ប្រជាពលរដ្ឋម្នាក់នៅក្នុងចំណោមឈ្មោះ២៥នាក់ នៅក្នុងសាលក្រមនៃតុលាការកំពូល ត្រូវអនុវត្តសាលក្រមនោះនៅថៃ្ងទី២៧ ខែតុលា ខាងមុខនេះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងអាទិត្យ ទី១៨ ខែតុលាថា ៖ «ឥឡូវពួកខ្ញុំនេះកំពុងតែប្រឈមមុខនឹងការបណ្ដេញចេញពីដីធ្លី ពីផ្ទះសម្បែង ពីស្រែចម្ការ ដែលយើងកំពុងតែរស់នៅសព្វថ្ងៃ»។
ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ រឹម ផល្លា ដែលមានឈ្មោះនៅក្នុងសាលក្រមតម្រូវឲ្យចាកចេញេពីដីធ្លី និងផ្ទះសម្បែងផងដែរនោះបានថែ្លងថា ៖ «ព្រោះអីវាមានបញ្ហាចំពោះប្រជាជនខ្ញុំ ដែលរស់នៅលើទឹកដីភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល។ នេះជាលិខិតមួយឲ្យប្រជាជនខ្ញុំអ្នករងគ្រោះនេះវិលក្បុងអស់ហើយ មានបញ្ហាប្រឈមមុខនឹងការអត់ឃ្លានអីគ្រប់បែបយ៉ាងហើយ បែរជាមានបញ្ហាបណ្ដេញចេញដោយបាត់បង់ដីធ្លីទៀត»។
មិនអាចទាក់ទងលោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ បានទេនៅថ្ងៃអាទិត្យ ទី១៨ ខែតុលា នៅក្នុងចំណោមក្រុមហ៊ុនចំនួន២នោះ ប៉ុន្តែភរិយារបស់លោក ហេង ហ៊ុយ បានមានប្រសាសន៍ថា ស្វាមីរបស់លោកស្រីកំពុងតែស្ថិតនៅក្នុងប្រទេសថៃ ហើយរឿងដីធ្លីគឺជាការសម្រេចរបស់តុលាការ ៖ «ហ្នឹងទៅសួរតុលាការ»។
ទាក់ទងបញ្ហាខាងលើនេះ លោក តៅ វ៉ាន់ ជាមេឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកមានគម្រោងការសុំស្នើឲ្យមានការបង្អង់ការអនុវត្តសាលក្រមនាពេលខាងមុខនេះ។
លោក តៅ វ៉ាន់ មានប្រសាសន៍ដូច្នេះ ៖ «ព្រោះ ហេង ហ៊ុយ គាត់និយាយជាមួយខ្ញុំថា គេឯកភាពខាងលើបាត់ទៅហើយ ថ្ងៃទី២៧។ ចាំខ្ញុំទៅនិយាយជាមួយគាត់ទៀតមើល៍ គាត់អាចពន្យារបានដែរឬអត់?»។
លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល អាដហុក បានមានប្រសាសន៍ថា ៖ «យើងបានឃើញព័ត៌មានហ្នឹងបញ្ជូនគ្រប់អង្គការទៅហើយ តាំងពីម្សិលមិញម្ល៉េះ ដូច្នេះយើងចូលរួមដើម្បីគាំទ្រជាមួយនឹងប្រជាពលរដ្ឋ ស្នើសុំឲ្យធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លី កុំឲ្យប្រជាពលរដ្ឋអស់នូវអ្វីដែលជាការសង្ឃឹមរបស់ពួកគាត់»។
សូមជម្រាបថា ប្រជាពលរដ្ឋសរុបចំនួន៤៣គ្រួសារ និងដីធ្លីកសិកម្មចំនួនជាង២០០ហិកតារ នឹងរងការរឹបអូសយកដោយក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន ហេង ហ៊ុយ និងក្រុមហ៊ុនសុខហុង ដែលមានបញ្ហាទំនាស់ដីធ្លីជាមួយក្រុមគ្រួសារខាងលើនេះ ចាប់តាំងពីឆ្នាំ២០០៦ មក នៅគ្រាដែលប្រជាពលរដ្ឋទាំងនោះបានអះអាងថា ពួកគាត់ម្នាក់ៗមានឯកសារសម្គាល់កម្មសិទ្ធិត្រឹមត្រូវនៅលើដីធ្លីនោះ តាំងពីឆ្នាំ១៩៧៩មករហូតដល់សព្វថៃ្ងនេះ។
សាលក្រមនិងសេចក្តីជូនដំណឹងអំពីការបណ្តេញប្រជាពលរដ្ឋ៤៣គ្រួសារខាងលើ គឺជាលើកទី៥ ហើយនៅក្នុងឆ្នាំ២០០៩នេះ ដែលសាលក្រមជាស្ថាពរចុងក្រោយនេះពីតុលាការកំពូល តាមរយៈតុលាការសាលាដំបូងខេត្តកោះកុង៕
