ក្រុមគ្រួសារដែលមានសមាជិកត្រូវសមត្ថកិច្ចចាប់ខ្លួននិងអ្នកភូមិប្រមាណ៧០នាក់មកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងលើកគ្នាមកខេត្តសៀមរាប ដើម្បីទាមទារឲ្យតុលាការខេត្តនេះដោះលែងអ្នកភូមិ៣នាក់ដែលរងការចោទប្រកាន់ពីបទកាប់រានព្រៃឈើរបស់រដ្ឋដើម្បីយកដី។
ស្ត្រីឈ្មោះ មឿន ហៀក បានមានប្រសាសន៍ថា ប្តីរបស់គាត់ឈ្មោះ ឆើត ឆុង និងកូនប្រុសឈ្មោះ ឆុង ឆៃ ជាមួយនឹងកូនប្រសាប្រុសម្នាក់ទៀតឈ្មោះ វិត ម៉េង ត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែង ចាប់បញ្ជូនខ្លួនមកតុលាការខេត្តសៀមរាប កាលពីថ្ងៃទី១ ខែមករា។
ស្រ្តីដដែលបានមានប្រសាសន៍ថា មន្ត្រីបរិស្ថានតំបន់នោះបានចោទប្រកាន់ប្តីនិងកូនរបស់គាត់ថា បានកាប់ឈើខុសច្បាប់ ប៉ុន្តែគាត់បដិសេធថា ប្តីនិងកូនរបស់គាត់មិនបានធ្វើខុសទេ។
ស្រ្ដីឈ្មោះ មឿន ហៀក បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំទាមទារឧឲ្យដោះលែងប្តីខ្ញុំវិញ ប្រជាជនទាំងអស់គ្នាក៏អត់សុខចិត្តទេ។ ប្រជាជនមកពេញនេះឯង គេមិនសុខចិត្ត គេទាមទារយកតែពីបាន»។
ទោះយ៉ាងណាមន្ត្រីបរិស្ថាននៃឧទ្យានុរក្សការពារព្រៃឈើប្រចាំតំបន់នោះ មិនបានអធិប្បាយបញ្ហានោះទេ។
លោក ខេង សុជាតិ នាយផ្នែកកម្រងបរិស្ថាននៃឧទ្យានុរក្សដែនគូលែនព្រហ្មទេព គ្រាន់តែមានប្រសាសន៍ថា អ្នកភូមិទាំង៣ដែលសមត្ថកិច្ចបានចាប់ខ្លួន ពិតជាមានពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើរបស់រដ្ឋមែន ប៉ុន្តែក្រៅពីនោះ លោកមិនអធិប្បាយទេ ដោយថា ជាប់រវល់ប្រជុំ ៖ «បាទរុករានមែន បងសួរខាងរដ្ឋបាលព្រៃឈើទៅ ព្រោះឥឡូវហ្នឹងខ្ញុំជាប់រវល់ប្រជុំ»។
អ្នកស្រី មឿន ហៀប បានមានប្រសាសន៍ទៀតថា ប្តីគាត់គ្រាន់តែបានកាប់ឈើនៅលើដីទំហំក្បាល៣០ម៉ែត្រគុណនឹង២០០ម៉ែត្រ ដែលជាដីកម្មសិទិ្ធរបស់គាត់។ ដីកម្មសិទ្ធិនោះគឺគាត់បានទិញតម្លៃ១.០០០ដុល្លារពីមន្ត្រីបរិស្ថានម្នាក់ឈ្មោះ រី ហេង ដែលជាកូនចៅរបស់លោក ខេង សុជាតិ នោះ កាលពីឆ្នាំ២០០៧កន្លងមក។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប លោក សួស ណារិន បានមានប្រសាសន៍ថា លោកបានរកឃើញឯកសារដែលប្រជាពលរដ្ឋនោះបានទិញដីព្រៃមែន ដោយមានអាជ្ញាធរភូមិចុះហត្ថលេខាទទួលស្គាល់ផង ប៉ុន្តែបើមន្ត្រីបរិស្ថានយកដីព្រៃទៅលក់ឲ្យប្រជាពលរដ្ឋដូចការអះអាងនោះមែន គឺមន្ត្រីបរិស្ថាននោះក៏មានកំហុសដែរ។
លោក សួស ណារិន មានប្រសាសន៍ដូច្នេះ ៖ «កន្លែងហ្នឹងយើងដឹងហើយថា វាជាភូមិថ្មី ហើយតំបន់ដែលទៅចាប់រានហ្នឹងវាសុទ្ធតែដីព្រៃដែលរដ្ឋការពារ ប៉ុន្តែរឿងហ្នឹងយើងមើលទៅវាឃើញខុសទាំងសងខាង។ មន្រ្តីបរិស្ថានមិនត្រូវយកដីព្រៃទៅលក់ឲ្យពលរដ្ឋ ហើយវាទៅជារឿងឆបោកគាត់ ព្រោះគាត់មានលិខិតស្នាម មានលិខិតលក់ទិញអីហ្នឹងស៊ីញ៉េដោយមេភូមិ ប៉ុន្តែមេឃុំអត់មានទេ»។
មន្ត្រីការពារសិទ្ធិមនុស្សបានឲ្យដឹងថា គេនឹងជួយជ្រោមជ្រែងផ្តល់មេធាវីឲ្យប្រជាពលរដ្ឋដើម្បីតតាំងរឿងក្តីនោះ៕
