កម្មករ​រោង​ចក្រ​កាត់​ដេរ​៤០០​នាក់​សន្លប់​នៅ​ខេត្ត​កំពង់ឆ្នាំង

រយៈ​ពេល ២​ថ្ងៃ​ជាប់ៗ​គ្នា កម្មករ​ប្រមាណ ៤០០​នាក់​នៅ​រោង​ចក្រ​មួយ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ឈ្មោះ​រោង​ចក្រ​កាត់​ដេរ អ៊ឹម​វ៉េ​កាត់​ដេរ​អន្តរ​ជាតិ លីមីធិត (M&V INTERNATIONAL MANUFACTURING LTD.) បាន​ដួល​សន្លប់​ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ។

0:00 / 0:00

កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​អ៊ឹម​វ៉េ​កាត់​ដេរ​អន្តរ​ជាតិ​លីមីធិត ជិត​២០០​នាក់ បាន​ដួល​សន្លប់​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា បន្ទាប់​ពី​បាន​ចូល​ធ្វើ​ការ​ងារ​ជា​ថ្មី​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

កម្មការិនី​ឈ្មោះ ធារី អាយុ​២០​ឆ្នាំ ដែល​ទើប​ងើប​ពី​សន្លប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដំបូង គឺ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ម៉ាស៊ីន។ កម្មការិនី​រូប​នោះ​បន្ត​ថា បន្ទាប់​ពី​ស្នូរ​ផ្ទុះ គេ​ឃើញ​អ្នក​បច្ចេកទេស​ជន​ជាតិ​ចិន​យក​បំពង់​ពន្លត់​អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ភ្លើង។ នាង​បន្ត​ថា បន្ទាប់​មក​គេ​ឃើញ​ផ្សែង​ហុយ​ខ្មួល​ខ្មាញ់។ ក្លិន​ផ្សែង​នោះ​បាន​បណ្ដាល​ឲ្យ​កម្មករ កម្មការិនី​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ភ្លាមៗ ៖ «ខ្ញុំ​ស្រែក​ឲ្យ​ចេញ​ពី​អគារ​បើ​សិន​ជា​មិន​ចេញ​មាន​រឿង​អី​តំណាង​គេ​មិន​ដោះ​ស្រាយ​ឲ្យ​ទេ។ បាន​នាំ​គ្នា​រត់​ចេញ​គ្រាន់​តែ​មួយ​ភ្លែត​សោះ សន្លប់​ប្រហែល ២០​នាក់»

កាល​ពី​ថ្ងៃ​ទី​២០ សីហា កម្មករ​ជាង ២០០​នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់ អឹមវ៉េ (MV) ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​នេះ​ម្ដង​រួច​ទៅ​ហើយ។ តែ​ការ​សន្លប់​នៅ​ថ្ងៃ​ទី​២០​នេះ កម្មករ​រង​គ្រោះ​ហាក់​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ព្រឹក​ថ្ងៃ​២១​ឡើយ។

កម្មករសន្លប់២០០
ឡាន​ដឹក​កម្មករ​ដែល​សន្លប់​ចេញ​ពី​រោងចក្រ (Photo: RFA/Mondul Keo)

នៅ​ព្រឹក​ថ្ងៃ​២១ នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង គេ​សង្កេត​ឃើញ​កម្មការិនី​ជា​ច្រើន​នាក់ មាន​អាការៈ​ដង្ហក់​ខ្លាំង និង​ខ្លះ​ទៀត​ប្រកាច់​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ក្នុង​មន្ទីរ​ពេទ្យ​ទាំង​មូល​ច្របូក​ច្របល់។ គេ​ឮ​សម្រែក​ដង្ហោយ​ហៅ​គ្រូ​ពេទ្យ​ជួយ​យ៉ាង​កង​រំពង គួរ​ឲ្យ​តក់​ស្លុត និង​សង្វេគ​ចិត្ត ៖ «ហៅ​គ្រូពេទ្យ​មក... តាំង​ស្មារតី​ឡើង​កូន... យក​ទៅ​ពេទ្យ​ឯកជន​ទៅ​ម៉ែ​នៅ​ទី​នេះ​គ្រូ​ពេទ្យ​ជួយ​មិន​ទាន់​ទេ»

