សាក្សី៖ លោក ម៉ម សូណង់ដូ ជាប់​ពាក់ព័ន្ធ​នឹង​លោក សួន សេរីរដ្ឋា

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​នីតិវិធី​បើក​សវនាការ​លើ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ដល់​ថ្ងៃ​ទី​៣​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កញ្ញា នេះ។
ដោយ ទេព សុរ៉ាវី
2012-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ចេញ​ពី​សវនាការ ៣០៥
លោក ម៉ម សូណង់ដូ ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Tep Soravy

សវនាការ​លើ​ករណី​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ ចៅក្រម​នៅ​តែ​បន្ត​សាកសួរ​សាក្សី​ដាក់​បន្ទុក​ចំនួន​១២នាក់​ទៀត ក្នុង​នោះ​មាន​សាក្សី​ថ្មី ​២នាក់ ជា​សមត្ថកិច្ច។ ម្នាក់​ជា​នាយការិយាល័យ​ស្តីទី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ និង​ម្នាក់​ទៀត​ជា​អនុប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង នៃ​ក្រសួង​មហាផ្ទៃ។ អ្វី​ដែល​គេ​កត់​សម្គាល់​នោះ គឺ​សមត្ថកិច្ច​ទាំង​ពីរ​នាក់ បាន​អង្គុយ​ស្តាប់​អង្គ​សវនាការ​ចំនួន ​៣ថ្ងៃ​ជាប់​គ្នា ហើយ​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ថា ពួក​គាត់​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី។

សមត្ថកិច្ច​ម្នាក់​បាន​បំភ្លឺ​នៅ​តុលាការ​នៅ​ពេល​រសៀល ហើយ​បាន​បង្ហាញ​ភស្តុតាង​ជាច្រើន ដែល​ធ្វើ​ឲ្យ​មេធាវី​លោក ម៉ម សូណង់ដូ គឺ​លោក សុក សំអឿន ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ មិន​ត្រឹម​តែ​មេធាវី​ភ្ញាក់​ផ្អើល​ទេ គឺ​អ្នក​អង្គុយ​ស្តាប់​សវនាការ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ នូវ​ភស្តុតាង​ថ្មី​នោះ​ដែរ។ ភស្តុតាង​នោះ គឺ​កំពុង​ទាញ​យក​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​លោក សួន សេរីរដ្ឋា។

លោក លូ រ៉ាបូ អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង នៃ​ក្រសួង​មហាផ្ទៃ ដែល​បំភ្លឺ​នៅ​តុលាការ ប្រាប់​សវនាការ​ថា គាត់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​សកម្មភាព​របស់​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​ប្រទេស ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​មាន​ការ​សហការ​ជាមួយ​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

លោក សួន សេរីរដ្ឋា បាន​បង្កើត​ចលនា​មួយ​នៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល។ រដ្ឋាភិបាល​បាន​ចាត់​ទុក​លោក សួន សេរីរដ្ឋា ជា​ជន​ឧក្រិដ្ឋ​រំលោភ​សិទ្ធិ​មនុស្ស។ លោក សួន សេរីរដ្ឋា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស។

លោក លូ រ៉ាបូ បាន​បង្ហាញ​ភស្តុតាង​មួយ​ចំនួន​ដែល​បាន​មក​ពី​វេបសាយ (website) របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ដល់​ចៅក្រម រួម​មាន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិនា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ជួប​លោក សួន សេរីរដ្ឋា ហើយ​បាន​យក​លុយ​ពី សួន សេរីរដ្ឋា ទៀត។ នៅ​ថ្ងៃ​ទី​១២ ខែ​មិនា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ ទៅ​សហរដ្ឋអាមេរិក ជួប​លោក សួន សេរីរដ្ឋា។ លិខិត​អញ្ជើញ​មួយ​ទៀត លោក សួន សេរីរដ្ឋា និង​លោក ម៉ម សូណង់ដូ បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​ប្រជុំ​មួយ​នៅ​អាមេរិក ដើម្បី​ចូល​រួម​ស្តាប់​ការ​ពន្យល់​ដោះស្រាយ​នយោបាយ ដើម្បី​រំដោះ​ខ្មែរ​ចេញ​ពី "នឹម​អាណានិគម​យួន​ក្រុង​ហាយណួយ"

ព្រះរាជ​អាជ្ញា​បាន​ចាប់​អារម្មណ៍​នូវ​ភស្តុតាង​ថ្មី​នេះ និង​បាន​សួរ​ដេញ​ដោល​ច្រើន ទៅ​លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​ទំនាក់​ទំនង​របស់​លោក ជាមួយ​ឈ្មោះ សួន សេរីរដ្ឋា។

លោក សុខ សំអឿន មេធាវី​ការពារ​ក្តី​លោក ម៉ម សូណង់ដូ បាន​ចោទ​ជា​សំណួរ​ក្នុង​សវនាការ​ថា ករណី​លោក សួន សេរីរដ្ឋា ជា​រឿង​ថ្មី​មួយ​សុទ្ធសាធ គ្មាន​បទ​ចោទ​ទាក់​ទង​នឹង​លោក ម៉ម សូណង់ដូ ទេ ហើយ​ការ​យក​រឿង​លោក សួន សេរីរដ្ឋា មក​ដាក់​ឲ្យ​ពាក់ព័ន្ធ​នោះ តើ​ចង់​បន្ថែម​បទ​ចោទ​គាត់ ឬ​យ៉ាង​ណា?

