ប្រជាពលរដ្ឋខែ្មរចំនួន៤៣គ្រួសារ នៅក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង នៅថៃ្ងអង្គារនេះ នៅតែប្រឈមមុខនឹងការបាត់បង់ដីធ្លីនិងផ្ទះសម្បែងជាដដែល នៅគ្រាដែលក្រុមអាជ្ញាធរមូលដ្ឋាននិងមន្រ្តីនៃតុលាការខេត្តនេះ បានចុះមកអនុវត្តសាលដីការបស់តុលាការកំពូល ក្នុងការរឹបយកដីធ្លីជាង២០០ហិកតារ ប្រគល់ឲ្យក្រុមហ៊ុនចំនួន២ ដែលបានប្តឹងគ្នាដើម្បីដណ្តើមដីធ្លីនោះ។
តំណាងប្រជាពលរដ្ឋ៤៣គ្រួសារ ឈ្មោះ ផាវ ញឿង នៅក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលកំពុងតែរងការអនុវត្តសាលដីកានោះបានថែ្លងថា ប្រជាពលរដ្ឋនៅតែជាជនរងគ្រោះជាដដែល។
អ្នកស្រី ផាវ ញឿង បានឲ្យដឹងដូច្នេះ ៖ «គេទាំងពីរនាក់ហ្នឹង គេត្រូវរ៉ូវគ្នារួចហើយ ក៏ប៉ុន្តែមករងគ្រោះប្រជាពលរដ្ឋពួកខ្ញុំចំនួន៤៣គ្រួសារទៅវិញ។ ខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កូនគឺជាប្រជាជននៅភូមិព្រែកជីក ដែលបាត់បង់ដីធ្លីចាប់តាំងពីថ្ងៃនេះតទៅហើយ»។
នៅក្នុងការអនុវត្តសាលដីកានៅថ្ងៃដដែលនេះ ដោយមានកងកម្លាំងប្រដាប់អាវុធជាង១០០នាក់ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ណាមួយថា មានអំពើហិង្សា ឬការចាប់ខ្លួននិងដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ៤៣គ្រួសារនោះទេ គឺជាការចុះវាស់វែងដីធ្លីដោយមន្រ្តីតុលាការខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណោះ។
ក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុន២នោះ ក៏បានតវ៉ាថា ខ្លួនជាអ្នករងគ្រោះផងដែរ ដោយសារសាលដីការបស់តុលាការកំពូលនោះ។
លោក ចាន់ ហួន ជាមេធាវីរបស់លោក សុខ ហុង ប្រធានក្រុមហ៊ុន សុខ ហុង បានមានប្រសាសន៍ថា កូនក្តីរបស់លោកក៏រងគ្រោះបាត់បង់ដីធ្លីផងដែរ ដោយសារសាលដីការបស់តុលាការកំពូលនោះ។
លោក ចាន់ ហួន មានប្រសាសន៍ដូច្នេះ ៖ «ដី សុខ ហុង ដែលមានប្លង់៨៩ប្លង់ហ្នឹង យកទាំងអស់ ខាងលោក ហេង ហ៊ុយ គេដាក់ដីកាហ្នឹងមកវាស់ទៅយកអស់រលីង។ នឹងប្ដឹងជំទាស់»។
ចំណែកឯលោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងតែធ្វើការងារវាស់វែងលើដីធ្លីសម្រាប់ដោះស្រាយ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានចុះទៅតាមដានការអនុវត្តសាលដីកានោះ បានមានប្រសាសន៍ថា ៖ «ព្រះរាជអាជ្ញារង ទី១ គឺមកប្រកាសសាលដីកា ទី២ គឺវាស់វែងព្រំប្រទល់ថា ដីត្រឹមណាជាដីរបស់លោក សុខ ហុង ហើយដីត្រឹមណាជាដីរបស់លោក ហេង ហ៊ុយ បានប្ដឹងផ្ដល់គ្នាឈ្នះនោះ ប៉ុន្តែអ្នករងគ្រោះគឺប្រជាពលរដ្ឋ»។
នៅមុនការអនុវត្តសាលដីការបស់តុលាការកំពូលនេះ ព្រះមហាក្សត្រខ្មែរព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានផ្ញើព្រះរាជសារមួយច្បាប់ ចុះថៃ្ងទី២៤ ខែតុលា ថ្មីៗនេះ ជូនលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីឲ្យមានការសើរើសាលដីការបស់តុលាការកំពូលនោះឡើងវិញ តាមសំណើរបស់ប្រជាពលរដ្ឋ៤៣គ្រួសារ។
កន្លងមកតំណាងប្រជាពលរដ្ឋ៤៣គ្រួសារ នៅក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានចោទប្រកាន់ថា ក្រុមហ៊ុនចំនួន២ គឺរបស់លោក ហេង ហ៊ុយ និងលោក សុខ ហុង បានព្យាយាមរឹបយកដីធ្លីរបស់ពួកគាត់ជាង២០០ហិកតារ ដែលពួកគាត់បានមករស់នៅក្រោយឆ្នាំ១៩៧៩មក៕