ការ​សន្និដ្ឋាន​ក្រៅ​ផ្លូវ​ការ​ពី​កម្មករ កម្មការិនី​ចំពោះ​ការ​ដួល​សន្លប់​របស់​ពួក​គេ​នោះ ថា​បណ្ដាល​មក​ពី​ជាតិ​គីមី​ម្យ៉ាង ដែល​គេ​ដាក់​ក្នុង​ក្រណាត់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​កណ្ដៀរ ឬ​សត្វ​ល្អិត​ផ្សេងៗ​បំផ្លាញ​ក្រណាត់។ ប៉ុន្តែ ថៅកែ​រោង​ចក្រ​អ៊ឹមវី​បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​ប្រចាំ​រោង​ចក្រ​នេះ គឺ​អ្នក​ស្រី ចាន់ ថន នៅ​ថ្ងៃ​ទី​២២ សីហា បាន​ពន្យល់​ថា ការ​សន្លប់​របស់​កម្មករ កម្មការិនី​ទាំង​ពីរ​ថ្ងៃ​នេះ គឺ​បណ្ដាល​មក​ពី​អារម្មណ៍​ភ័យ​ខ្លាច ពុំ​មែន​មក​ពី​ការ​ពុល​ជាតិ​គីមី​អ្វី​មួយ​នោះ​ទេ ៖ «ខ្ញុំ​ថា​ការ​សន្លប់​នេះ​មក​ពី​ភ័យ​តាម​គ្នា.... គ្មាន​ជាតិ​គីមី​អី​ទេ។ មក​ពី​ពួក​គាត់​ខ្សោយ​ស្រាប់»

ប៉ុន្តែ​កម្មការិនី​ឈ្មោះ ស្រី ល័ក្ខណ៍ អាយុ​១៨​ឆ្នាំ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​២១ សីហា​ថា នៅ​ថ្ងៃ​ទី​មួយ​នាង​គ្រាន់​តែ​ទទួល​អារម្មណ៍​វិល​មុខ ធេងធោង តែ​នៅ​ថ្ងៃ​ទី​២ គឺ​សន្លប់​តែ​ម្ដង។ នាង​អះអាង​មុន​នេះ​នាង​មាន​សុខភាព​មាំ​មួន មិន​ដែល​ឈឺ​ថ្កាត់ និង​សុំ​ច្បាប់​ឈប់​ម្ដង​ណា​ឡើយ ក្នុង​រយៈ​ពេល​ជិត ២​ឆ្នាំ​មក​ហើយ ដែល​នាង​បាន​ចូល​ធ្វើ​ការ​ងារ​ក្នុង​រោង​ចក្រ​អ៊ឹមវី​នេះ ហើយ​ក៏​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​ដោយ​ឃើញ​កម្មករ​ដូច​គ្នា​សន្លប់​នោះ​ដែរ។ ស្រី ល័ក្ខណ៍ បន្ត​ថា​ដំបូង​នាង​ទទួល​អារម្មណ៍​ណែន​ទ្រូង និង​វិល​មុខ រួច​បន្ទាប់​មក​ក៏​លែង​ដឹង​ខ្លួន​តែ​ម្ដង ៖ «ខ្ញុំ​កំពុង​អង្គុយ​អ៊ីចឹង ស្រាប់​តែ​ដូច​ជា​ថប់​ដង្ហើម តឹង​ទ្រូង​ហើយ​សន្លប់​តែ​ម្តង។ ខ្ញុំ​ទើប​តែ​ចូល​ឆែក​អាវ​មិន​ទាន់​រួច​មួយ​ផង ក៏​សន្លប់​មុន​គេ​ទៅ»

ប្រភព​ពី​ប្រធាន​សហ​ជីព​ឧស្សាហកម្ម​វាយនភណ្ឌ ប្រចាំ​រោង​ចក្រ​អ៊ឹមវ៉េ គឺ​អ្នក​ស្រី ជួប សំអុល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​សន្លប់​របស់​កម្មករ​ជាង ២០០​នាក់ នៅ​ថ្ងៃ​សុក្រ​ទី​២០ សីហា អ្នក​ស្រី​បាន​សំណូមពរ​ឲ្យ​កម្មករ​ផ្អាក​ការ​ងារ​សិន តែ​ភាគី​ខាង​រោង​ចក្រ​គេ​មិន​ព្រម ទើប​បណ្ដាល​ឲ្យ​កើត​មាន​ការ​សន្លប់​កម្មករ នា​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​សៅរ៍ ទី​២១ សីហា ចំនួន ១៦៥​នាក់​ថែម​ទៀត​យ៉ាង​ដូច្នេះ ៖ «ក្រុមហ៊ុន​ថា​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ តែ​ខ្ញុំ​បារម្ភ​ណាស់ ព្រោះ​គេ​មិន​ទាន់​បាន​ឲ្យ​ផ្នែក​ជំនាញ​មក​ពិនិត្យ​នៅ​ឡើយ។ខ្ញុំ​ខ្លាច​តែ​កម្មករ​សន្លប់​ដូច​ថ្ងៃ​មុន​ទៀត​ទេ»

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ប្រាក់ វ៉ុន មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ការ​អនុញ្ញាត ឬ​ការ​បញ្ជា​ណា​មួយ​ឲ្យ​ចុះ​ទៅ​វិភាគ​ស្រាវ​ជ្រាវ​ពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​កម្មករ កម្មការិនី សន្លប់​យ៉ាង​ច្រើន​ដូច្នេះ​នៅ​ឡើយ​ទេ។

ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត គឺ​លោក សូរិន្ទ ទីរ៉ាវុឌ្ឍី បាន​ពន្យល់​ពី​មូលហេតុ​ដែល​កម្មការិនី​មាន​អាការៈ​ប្រកាច់​នោះ​ថា ៖ «កម្មករ​ដែល​ប្រកាច់​ខ្ញូរ​ដៃ​ជើង​នោះ គឺ​មក​ពី​គាត់​ខ្វះ​ជាតិ​កាល់​ស្យូម។ រឿង​ជាតិ​ពុល​យ៉ាង​ណា​នោះ លុះ​ត្រា​តែ​ទៅ​ធ្វើ​ពិសោធ​ដល់​កន្លែង​កើត​ហេតុ​ទើប​ដឹង»

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពេញ វិបុល ដែល​បាន​ចុះ​ពិនិត្យ​ហេតុ​ការណ៍​ផ្ទាល់ នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត មាន​ប្រសាសន៍​ថា លោក​បាន​យល់​ស្រប​ដូច​លោក​អភិបាល​ខេត្ត ដោយ​សុំ​ឲ្យ​មន្ទីរ​ការ​ងារ​ខេត្ត​ពិភាក្សា​ជា​មួយ​ភាគី​រោង​ចក្រ ឲ្យ​កម្មករ​ផ្អាក​ការ​ងារ​ជា​បណ្ដោះ​អាសន្ន ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​សិក្សា​ពី​ហេតុ​ផល ដែល​បណ្ដាល​ឲ្យ​កម្មករ​សន្លប់​នោះ​សិន ចៀស​វាង​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​បន្ថែម​ទៀត ៖ «ខ្ញុំ​បាន​យល់​ស្រប​ជា​មួយ​លោក​អភិបាល​ខេត្ត​ថា ឲ្យ​កម្មករ​ឈប់​ជា​បណ្ដោះ​អាសន្ន ទម្រាំ​រក​ឃើញ​មូល​ហេតុ​ចាំ​ឲ្យ​ចូល​ធ្វើ​ការ​វិញ តែ​ខាង​រោង​ចក្រ​មិន​អនុវត្ត​តាម ទើប​មាន​រឿង​នៅ​ថ្ងៃ​បន្ទាប់»

ប៉ុន្តែ​ភាគី​រោង​ចក្រ​ចចេស​ទើប​កើត​មាន​ហេតុ​ការណ៍​កម្មការិនី​សន្លប់​នៅ​ថ្ងៃ​បន្ទាប់​ដូច្នេះ។ ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ថ្លែង​ថា បន្ទាប់​ពី​មាន​ការ​ដួល​សន្លប់​កម្មការិនី នៅ​ថ្ងៃ​សៅរ៍ ទី​២១ សីហា មន្ទីរ​បាន​សុំ​គោល​ការណ៍​បន្ទាន់​មួយ ពី​ក្រសួង​ផ្អាក​ដំណើរ​ការ​រោង​ចក្រ​នេះ​មួយ​រយៈ​ពេល​ខ្លី ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កម្មការិនី​ដួល​សន្លប់​រួច​រាល់​សិន ទើប​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ចូល​ធ្វើ​ការ​វិញ ៖ «លោក​អភិបាល​ខេត្ត​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ងារ​ថ្ងៃ​ច័ន្ទ​ថែម​មួយ​ថ្ងៃ​ទៀត ដើម្បី​ពិនិត្យ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​កម្មករ​សន្លប់​សិន។ ខាង​រោង​ចក្រ​គេ​យល់​ព្រម​ហើយ។ តែ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ធម្មតា ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ច័ន្ទ​ដដែល»

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ការ​ពារ​សិទ្ធិ​មនុស្ស ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា បាន​បន្ទោស​ចំពោះ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើ​កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា ជា​មូល​ហេតុ​នាំ​ទៅ​ដល់​ការ​សន្លប់​កម្មការិនី​រាប់​រយ​នាក់ នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​២១ សីហា ចំនួន​១៥៨​នេះ។

ប្រភព​ពី​សហជីព​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២២ សីហា ពុំ​ទាន់​មាន​ផ្នែក​ជំនាញ​ចុះ​ទៅ​ធ្វើ​ការ​វិភាគ ឬ​ធ្វើ​កោសល្យវិច័យ​នៅ​ក្នុង​រោង​ចក្រ​នេះ​នៅ​ឡើយ។ ឯ​ភាគី​ខាង​រោង​ចក្រ​បាន​តម្រូវ​ឲ្យ​កម្មករ​ដែល​មិន​បាន​សន្លប់ កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នោះ ត្រូវ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ សីហា។

សហជីព​ទាំង​៣ ក្នុង​រោង​ចក្រ​នេះ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​កម្មករ។ ប្រភព​ពី​មន្ទីរ​ការងារ​ខេត្ត​បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​អ៊ឹម​វី​មាន​កម្មករ កម្មការិនី និង​បុគ្គលិក សរុប​ប្រមាណ ៤​ពាន់​នាក់ កំពុង​ធ្វើ​ការ​ក្នុង​រោង​ចក្រ​នេះ៕