ទោះ​ជា​យ៉ាង​ណា លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចៅក្រម​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​ថា គាត់​ធ្លាប់​លឺ​ឈ្មោះ សួន សេរីរដ្ឋា ដោយ​រដ្ឋាភិបាល​ខ្មែរ​ចោទ​ថា សួន សេរីរដ្ឋា ជា​ក្រុម​អាវ​លឿង អាវ​ក្រហម​ស្អី​គេ​នោះ។ ក្នុង​នាម​គាត់​ជា​អ្នក​យក​ព័ត៌មាន គាត់​ចង់​ដឹង និង​បាន​ណាត់​លោក សួន សេរីរដ្ឋា នៅ​ថៃ ដើម្បី​ចង់​ដឹង​ថា តើ​ដំណើរ​របស់​ចលនា សួន សេរីរដ្ឋា ធ្វើ​ទៅ​ដោយ​សន្តិភាព ឬ​ដោយ​ហិង្សា។ លោក​ប្រាប់​ថា គាត់​បាន​ទទួល​លុយ​ពី​លោក សួន សេរីរដ្ឋា ពិត​មែន តែ​លុយ​នោះ​យក​ទៅ​ទិញ​ម៉ាស៊ីន​បូម​ទឹក​ឲ្យ​ប្រជាពលរដ្ឋ។

គាត់​ប្រាប់​ទៀត​ថា គាត់​ទៅ​សហរដ្ឋអាមេរិក​ជួប​ឈ្មោះ សួន សេរីរដ្ឋា តប​តាម​ការ​អញ្ជើញ​របស់ សួន សេរីរដ្ឋា ដែល​ឲ្យ​គាត់​ចូល​រួម​ខួប​២ឆ្នាំ នៃ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។ ហើយ​រាល់​ព័ត៌មាន​ការ​ជួប​ជាមួយ​លោក សួន សេរីរដ្ឋា ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​កម្មវិធី​ក្នុង​វិទ្យុ​របស់​គាត់ ដោយ​គ្មាន​លាក់​លៀម នៃ​ជំនួប​ជាមួយ​លោក សួន សេរីរដ្ឋា នោះ​ទេ។ លោក ម៉ម សូណង់ដូ បញ្ជាក់​ថា ការ​សហការ​ជាមួយ​គ្នា តែ​គោលដៅ និង​នយោបាយ​ខុស​គ្នា។ សួន សេរីរដ្ឋា ចង់​ពង្រឹង​ចលនា​អំណាច​ពលរដ្ឋ។ តែ​គាត់​ចង់​ស្គាល់​តែ​ពលរដ្ឋ​នៅ​អាមេរិក ហើយ​គាត់​មិន​បាន​ដើរ​តួនាទី​ជា​រដ្ឋាភិបាល និង​ប្រឆាំង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។

លោក លូ រ៉ាបូ អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​តុលាការ​ថា ការ​ចូល​រួម​របស់​ពួក​គាត់ សមត្ថកិច្ច​ចាត់​ទុក​ថា​ជា​ការ​ប្រឆាំង​រដ្ឋាភិបាល។ លោក ម៉ម សូណង់ដូ សហការ​ជាមួយ​លោក សួន សេរីរដ្ឋា ហើយ​បាន​បង្កើត​រឿង​នៅ​ភូមិ​ប្រម៉ា។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដែល​តុលាការ​ទាញ​យក​លោក ម៉ម សូណង់ដូ ភ្ជាប់​ទៅ​នឹង​លោក សួន សេរីរដ្ឋា ថា លោក ម៉ម សូណង់ដូ ទាក់​ទង​នឹង​លោក សួន សេរីរដ្ឋា នៅ​ឯ​បរទេស ក្នុង​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ពិសេស​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​សវនាការ​នេះ បាន​ចាត់​ទុក​ថា តុលាការ​បាន​ទាញ​ការ​ចោទ​សួរ​លោក ម៉ម សូណង់ដូ នៅ​ក្នុង​សវនាការ ភ្ជាប់​ទៅ​នឹង​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នោះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ទេ។

សូម​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក អ៊ួ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពី​ករណី​នេះ៖

សាក្សី​១រូប​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ខេត្ត​ក្រចេះ ក្នុង​ចំណោម​សាក្សី​ចំនួន​២៤​រូប គឺ​លោកស្រី ស្រេង ផូ បាន​ឲ្យ​ដឹង​ថា លោកស្រី​មក​ធ្វើ​ជា​សាក្សី​ឲ្យ​ស្វាមី​របស់​លោកស្រី ដែល​តុលាការ​ចាប់​ដាក់​គុក ជាប់​ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​អបគមន៍​ជាមួយ​លោក ប៊ុន រដ្ឋា នោះ​ថា ស្វាមី​របស់​គាត់​ឈ្មោះ កាន់ សុវណ្ណ បាន​ស្គាល់ ប៊ុន រដ្ឋា នៅ​ពេល​លោក ប៊ុន រដ្ឋា បាន​ទាម​ទារ​ដីធ្លី​ពី​ក្រុមហ៊ុន​កាសូទីម (Kasotim) ដែល​បាន​រឹបអូស​ដី​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ មិន​ជាប់​ទាក់ទង​ដូច​តុលាការ​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

