ជនជាតិ​ព្នង​៣​នាក់​នៅ​មណ្ឌលគិរី​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​សម្លាប់​មនុស្ស

ប៉ូលិស​ខេត្ត​មណ្ឌលគិរី​បាន​ចាប់​ខ្លួន​ជនជាតិ​ព្នង​បី​នាក់​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​កាលពី​ថ្ងៃ​ទី​៨ តុលា ពី​បទ​សង្ស័យ​ថា​បាន​សម្លាប់​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ចោទ​ប្រកាន់​ថា​ចេះ​អំពើ​ធ្មប់​អាប។

0:00 / 0:00

ស្នងការ​ប៉ូលិស​ខេត្ត​គឺ​លោក ញ៉ែម វណ្ណី បាន​ផ្ដល់​សម្ភាសន៍​កាលពី​ថ្ងៃ​ទី​៨ តុលា ថា ជនជាតិ​ភាគតិច​បី​នាក់​នៅ​ឃុំ​រ៉ឺយ៉ ស្រុក​កោះញែក ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន និង​ម្នាក់​ទៀត​កំពុង​ស្វែងរក​ចាប់​ខ្លួន​ពី​បទ​បាន​ធ្វើ​ឃាត​ទៅ​លើ​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ឃុំ​ស្រែសង្គម ស្រុក​កោះញែក​ដែរ ដោយ​ចោទ​ប្រកាន់​ថា​មក​ពី​ចេះ​ធ្មប់​អាប។

លោក ញ៉ែម វណ្ណី បាន​ឲ្យ​ដឹង​ថា ៖ «ម្សិលមិញ​ហ្នឹង​យើង​ចាប់​បាន ២ ស្អែក​ឡើង​យើង​ដំណើរការ​សួរ បាន​ឆ្លើយ​ដាក់​ម្នាក់​ទៀត។ ម្សិលមិញ​ហ្នឹង​យើង​ត្រឡប់​ទៅ​ដល់​ស្រុក​កោះញែក ចាប់​បាន​ម្នាក់​ទៀត។ តាម​ចម្លើយ​របស់​ពីរ​នាក់​ហ្នឹង​ថា​នៅ​មាន​ម្នាក់​ទៀត ប៉ុន្តែ​ម្នាក់​ហ្នឹង​រត់​ចូល​ព្រៃ​បាត់​ហើយ ហើយ​ខ្ញុំ​កំពុងតែ​ដាក់​កម្លាំង​តាម»

ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ស្រែសង្គម​បាន​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​បី​នាក់​នោះ និង​ពី​សកម្មភាព​នៃ​ការសម្លាប់​នោះ​ថា ដោយសារតែ​មាន​សាក្សី​ជា​ជនជាតិ​ខ្មែរ​នៅ​ទី​នោះ​បាន​បំភ្លឺ​ទើប​ចាប់​បាន។

លោក ញ៉ែម វណ្ណី បាន​បញ្ជាក់​ថា ៖ «ចាប់​បាន​មុខសញ្ញា​បី​នាក់​ហើយ មួយ​ឈ្មោះ ទុន ញ៉ង អាយុ​២១, ជុំ ហត់, គិត ស្លេះក្លែប អាយុ​៣១​ឆ្នាំ។ លើក​ទី​១​ចាប់​បាន​ពីរ​នាក់ ទី​៦ ខែ​១០ ហើយ​ម្នាក់​ទៀត​ចាប់​ពី​ថ្ងៃ ៧ ម្សិលមិញ វា​ធ្វើ​ឃាត​ថ្ងៃ​ទី​៥ ខែ​៩ ហើយ​វា​ទុក​លើ​ផ្ទះ​មួយ​ថ្ងៃ ម៉ោង​១០​យប់​បាន​វា​យក​ទៅ​កប់ អ៊ីចឹង​ប្រជាពលរដ្ឋ​យើង​សង្ស័យ​ការផឹក​ស៊ី ដល់​ពេល​វា​សែង​ទៅ​កប់ មាន​គ្នា​ចំនួន​៥​នាក់។ ឥឡូវ​យើង​តាម​រក​មុខ​សញ្ញា​ពីរ​នាក់​ទៀត​ហើយ។ ខ្មោច​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ជា​៣០០​ម៉ែត្រ»

ឱក ឌឿន អាយុ​៣៦​ឆ្នាំ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៤ កញ្ញា នៅ​ពេល​ដែល​ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​រ៉ឺយ៉​កិន​ស្រូវ​និង​រក​ទិញ​មាន់​សម្រាប់​ធ្វើ​ម្ហូប​ដើម្បី​ពឹងពាក់​អ្នក​ជិតខាង​ឲ្យ​ជួយ​ស្ទូង​ស្រូវ ក្រោយ​មក​ក៏​ឮ​ដំណឹង​ថា​មាន​គេ​សម្លាប់​តែ​រក​សាកសព​មិន​ឃើញ។

ប៉ុន្តែ​ស្នងការ​ប៉ូលិស ញ៉ែម វណ្ណី បាន​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​គេ​នាំ​ឲ្យ​ទៅ​ចង្អុល​កន្លែង​កប់​សាកសព ឱក ឌឿន កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ដើម្បី​គាស់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​បូជា​នៅ​ទី​នោះ​តែម្ដង។

សូម​ជម្រាប​ថា កាលពី​៧​ឆ្នាំ​មុន​ប្អូន​ប្រុស​របស់ ឱក ឌឿន ក៏​ត្រូវ​បាន​ជនជាតិ​ភាគតិច​សម្លាប់​នៅ​ឃុំ​រ៉ឺយ៉​នេះ​ដែរ​ដោយ​ចោទ​ពី​បទ​ចេះ​អាប​ធ្មប់​ដូច​គ្នា ដែល​អធិការ​ស្រុក​កោះញែក​គឺ​លោក ម៉ែន សាវន់ បាន​អះអាង​ថា ទម្លាប់​របស់​ជនជាតិ​តែ​ថា​ចេះ​អំពើ​អាប​ធ្មប់​ហើយ​តែងតែ​តាម​សម្លាប់​ផ្ដាច់​ពូជ ដែល​បញ្ហា​នេះ​មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​វីជីឡែន គឺ​លោក អែម វាសនា បាន​អះអាង​ថា អាប​ធ្មប់​ពុំ​មាន​ច្បាប់​ណា​ចែង​ដាក់​ជា​កម្មវត្ថុ​សម្រាប់​សម្លាប់​ឡើយ។

ស្នងការ​ប៉ូលិស​ខេត្ត លោក ញ៉ែម វណ្ណី បាន​អះអាង​ថា ជន​សង្ស័យ​ដែល​សម្លាប់​លោក ឱក ឌឿន នេះ ប្រហែល​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ការសម្លាប់​របស់​ប្អូន​លោក ឱក ឌឿន កាលពី​៧​ឆ្នាំ​មុន​ដែរ ដូច្នេះ​ក្រោយពី​ការចង្អុល​បង្ហាញ​កន្លែង​គាស់​សាកសព​ហើយ ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​បំពេញ​សំណុំ​បែបបទ​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់៕