កម្លាំង​សមត្ថកិច្ច​៤៦០០​នាក់ សម្រាប់​ការ​ពារ​សុវត្ថិភាព​ថ្ងៃ​បុណ្យ​ភ្ជុំ

មន្ត្រី​ជាន់​ខ្ពស់​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ប្រមាណ​ជា​ជាង ៤០០០​នាក់ ដើម្បី​ការ​ពារ​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជា​ពល​រដ្ឋ និង​ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗ នៅ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​រហូត​ដល់​ថ្ងៃ​បង្ហើយ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ ក្នុង​ឆ្នាំ​២០១០​នេះ។

0:00 / 0:00

ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ទូច ណារុថ មាន​ប្រសាសន៍​ថា លោក​បាន​ត្រៀម​កម្លាំង​សមត្ថកិច្ច​ចំនួន ៤៦០០​នាក់ ដើម្បី​ការ​ពារ​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ នៅ​តាម​ទី​វត្ត​អារាម​ក្នុង​មូលដ្ឋាន និង​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ ដែល​ប្រជា​ពល​រដ្ឋ​តែង​តែ​ឆ្លៀត​ឱកាស​ទៅ​កម្សាន្ត នៅ​ពេល​ចេញ​ពី​ពិធី​ដាក់​បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ។ លោក​ថា ការ​ពង្រាយ​កម្លាំង​នេះ ក៏​ដើម្បី​បង្ក្រាប​បទ​ល្មើស​នានា ពី​សំណាក់​ជន​ខិល​ខូច​មួយ​ចំនួន ដែល​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​ល្មើស បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ ៖ «គឺ​យើង​រៀបចំ​ការ​ពារ​ទាំង​អស់ យើង​យក​ចិត្ត​ទុក​ដាក់​ព្រោះ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​បុណ្យ​ធំ​ណាស់។ បើ​យើង​គិត​ទៅ​ធំ​ជាង​បុណ្យ​ចូល​ឆ្នាំ​ផង ហើយ​ព្រោះ​វា​ពន្យារ​ពេល​ដល់​ទៅ​១៥​ថ្ងៃ​ឯណោះ ដូច្នេះ​យើង​រៀបចំ​ការ​ពារ​ជូន​ប្រជា​ពល​រដ្ឋ​តាម​វត្ត​អារាម តាម​ដង​ផ្លូវ ក៏​ដូច​ជា​តាម​រមណីយដ្ឋាន ជា​ពិសេស​ពេល​ដែល​បោះ​បាយ​បិណ្ឌ​ទាប​ភ្លឺ​ហ្នឹង។»

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​ចំនួន​១៣៥​នាក់។

ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បែលហ្សិក កញ្ញា សាន សុជាតា បាន​ថ្លែង​ថា ជា​ទូ​ទៅ​ក្នុង​រដូវ​បុណ្យ​ទាន ស្ថាន​ភាព​គ្រោះ​ថ្នាក់​តែង​តែ​មាន​ការ​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា ដោយ​មូល​ហេតុ​ចម្បង​គឺ​ពាក់​ព័ន្ធ​ទៅ​និង​ការ​បើក​ហួស​ល្បឿន​កំណត់ បើក​បរ​ក្នុង​ល្បឿន​មិន​សម​ស្រប​ទៅ​និង​កាលៈ​ទេសៈ និង​ការ​បើក​បរ​ក្នុង​ពេល​ស្រវឹង ៖ «អ៊ីចឹង​ទេ​ទើប​យើង​ជំរុញ​ឲ្យ​ពាក់​មួក​សុវត្ថិភាព ពេល​ធ្វើ​ដំណើរ​ជា​ពិសេស​ក្នុង​ពេល​ធ្វើ​បុណ្យ​ហ្នឹង​ក៏​ដោយ ទោះបី​ជា​គាត់​គិត​ថា​គាត់​ទៅ​វត្ត ប៉ុន្តែ​នៅ​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ អ៊ីចឹង​ចាំ​បាច់​ដាច់​ខាត​ត្រូវ​តែ​ពាក់​មួយ​សុវត្ថិភាព ទាំង​អ្នក​ឌុប និង​អ្នក​ជិះ​ពី​ក្រោយ។ គឺ​យើង​តែង​តែ​ជំរុញ​ឲ្យ​មាន​ការ​ផ្តោត​ខ្លាំង​ទៅ​លើ​រឿង​ពាក់​មួក​សុវត្ថិភាព ព្រោះ​ពាក់​មួយ​សុវត្ថិភាព​ហ្នឹង គឺ​អាច​កាត់​បន្ថយ​ការ​របួស​ក្បាល​បាន​ច្រើន។»

មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក នៃ​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បែលហ្សិក បាន​បញ្ជាក់​ថា ស្ទើរ​តែ​៧០​ភាគ​រយ នៃ​អ្នក​ស្លាប់​បាន​រង​គ្រោះ​ដោយ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​ការ​បើក​បរ​ក្នុង​ពេល​ស្រវឹង ៧៦​ភាគ​រយ នៃ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​រង​របួស​ក្បាល។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០០៩ ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​២.១៥១៩​នាក់ ក្នុង​ចំនួន​នេះ មាន​អ្នក​បាត់​បង់​ជីវិត​ចំនួន​១៧១៧​នាក់ ដែល​ជា​លទ្ធផល​កើត​ឡើង​ពី​ការ​ប៉ាន់ស្មាន គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​១២.៥៣៨​ករណី។ ហើយ​ធ្វើ​ឲ្យ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ​២០០៩ មាន​តម្លៃ​ប្រហែល​ជា ២៤៨​លាន​ដុល្លារ​អាមេរិក៕