លោកស្រី ស្រេង ផូ បាន​អះអាង​ថា លោកស្រី​មិន​ដែល​ស្គាល់​លោក ម៉ម សូណង់ដូ នោះ​ទេ ហើយ លោក ប៊ុន រដ្ឋា ក៏​មិន​ដែល​បបួល ឬ​បង្ខំ​លោកស្រី ឬ​ស្វាមី​របស់​លោកស្រី​ឲ្យ​ចូល​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​ លោក ម៉ម សូណង់ដូ នោះ​ដែរ។

សូម​ស្ដាប់​បទ​សម្ភាសន៍​របស់​អ្នកនាង សុ ជីវី ជាមួយ​លោកស្រី ស្រេង ផូ អំពី​បញ្ហា​នេះ៖

ក្រុម​អ្នក​គាំទ្រ លោក ម៉ម សូណង់ដូ នៅ​តែ​បន្ត​ការ​ទាមទារ​នៅ​ខាង​មុខ​វត្ត​ព្រះពុទ្ធ ក្បែរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ នៃ​សវនាការ​កាត់​ទោស​រូប​លោក និង​អ្នក​ពាក់ព័ន្ធ។ ពួក​គាត់​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​នៃ​ការ​តវ៉ា​របស់​ពួក​គេ​ដោយ​លើក​បដា​បែរ​ទៅ​រក​រង្វង់​មូល​នាង​គង្ហីង​វិញ គឺ​មិន​លើក​បែរ​សំដៅ​ទៅ​ខាង​មុខ​របាំង​របស់​សមត្ថកិច្ច ដូច​កាល​ពី​ថ្ងៃ​ទី១ និង​ថ្ងៃ​ទី២ ឡើយ។ ពួក​គាត់​ធ្វើ​បែប​នេះ គឺ​ចង់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​មើល​ឃើញ​ខ្លឹមសារ​ដែល​សរសេរ​នៅ​លើ​បដា​ទាំង​នោះ មាន​ដូច​ជា សុំ​ឲ្យ​តុលាការ​ឯករាជ្យ ជួយ​រក​យុត្តិធម៌​ជូន​លោក ម៉ម សូណង់ដូ សុំ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ វិញ និង​បញ្ឈប់​អំពើ​ហិង្សា​ជាដើម។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី អំពី​ករណី​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ចាំមើល

អ្នកដឹកនាំពូកែ ធ្វើអោយរាស្តរស់នៅសុខសាន្ត មិន មានការភិតភ័យ បើជាអ្នកដឹកនាំធ្វើអោយរាស្តក្ស័យ កុំដើរអួត..ហា.....!

Sep 20, 2012 11:38 PM

អ្នក​អាន​អនាមិក

There is a saying that it is right to arrest and kill 10 people by mistake rather that letting a single person flee. That is why a lot of innocent people were arrested and sent to jail through the corrupt court. Cambodians mentally and physically hurt because of this amazing government. They all humans but I wonder how could they act like this. What can they bring with them when they pass away from this world? It is nothing but it their fame, evil fame. May Buddha bless all Cambodians live in peace and prosperity.

Sep 15, 2012 01:45 AM

Titu Lee

ពី phnom penh

Ou Vireak is very correct to say, smart people get no chance in Cambodia and only low level buy family or obey of Hun Sen got good job.

Sep 14, 2012 12:26 AM

កូនខ្មែរ

ពី ភ្នំពេញ

តាមខ្ញុំយល់ នេះគឺជាគំនិតរបស់លោកហ៊ុន សែនទេ ពីព្រោះគាត់មិនដែលចង់ឃើញអ្នកណា ដែលលេចធ្លោជាងគាត់ ដែលគេវាយតម្លៃថាជាអ្នកប្តជាធិបតេយ្យជាងគាត់ ដូច្នេះហើយបានជាសូម្បីតែអំណោយ ដែលកូនចៅ ឬអ្នកក្រោមបង្គាប់គាត់ជាអ្នកចេញលុយយកទៅចែកឲ្យប្រជាជន ក៏ត្រូវតែដាក់ឈ្មោះគាត់ដែរ បើពុំដូច្ចេះទេ នឹងត្រូវដកចេញពីតួនាទី។

Sep 13, 2012 11:53 PM

Roth

ពី WA

Morm Sonando could be released tomorrow if he turned his Sombok Khmum radio to support CPP and government. People, dont even dream that Cambodian court is independent, ever. Cambodian court is spoiled by power and money, the way it works is POWER+MONEY=WIN.

Sep 13, 2012 11:15 PM

មើល​មតិ​ទាំង​អស់.