ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនក្រោយពីរកឃើញថា បានជាប់ពាក់ព័ន្ធក្នុងករណីរួមគំនិតគ្នាសម្លាប់បុរសវ័យអាយុ៥២ឆ្នាំម្នាក់ ក្រោយពីពួកគេបានចូលធ្វើសកម្មភាពលួចចាប់សត្វមាន់ទាយកទៅធ្វើគ្រឿងក្លែម ហើយត្រូវបានជនរងគ្រោះជាម្ចាស់ភ្ញាក់ទាន់។
អធិការរងនគរបាលស្រុករតនមណ្ឌល លោក រស់ លឹមសឺន បានថ្លែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ថា ជនសង្ស័យទាំង ៤នាក់ រស់នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ក្រោយពីដឹងថាបានជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់បុរសវ័យចំណាស់៥២ឆ្នាំ ពិការម្នាក់ ឈ្មោះ កើន ផល្លី។
លោកបញ្ជាក់ថា ៖ «មូលហេតុគឺទៅលួចទា ទៅលួចម្តងបានមួយយកមកផឹកស៊ីក្លែមស្រាអស់ ទៅលួចម្តងទៀត ម្ចាស់គេដឹង តាពិការជើងរាងងងឹតភ្នែក ក៏គ្រវាសកាំបិតទៅចំអាពួកលួចហ្នឹង ក៏គ្នាវាពីរនាក់ទៀតឃើញ ក៏យកឈើមកវាយតាហ្នឹងបណ្តោយទៅ។ វាយពីលើបន្ទូលក្បាលផុងលលាដ៍»។
លោកបន្តថា អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែមិថុនា ខណៈបុរសជាជនរងគ្រោះ ឈ្មោះ កើន ផល្លី ដេកចាំចម្ការនៅចំណុចអន្លង់ក្រពើ ភូមិល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៤នាក់ ម្នាក់ ឈ្មោះ អ៊ួន អឿន អាយុ ២៤ឆ្នាំ ឈ្មោះ ម៉ុង នាង អាយុ ២០ឆ្នាំ ឈ្មោះ ស៊ុន សុភី អាយុ២០ឆ្នាំ និងឈ្មោះ បេ ឆេង អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
តាមការសាកសួររបស់ក្រុមអ្នកកាសែតនៅពេលនាំមកដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមជនសង្ស័យទាំង៤នាក់ បានបញ្ជាក់ថា ពួកគេពិតជាបានរួមគ្នាវាយដំទៅលើបុរសម្ចាស់ចម្ការ ឈ្មោះ កើន ផល្លី នោះ ពិតប្រាកដមែន។
មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យិន ម៉េងលី បានថ្លែងជុំវិញករណីខាងលើនេះថា ជាករណីមនុស្សឃាតគិតទុកជាមុន ៖ «នេះគឺរឿងការរំលោភទៅលើច្បាប់ព្រហ្មទណ្ឌហើយ។ កម្រិតទោសនៅក្នុងច្បាប់ព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋ អ៊ីចឹងបទល្មើសទាបបំផុត ៥ឆ្នាំ រហូតទៅដល់ជាប់គុកអស់មួយជីវិត»។
ស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជា ថូន មិនបានធ្វើអត្ថាធិប្បាយជុំវិញករណីឃាតកម្មមានការកើនឡើង ឬថយចុំនៅក្នុងខេត្តទេ។
យោងតាមរបាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុក ករណីឃាតកម្មដែលពាក់ព័ន្ធនឹងប៉ូលិសចុងឆ្នាំ២០០៨ កន្លងទៅ នៅស្រុកកំរៀង ១ករណី ២ករណីនៅដើមឆ្នាំ២០០៩ មួយករណី ជនរងគ្រោះស្លាប់នៅកន្លែងឃុំខ្លួនរបស់ប៉ូលិសស្រុក ម៉ោងឫស្សី និងមួយករណីទៀត ជនរងគ្រោះស្លាប់នៅស្រុករុក្ខគិរី ក្រោយពីប៉េអឹមស្រុកកោះហៅមកដើម្បីសាកសួរចម្លើយទាក់ទងករណីឃាតកម្ម៕
ប៉ូលិសខែត្រមណ្ឌលគិរីតាមចាប់ជនសង្ស័យ២នាក់ក្នុងករណីប្លន់
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារទាត់កូនស្រីឲ្យសន្លប់
បុគ្គលិកអង្គការមិត្តគ្មានព្រំដែនអំពាវនាវឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្ម
ទាហានម្នាក់រងរបួសធ្ងន់ដោយសារមេបញ្ជាការវាយដំ
ប៉ូលិសម្នាក់នៅមណ្ឌលគិរីរងការចោទថាប៉ុនប៉ងធ្វើឃាតអ្នកភូមិ
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.