លោក ជា ហ៊ាន ជាប្រធាននៃអង្គការឃ្លាំមើលការពារសម្បត្តិធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ខ្ញុំយល់ឃើញថា ជាករណីមួយដែលរំលោភលើច្បាប់ ព្រោះអង្គការរបស់ខ្ញុំមានតែម៉ាស៊ីនថតសម្រាប់ថតសកម្មភាពបទល្មើស មិនគួរណាមន្រ្តីយោធាប្រើប្រាសអាវុធភ្ជង់គំរាមឲ្យគ្នាលុតជង្គង់សំពះដើម្បីសុំទោស មិនឲ្យថតយកភស្តុតាងជាក់ស្ដែង»។
លោក ដាំ ជីន អាយុ៣៩ឆ្នាំ ជាសកម្មជនការពារព្រៃឈើនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការភ្ជង់ដោយកំាភ្លើង និងរងការវាយឲ្យរងរបួសបានថែ្លងថា លោកមានការព្រួយបារម្ភចំពោះហេតុការណ៍គំរាមដោយយោធាឈ្មោះ ផេន និងឈ្មោះ លីម។
លោក ដាំ ជីន បានឲ្យដឹងដូច្នេះ ៖ «ពេលនោះគាត់ក៏បាននាំកូនចៅគាត់ចំនួន៧-៨នាក់ ហើយមានកាំភ្លើ២ដើម ដំបងគ្រប់ដៃ និងម៉ូតូ៤គ្រឿង។ ខាងអង្គការរបស់ខ្ញុំមាន៤នាក់ ម្នាក់នោះគេវាយសន្លប់ ហើយរួចពីសន្លប់មកក៏បានរត់ផុតចេញទៅ ៣នាក់ទៀតគេវាយធ្វើបាប គេភ្ជង់កាំភ្លើងឲ្យក្រាបសំពះដូចសត្វធាតុអ៊ីចឹង»។
មិនអាចទាក់ទងយោធាឈ្មោះ ផេន និង លីម នោះបានទេ ដើម្បីសុំការបញ្ជាក់។
លោក ខាត់ សុខុម ជាប្រធានកងវរសេនាតូចលេខ២ ប្រចាំនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា លោកបានហៅយោធាទាំងនោះមកសាកសួរហើយ អំពីរឿងគំរាមនោះ។
លោក ខាត់ សុខុម «កំពុងសម្រួលគ្នាហើយ គ្រាន់តែមិនទាន់ចេញលទ្ធផលថាយ៉ាងម៉េចអីម៉េច ក្មេងៗខ្ញុំហ្នឹង។ បានដឹងដល់ខ្ញុំ ដល់មេអីហើយ។ កូនចៅបានសារភាពប្រាប់ខ្ញុំអស់ហើយ។ ឈើហ្នឹងតាមពិតដឹកយកមកដាក់នៅព្រៃរមៀត ដើម្បីកែឆ្នៃសម្រាប់កសាងអង្គភាពនៅព្រៃរមៀតហ្នឹង។ អត់ទាន់ដឹងចំនួនប៉ុន្មានគូបទេ ទាល់តែចាំជួបវាសិន»។
ប្រភពពីសកម្មជនការពារព្រៃឈើបានឲ្យដឹងថា កាលពីយប់ថៃ្ងអាទិត្យ(២២ វិច្ឆិកា)ថ្មីៗនេះ សកម្មជនការពារព្រៃឈើ៤នាក់ បានតាមដានថតយករូបភាពនៃសកម្មភាពដឹកឈើប្រណីតខុសច្បាប់ចំនួន៦រទេះគោ ស្មើនឹងចំនួន៤ម៉ែត្រគូប ជាប្រភេទឈើបេង។ ការគំរាមនេះបានកើតទ្បើងនៅក្នុងភូមិកោះកោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្លាំងយោធាចំនួន៨នាក់ប្រដាប់ដោយអាវុធ២ដើម បានមកភ្ជង់គំរាមរកបាញ់សម្លាប់សកម្មជន៤នាក់នោះ ឲ្យលុតជង្គង់និងសុំទោសចំពោះអ្វីដែលពួកគាត់ទាំងនោះបានថតរូបភាព និងសាកសួរអំពីការដឹកឈើប្រណីតខុសច្បាប់នោះ។
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានអតីតព្រះមហាក្សត្រខែ្មរ ព្រះបាទនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៩៣ ដាក់ជាតំបន់ការពារព្រៃឈើ ប៉ុន្តែជាញឹកញាប់មានសេចក្ដីរាយការណ៍នានាចោទថា មានការកាប់ព្រៃឈើខុសច្បាប់និងលួចលាក់ដោយក្រុមយោធាមួយចំនួន៕
