តុលាការក្រុងភ្នំពេញ បានប្រកាសដោះលែងស្ត្រី ៤រូប ដែលតវ៉ារឿងទំនាស់ដីនៅតំបន់បឹងកក់នៅថ្ងៃទី២៩ វិច្ឆិកា ជាបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរជិតមួយថ្ងៃរួចមក។ ក៏ប៉ុន្តែចៅក្រមស៊ើបសួរលោក ឆែ វីរៈ បានចេញដីកាសម្រេចដាក់លក្ខខណ្ឌចំពោះនារីទាំង ៤រូបនោះ ដូចជាមិនត្រូវផ្លាស់ប្ដូរទីលំនៅ ត្រូវឆ្លើយតបនឹងការកោះហៅរបស់តុលការលើកក្រោយ មិនត្រូវប្រមាថមន្ត្រីរាជការ ឬអាជ្ញាធរសាធារណៈជាដើម។
ចំពោះលក្ខខណ្ឌនេះត្រូវបាននារីទាំង ៤រូបនោះនៅតែបដិសេធ បន្ទាប់ពីពួកគាត់ត្រូវបានដោះលែងក្រោយសវនាការនោះ៖ «ធម្មតានៅពេលដែលខ្ញុំមានទុក្ខកង្វល់ ខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំត្រូវតែស្រែកនិយាយ ដើម្បីបញ្ចេញឲ្យអស់នូវទុក្ខកង្វល់នៅក្នុងខ្លួន។ ប្រជាជនគ្រាន់តែបញ្ចេញមតិ គឺប្រជាជនខុស ទង្វើដែលគេវាយកំទេចផ្ទះប្រជាជន បូមខ្សាច់ពន្លិច ប្រើអំពើហិង្សាលើស្រ្តីភេទ ប៉ះពាល់ដល់សិទ្ធិកុមារទៀត តើគាត់នោះមានទោសដែរ ឬទេ?»។
ប៉ូលិសបានចាប់ខ្លួនស្រ្តី ៤នាក់នោះកាលពីថ្ងៃទី២៨ វិច្ឆិកា នៅពេលពួកគាត់កំពុងតវ៉ានៅសាលាក្រុងភ្នំពេញ អំពីរឿងទំនាស់ដីពួកគាត់នៅបឹងកក់។ ពួកគាត់ទាំងបួនត្រូវបានបញ្ជូនខ្លួនមកតុលការក្រុងព្រឹកថ្ងៃទី២៩ វិច្ឆិកា ហើយតុលាការបានចោទពីបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្ដន្តាទោសដាក់ពន្ធនាគារ។ តែតុលាការបានប្រកាសដោះលែងបណ្ដោះអាសន្ន។
មន្រ្តីស៊ើបអង្កេតអង្គការអាដហុក (Adhoc) លោក យី សុខសាន្ត ថ្លែងថា អាជ្ញាធររាជធានីភ្នំពេញ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយបានបង្រា្កបពលរដ្ឋដែលកំពុងរងគ្រោះបាត់បង់ផ្ទះសម្បែង មកបង្ខំចោទពលរដ្ឋចាប់ដាក់ឃុំ និងបញ្ជូនទៅតុលាការ គឺរឹតតែរំលោភសិទ្ធិកាន់តែធ្ងន់៖ «រដ្ឋាភិបាលដែលគាត់ទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់ ហើយគាត់សុខចិត្តធ្វើការទាមទារតាមផ្លូវច្បាប់ បែរជាមិនដោះស្រាយឲ្យគាត់ បែរជាដាក់ទណ្ឌកម្មឲ្យគាត់បន្ថែមទៀត។ នេះគឺជាការរំលោភសិទ្ធិមនុស្សមួយពាក់ព័ន្ធទៅនឹងសេរីភាពនៅប្រទេសកម្ពុជា»។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលច្បាប់សំរាប់សហគមន៍ បានថ្លែងថា ករណីបឹងកក់ រដ្ឋាភិបាលបានធ្វើឲ្យមានកំហុសច្រើន។ ទី១ ការជួលដីឲ្យឈ្មួញវិនិយោគរយៈពេល ៩៩ឆ្នាំ ខុសច្បាប់ទៅហើយ ទី២ មិនបានចុះអង្កេតពីផលប៉ះពាល់មុនប្រគល់ដីឲ្យវិនិយោគ។ ទី៣ ពលរដ្ឋតវ៉ាអាជ្ញាធរប្រើសមត្ថកិច្ចបង្រ្កាប និងបំផ្លាញផ្ទះពលរដ្ឋ និងចាប់ស្រ្តីដាក់ទោស និងបញ្ជូនមកតុលាការ។
ទំនាស់ដីបឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូ បានកើតឡើងរ៉ាំរ៉ៃយូរមកហើយ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋបឹងកក់បាត់បង់ផ្ទះសម្បែង៕
