តុលាការ​ខែត្រ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​ឃុំ​មនុស្ស​៣​នាក់​លើស​នីតិ​វិធី

តុលាការ​ខេត្ត​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា បាន​ឃុំ​ខ្លួន​មនុស្ស ៣​នាក់​លើស​នីតិ​វិធី​អស់​រយៈពេល​ដល់​ជិត ៣​ឆ្នាំ ដោយ​ពុំ​បាន​នាំ​ជន​សង្ស័យ​ក្នុង​ករណី​ជួញដូរ​ថ្នាំ​ញៀន និង​អំពើ​ចោរកម្ម​យក​មក​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ឡើយ។

0:00 / 0:00

លោក អំ សំអាត ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​កុម្ភៈ ថា លោក ជា វណ្ណៈ អាយុ ២៧​ឆ្នាំ, លោក វិត ប្រាក់ អាយុ ៣២​ឆ្នាំ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០០៧ ទាក់ទិន​ទៅ​នឹង​ករណី​ថ្នាំ​ញៀន និង​លោក កាន់ ផាត អាយុ ៥០​ឆ្នាំ ត្រូវ​គេ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០០៧ ដូច​គ្នា ទាក់ទិន​ទៅ​នឹង​ករណី​ចោរកម្ម។

លោក អំ សំអាត បាន​បញ្ជាក់​ថា ៖ «អ៊ីចឹង​ការ​ឃុំ​ខ្លួន បើសិន​តុលាការ​រក​អី​មិន​ទាន់​ឃើញ​ទេ​ត្រូវតែ​ដោះលែង​ជន​ជាប់​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​សិន ពីព្រោះ​មិន​អាច​ឃុំ​គេ​ខុស​ទៅ​នឹង​នីតិ​វិធី​ទេ»

លោក​បន្ត​ថា ជន​សង្ស័យ ៣​នាក់​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត ៣​ឆ្នាំ​មិន​បាន​នាំ​មក​ជំនុំ​ជម្រះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា តាម​អំណាច​ច្បាប់​បទ​ឧក្រិដ្ឋ​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​រយៈពេល ១៨​ខែ ប៉ុន្តែ​លើស​ពី ១៨​ខែ ការ​ឃុំ​ខ្លួន​នោះ​គឺ​ជា​រឿង​ខុស​ច្បាប់។

លោក អាំង មាលតី ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ ប៉ុន្តែ​លោក សូ វ៉ាត ជា​ព្រះរាជអាជ្ញា បាន​មាន​ប្រសាសន៍​ថា មិន​ទាន់​ដឹង​ពី​ករណី​នេះ​ទេ។

លោក អាំង មាលតី បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​ហ្នឹង​ខ្ញុំ​អត់​ទាន់​ដឹង​យ៉ាង​ម៉េច​ទេ ទាល់​តែ​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ អា​ហ្នឹង​ខ្ញុំ​ស្រួល​ត្រួត​ពិនិត្យ»

លោក ជួប ម៉ៅ ឪពុក​ជន​សង្ស័យ​ឈ្មោះ ជា វណ្ណៈ រស់​នៅ​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា កូន​គាត់ និង​មិត្តភ័កិ្ត​កូន​ឈ្មោះ វ៉ិត ប្រាក់ ត្រូវ​គេ​ឃុំ​ច្រើន​ឆ្នាំ​ដោយ​ពុំ​មាន​ការ​ជំនុំ​ជម្រះ​ឡើយ ៖ «ចាប់​ទៅ​គេ​អត់​ព្រម​កាត់​ទោស គេ​អត់​ព្រម​អី​ទេ! បើ​ថា កាត់​ទោស​ថា តើ​វា​អាច​ជាប់​យូរ​ប៉ុណ្ណា អា​នោះ​ស្រណុក​ដឹង​ឮ!»

ចំណែក​ឯ​លោក​ស្រី ជា សុខងីម ត្រូវ​ជា​ប្អូន​លោក កាន់ ផាត បាន​មាន​ប្រសាសន៍​ថា គាត់​ចំណាយ​លុយ​ជាង ១​ពាន់​ដុល្លារ​ឲ្យ​ទៅ​មន្ត្រី​តុលាការ​ដើម្បី​ពន្លឿន​រឿង​ក្តី​បង​ប្រុស​គាត់ តែ​មិន​ត្រូវ​បាន​គេ​នាំ​យក​មក​ជំនុំ​ជម្រះ​ក្តី​ឡើយ។

លោក​ស្រី ជា សុខងីម បាន​អះអាង​ថា ៖ «គេ​និយាយ​ឡើង និយាយ​តែ​រឿង​លុយ ទោះ​បី​ដាក់​លុយ​ក៏​មិន​បាន​ផង។ ទៅ​ព្រះរាជអាជ្ញា​អស់ ៣៥០​ដុល្លារ ប្រគល់​លុយ​ឲ្យ​លោក ហង់ សាមឿន តែម្តង។ អស់​សា​ក្រោយ​គិត​ថា​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ អស់​ជាង ៣០០​(ដុលា្លរ)​ទៀត អស់​ជាង ១​ពាន់»

ជន​សង្ស័យ​ទាំង ៣​នាក់​ខាង​លើ​បច្ចុប្បន្ន​ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​អស់​រយៈពេល​ជិត ៣​ឆ្នាំ គឺ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០៧ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១០ ដោយ​ពុំ​មាន​បើក​ការ​ជំនុំ​ជម្រះ​ក្តី។

អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​ជន​សង្ស័យ​ដាក់​ពាក្យ​ប្តឹង​តាម​ផ្លូវ​ច្បាប់​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ពិនិត្យ​មើល​នីតិ​វិធី​របស់​ចៅក្រម​នីមួយៗ ដើម្បី​ដាក់​ពិន័យ​ចំពោះ​ករណី​ដែល​តុលាការ​ឃុំ​ខ្លួន​មនុស្ស​ខុស​ច្បាប់៕