ពលរដ្ឋ​៤៣​គ្រួសារ​នៅ​កោះកុង​នៅតែ​ប្រឈម​នឹង​ការ​បាត់​បង់​ដីធ្លី

សាលដីកា​របស់​តុលាការ​កំពូល​ត្រូវ​បាន​គេ​ចុះ​អនុវត្ត​នៅ​ក្នុង​ខេត្ត​កោះកុង នៅ​ថៃ្ង​២៧ តុលា ទាក់ទង​នឹង​ទំនាស់​ដី​រវាង​ពលរដ្ឋ​៤៣​គ្រួសារ​និង​ក្រុមហ៊ុន​ពីរ ដែល​ទី​បំផុត​ពលរដ្ឋ​ទាំង​នោះ​នៅ​តែ​ប្រឈម​នឹង​ការ​បាត់​បង់​ដីធ្លី​និង​ផ្ទះ​សម្បែង។

0:00 / 0:00

ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​៤៣​គ្រួសារ នៅ​ក្នុង​ភូមិ​ព្រែក​ជីក ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង នៅ​ថៃ្ង​អង្គារ​នេះ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លី​និង​ផ្ទះ​សម្បែង​ជា​ដដែល នៅ​គ្រា​ដែល​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​និង​មន្រ្តី​នៃ​តុលាការ​ខេត្ត​នេះ បាន​ចុះ​មក​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ក្នុង​ការ​រឹប​យក​ដីធ្លី​ជាង​២០០​ហិកតារ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ដែល​បាន​ប្តឹង​គ្នា​ដើម្បី​ដណ្តើម​ដីធ្លី​នោះ។

តំណាង​ប្រជាពលរដ្ឋ​៤៣​គ្រួសារ ឈ្មោះ ផាវ ញឿង នៅ​ក្នុង​ភូមិ​ព្រែក​ជីក ឃុំ​ជី​ខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ដែល​កំពុង​តែ​រង​ការ​អនុវត្ត​សាលដីកា​នោះ​បាន​ថែ្លង​ថា ប្រជាពលរដ្ឋ​នៅ​តែ​ជា​ជន​រង​គ្រោះ​ជា​ដដែល។

អ្នកស្រី ផាវ ញឿង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​ទាំង​ពីរ​នាក់​ហ្នឹង គេ​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ ក៏ប៉ុន្តែ​មក​រង​គ្រោះ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ចំនួន​៤៣​គ្រួសារ​ទៅ​វិញ។ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល ជា​ពិសេស​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កូន​គឺ​ជា​ប្រជាជន​នៅ​ភូមិ​ព្រែក​ជីក ដែល​បាត់​បង់​ដីធ្លី​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ»

នៅ​ក្នុង​ការ​អនុវត្ត​សាលដីកា​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ជាង​១០០​នាក់ ប៉ុន្តែ​គ្មាន​សេចក្តី​រាយការណ៍​ណា​មួយ​ថា មាន​អំពើ​ហិង្សា ឬ​ការ​ចាប់​ខ្លួន​និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​៤៣​គ្រួសារ​នោះ​ទេ គឺ​ជា​ការ​ចុះ​វាស់​វែង​ដីធ្លី​ដោយ​មន្រ្តី​តុលាការ​ខេត្ត​កោះកុង និង​អាជ្ញាធរ​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​២​នោះ ក៏​បាន​តវ៉ា​ថា ខ្លួន​ជា​អ្នក​រង​គ្រោះ​ផង​ដែរ ដោយសារ​សាលដីកា​របស់​តុលាការ​កំពូល​នោះ។

លោក ចាន់ ហួន ជា​មេធាវី​របស់​លោក សុខ ហុង ប្រធាន​ក្រុមហ៊ុន សុខ ហុង បាន​មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក​ក៏​រង​គ្រោះ​បាត់​បង់​ដីធ្លី​ផង​ដែរ ដោយសារ​សាលដីកា​របស់​តុលាការ​កំពូល​នោះ។

លោក ចាន់ ហួន មាន​ប្រសាសន៍​ដូច្នេះ ៖ «ដី សុខ ហុង ដែល​មាន​ប្លង់​៨៩​ប្លង់​ហ្នឹង យក​ទាំង​អស់ ខាង​លោក ហេង ហ៊ុយ គេ​ដាក់​ដីកា​ហ្នឹង​មក​វាស់​ទៅ​យក​អស់​រលីង។ នឹង​ប្ដឹង​ជំទាស់»

ចំណែក​ឯ​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការងារ​វាស់​វែង​លើ​ដីធ្លី​សម្រាប់​ដោះស្រាយ។

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ចុះ​ទៅ​តាម​ដាន​ការ​អនុវត្ត​សាលដីកា​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «ព្រះរាជអាជ្ញា​រង ទី​១ គឺ​មក​ប្រកាស​សាលដីកា ទី​២ គឺ​វាស់​វែង​ព្រំ​ប្រទល់​ថា ដី​ត្រឹម​ណា​ជា​ដី​របស់​លោក សុខ ហុង ហើយ​ដី​ត្រឹម​ណា​ជា​ដី​របស់​លោក ហេង ហ៊ុយ បាន​ប្ដឹង​ផ្ដល់​គ្នា​ឈ្នះ​នោះ ប៉ុន្តែ​អ្នក​រង​គ្រោះ​គឺ​ប្រជាពលរដ្ឋ»

នៅ​មុន​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​នេះ ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ផ្ញើ​ព្រះរាជ​សារ​មួយ​ច្បាប់ ចុះ​ថៃ្ង​ទី​២៤ ខែ​តុលា ថ្មីៗ​នេះ ជូន​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​មាន​ការ​សើរើ​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ឡើង​វិញ តាម​សំណើ​របស់​ប្រជាពលរដ្ឋ​៤៣​គ្រួសារ។

កន្លង​មក​តំណាង​ប្រជាពលរដ្ឋ​៤៣​គ្រួសារ នៅ​ក្នុង​ភូមិ​ព្រែក​ជីក ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ចំនួន​២ គឺ​របស់​លោក ហេង ហ៊ុយ និង​លោក សុខ ហុង បាន​ព្យាយាម​រឹប​យក​ដីធ្លី​របស់​ពួកគាត់​ជាង​២០០​ហិកតារ ដែល​ពួកគាត់​បាន​មក​រស់​នៅ​ក្រោយ​ឆ្នាំ​១៩៧៩​មក៕