​ទៅ​សារភាព​ទេ។ ហើយ​ដល់​ពេល​ថ្មីៗ​នេះ គេ​ដឹង​ថា គាត់​ធ្វើ​ទាហាន​អ៊ីចឹង​ទៅ មាន​គេ​ប្រាប់​ថា គេ​នឹង​ចាប់​គាត់​ហើយ ព្រោះ​គាត់​លាក់​ខ្លួន មាន​គោល​បំណង​មិន​ល្អ អ៊ីចឹង​គាត់​រត់​គេច»

លោក​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ប្រទេស​កម្ពុជា បាន​បដិសេធ​មិន​ទទួល​យក​អ្នក​ទាំង​នោះ ក្នុង​ឋានៈ​ជា​អ្នក​សែ្វងរក​សិទ្ធិ​ជ្រកកោន​ផែ្នក​នយោបាយ​ទៅ​កាន់​ប្រទេស​ទី​៣។

ទាក់ទង​នឹង​បញ្ហា​នេះ លោក Toshi Kavayochi ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់ UNHCR ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អង្គការ UNHCR គ្មាន​គោលការណ៍​រើស​អើង​អ្វី​នោះ​ទេ ប៉ុនែ្ត​ផ្អែក​តាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង UNHCR បាន​ចែង​ថា ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជន​ជាតិ​ខែ្មរ​ផង​ដែរ ដូច្នេះ​ហើយ​អង្គការ UNHCR ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ទទួល​ស្គាល់​តែ​ជន​ជាតិ​ដទៃ​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ប៉ុណ្ណោះ។

លោក ទ្រីញ បាកាំ មន្រ្តី​អ្នកនាំ​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​ការ​គេច​ខ្លួន​របស់​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣​នាក់​ខាង​លើ​នេះ​ថា ៖ «តាម​ពិត នៅ​វៀតណាម មាន​អ្នក​ដែល​ធ្លាប់​បម្រើការ​នៅ​ក្នុង​របប ធៀវ ពី​មុន ប៉ុន្តែ​គាត់​រត់​ទៅ​អាមេរិក ក៏​មាន​ខ្លះ ឥឡូវ​គាត់​មក​រកស៊ី ឬ​ក៏​មក​សួរ​សុខទុក្ខ​គ្រួសារ​គេ​នៅ​វៀតណាម​ដែរ​តើ គេ​មាន​ហាម​ឃាត់​ឯណា»

គ្មាន​ប្រតិកម្ម​ភ្លាមៗ​នៅ​ទ្បើយ​ទេ​ពី​មន្រ្តី​នៃ​អាជ្ញាធរ​កម្ពុជា​ចំពោះ​ការ​លាក់​ខ្លួន​នៃ​ជនជាតិ​ខែ្មរ​កម្ពុជា​ក្រោម​ខាង​លើ​នេះ។

សូម​រំឭក​ថា សកម្មជន​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​ខែ្មរ​កម្ពុជា​ក្រោម​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​តែង​តែ​រិះគន់​និង​ចោទ​ប្រកាន់​ថា អាជ្ញាធរ​វៀតណាម​បិទ​សិទ្ធិ​សេរីភាព​និង​គាប​សង្កត់​ជំនឿ​សាសនា​និង​ប្រពៃណី​ខែ្មរ​និង​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម៕