គ្រួសារជនរងគ្រោះអះអាងថា ពួកគេទាំង ៤ នាក់នេះមិនបានចូលរួមធ្វើបាតុកម្មទេ ហើយពួកគេមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ក្នុងការបញ្ជាក់ ប៉ុន្តែ ទាំងមេការចិនទាំងអាជ្ញាធរប៉ូលិសមិនព្រមស្តាប់។
លោក កាន់ ផេង ឪពុកបង្កើតជនរងគ្រោះឈ្មោះ កាន់ កក្កដា បានឲ្យដឹងនៅរសៀលថ្ងៃទី ១១ កក្កដាថា មេការជនជាតិចិនក្នុងក្រុមហ៊ុន ភាពីម៉ិច ដែលគេស្គាល់ថា ឈ្មោះ លី បានចាប់កូនគាត់យកទៅធ្វើទារុណកម្មដោយចងដៃជាប់រួចវាយតប់ ព្រមទាំងប្រើដំបងឆក់កូនគាត់ឲ្យរងរបួសធ្ងន់ធ្ងរ។
លោក កាន់ ផេង បន្តថា បន្ទាប់ពីវាយដំអស់ចិត្តហើយ គេក៏ចាប់បញ្ជូនកូនគាត់មកអធិការដ្ឋាននគរបាលស្រុកក្រគរ។ ឥឡូវគេបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តទៀត «ចិនវាមកចាប់ផ្ទាល់ វាចាប់កូនខ្ញុំ និងកម្មករ ៣ នាក់ទៀតបញ្ចូលក្នុងបន្ទប់ រួចវាវ៉ៃហើយវាប្រើដំបងឆក់ៗ ទៀត ហើយវាចាប់ក្បាលបោកទៅជញ្ជាំង»។
ស្ត្រីវ័យ ២៣ ឆ្នាំឈ្មោះ ហម សុជាតិ ដែលប្ដីគាត់ក៏ត្រូវរងទារុណកម្មដូចគ្នាដែរ បានឲ្យដឹងថា នៅពេលគេធ្វើបាតុកម្មនោះប្ដីគាត់កំពុងនៅជាមួយគាត់ ហើយគាត់ថែមទាំងទាញដៃប្ដីគាត់ ដែលប្រុងរត់ទៅមើលនោះមិនឲ្យទៅទៀតផង។ ស្រាប់តែឥឡូវគេចោទប្ដីគាត់ថា បានទៅធ្វើបាតុកម្មដែរ «ខ្ញុំឈរមើលប្ដីខ្ញុំពេលប៉ូលិសចេញទៅញ៉ាំបាយ ចិនក៏ចូលទៅវ៉ៃប្ដីខ្ញុំ និងចាប់បោកក្បាលទៅនឹងជញ្ជាំង និងធាក់ដើមទ្រូងគាត់»។
កាលពីថ្ងៃទី៧ កក្កដាកន្លងទៅ កម្មករនៅការដ្ឋានដាំដំឡូងទី ១ របស់ក្រុមហ៊ុន ភាពីម៉ិច ដែលមានទី តាំងនៅចំណុចព្រែកជីកស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ជាច្រើននាក់បាននាំគ្នាធ្វើ បាតុកម្មទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែ ដែលការធ្វើបាតុកម្មនេះ បានកើតជាអំពើហិង្សាវាយបំផ្លាញម៉ូតូ និងកញ្ចក់រថយន្តរបស់ក្រុមហ៊ុនផង។
លុះដល់ថ្ងៃទី៩ កក្កដា ក្រុមហ៊ុនបានបើកប្រាក់ខែឲ្យកម្មករ ស្រាប់តែមេការជនជាតិចិនឈ្មោះ លី បែរជាចាប់កម្មករទាំង ៤ នាក់នេះធ្វើទារុណកម្មដោយចោទប្រកាន់ថា ពួកគាត់បានចូលរួមក្នុងការធ្វើបាតុកម្ម។
ប៉ុន្តែ ប្រភពពីកម្មករជាច្រើនបានឲ្យដឹងថា ក្រុមកម្មករ ដែលបានប្រើអំពើហិង្សាវាយបំផ្លាញម៉ូតូ និងកញ្ចក់រថយន្តរបស់ក្រុមហ៊ុននោះ បានគេចខ្លួនមិនហ៊ានចូលមកបើកប្រាក់ខែនោះទេ។
ប្រធានក្រុមកម្មករការដ្ឋានទី១ លោក សា យូ បញ្ជាក់ថា កម្មករទាំង ៤ រូបនេះពិតជាមិនបានចូលធ្វើបាតុកម្មនោះទេ។ លោកបន្តថា លោកបានប្រាប់អ្នកបកប្រែឲ្យប្រាប់ទៅមេការចិនដែរ តែគេមិនស្ដាប់ «ពេលកើតហេតុវាម៉ោង ៨ ឬ ៩ ព្រឹកទេ។ ឯក្មេងដែលគេចាប់ទៅនោះវាទៅដើរលេងជាមួយកូនខ្ញុំ។ ដល់ម៉ោង ៣ រសៀលឯណោះ ទើបវាត្រឡប់មកវិញ។ ស្រាប់តែគេចោទថា បានចូលរួមបាតុកម្មដែរ។ វាដូចជាមិនត្រូវ។»
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់លោក ម៉ូ លីដា មានប្រសាសន៍ថា លោកបានកសាងសំណុំរឿងបញ្ជូនករណីនេះទៅតុលាការហើយ «ពីអធិការដ្ឋានស្រុកគេបញ្ជូនមកនោះក្នុងឯកសារបញ្ជាក់ថា គឺ ៤ នាក់នេះជាអ្នកចូលរួមធ្វើបាតុកម្ម និងវាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។ តែគេទាំង ៤ នាក់នេះបានបដិសេធ។ដោយរយៈពេលខ្លី ខ្ញុំមិនមានពេលធ្វើការស្រាវជ្រាវឡើងវិញទេ។ ខ្ញុំបានកសាងសំណុំរឿងបញ្ជូនករណីនេះទៅតុលាការហើយ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការ លីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ប្រទេសកម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ។ ប្រសិនបើកម្មករទាំង ៤ នាក់នេះបានចូលរួមក្នុងការធ្វើបាតុកម្មមែនក៏ដោយ ក៏ពួកគាត់មិនត្រូវទទួលរងទារុណកម្ម ដើម្បីជាការសងសឹកនោះដែរ។
លោកសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រព័ន្ធយុត្តិធម៌ ខេត្តពោធិ៍សាត់ស្វែងរកការពិត និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះទាំង ៤ រូបនេះ៕