ស្រី​ខ្មែរ​៤​នាក់​រត់​ចេញ​ពី​ផ្ទះ​បន​នៅ​ថៃ

អាជ្ញាធរ​ខេត្ត​កោះកុង និង​មន្ត្រី​សិទ្ធិ​មនុស្ស បាន​សម្រេច​អនុញ្ញាត​ឲ្យ​ស្ត្រី ៤​នាក់​ដែល​បាន​លួច​រត់​គេច​ចេញ​ពី​ផ្ទះ​បន​នៅ​ស្រុក​ខ្លងស៊ុន ខេត្ត​ត្រាត ប្រទេស​ថៃ វិល​ទៅ​ស្រុក​កំណើត​វិញ នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​មករា។
ដោយ សេក បណ្ឌិត
2013-01-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​ចំណោម​ស្ត្រី​ទាំង​បួន​នាក់​នោះ មាន​ម្នាក់​ជា​អនីតិជន​ត្រូវ​មេខ្យល់​បោក​បញ្ឆោត​ឲ្យ​ទៅ​រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ ហើយ​ពួក​គេ​សម្រេច​ចិត្ត​រត់​មក​វិញ​ដល់​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​អង្គារ ទី​៨ មករា។

មន្ត្រី​សិទ្ធិ​មនុស្ស និង​អាជ្ញាធរ​ខេត្ត​កោះកុង កំពុង​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​មេខ្យល់​បោក​បញ្ឆោត​ក្មេង​ស្រី​ឲ្យ​ទៅ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ប្រទេស​ថៃ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​អាដហុក ប្រចាំ​នៅ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ។ លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៨ មករា ស្រ្តី ៤​នាក់ បាន​លួច​រត់​គេច​ចេញ​ពី​ផ្ទះ​បន​នៅ​ស្រុក​ខ្លងស៊ុន ខេត្ត​ត្រាត ប្រទេស​ថៃ ជាប់​នឹង​ខេត្ត​កោះកុង កម្ពុជា។

លោក នាង បូរ៉ាទីណូ៖ «ការ​ដែល​ពួក​គាត់​រត់​ចេញ​ពី​ផ្ទះ​បន​ហ្នឹង ដោយសារ​តែ​ពួក​គាត់​ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ម្ចាស់​ហាង ហើយ​ភ្ញៀវ​បង្ខំ​លើ​រាង​កាយ​គាត់ បង្ខំ​ឲ្យ​រួម​ភេទ​មិន​ឲ្យ​លុយ​គាត់។ ទាក់ទង​នឹង​ការ​រួម​ភេទ​ហ្នឹង​ដែរ គាត់​សម្រេច​រត់​ច្រើន​លើក​ច្រើន​សា​ហើយ ទើប​ថ្ងៃ​ទី​៨ ហ្នឹង គាត់​រត់​បាន​សម្រេច»

លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ជន​រង​គ្រោះ​បាន​បង្ហាញ​ពី​អត្តសញ្ញាណ និង​ឈ្មោះ​ជន​សង្ស័យ ហើយ​ជន​សង្ស័យ​ខ្លះ​ជា​មុខ​សញ្ញា​ចាស់ ហើយ​ករណី​នេះ​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កោះកុង កំពុង​កសាង​សំណុំ​រឿង​នេះ និង​ត្រូវ​ការ​កិច្ច​សហការ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​យក​ចិត្ត​ទុក​ដាក់។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ខេត្ត​កោះកុង លោក ស្រី ធុច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៩ មករា ថា ការ​ស្វែង​រក​ជនល្មើស​ជា​រឿង​មួយ​លំបាក ពីព្រោះ​គេ​ពុំ​ស្គាល់​អាសយដ្ឋាន ឬ​ព័ត៌មាន​លម្អិត​ពី​ជន​សង្ស័យ ម្យ៉ាង​ជន​គ្រោះ​ក៏​មិន​ព្រម​ដាក់​ពាក្យ​ប្ដឹង​ពី​រឿង​នេះ​ដែរ៖ «ឈ្មោះ​អ៊ីចឹង​ច្រើន... សួរ​ថា​ស្គាល់​មិន​ច្បាស់ គេ​ថា​ឃើញ​តែ​មួយ​ភ្លែត​អត់​ចាំ​បាន មិន​ដឹង​ផ្ទះសម្បែង​នៅ​ណា ឈ្មោះ ត្រកូល​ឈ្មោះ​អី ចាំ​មើល​ស្រាវជ្រាវ​មើល​មើល៍​ធ្វើ​ឲ្យ​អស់​លទ្ធភាព»

ទាក់ទង​ជន​រងគ្រោះ​មិន​ប្ដឹង​នេះ លោក នាង បូរ៉ាទីណូ មាន​ប្រសាសន៍​ថា តាម​ការ​សាកសួរ គឺ​ពួក​គេ​ចង់​ទៅ​ផ្ទះ​បាន​ឆាប់ ដោយសារ​ពួក​គេ​មាន​សុខភាព​មិន​សូវ​ល្អ ម្យ៉ាង​អាច​មក​ពី​ពួក​គេ​ខ្លាច​មាន​គេ​ធ្វើ​បាប​សាច់​ញាតិ និង​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ទៀត​ប្រមាណ​ជា ១០​នាក់ ដែល​រត់​ចេញ​មក​មិន​ទាន់​បាន។

លោក នាង បូរ៉ាទីណូ៖ «អ្វី​ដែល​ជា​គោល​គំនិត​សំខាន់​ដែល​គាត់​ឆ្លើយ​ចំពោះ​មុខ​ខ្ញុំ គឺ​ប្អូន​ស្រី​គាត់​ម្នាក់​ក្នុង​ចំណោម​ស្រី ៤​នាក់​ហ្នឹង គឺ​អត់​ទាន់​ឆ្លង​មក​ដល់​ទឹក​ដី​ខ្មែរ​ទេ អ៊ីចឹង​គាត់​បាន​ព្យាយាម​ទាក់ទង​គ្នា​ជាមួយ​មេ​បន​ថា បើ​ប្អូន​គាត់​បាន​មក​ដល់​ទឹក​ដី​ខ្មែរ​វិញ គាត់​អត់​ប្តឹង​ទេ តែ​បើ​អត់​មក​ដល់​ទេ គាត់​ត្រូវ​ការ​ប្តឹង​បន្ត អ៊ីចឹង​ពួក​គាត់​ប្រហែល​ជា​មាន​លក្ខខណ្ឌ​ជាមួយ​នឹង​មេ​បន​ហ្នឹង​ហើយ ទើប​ពួក​គាត់​អត់​ប្ដឹងផ្ដល់​ដោយសារ​គាត់​ខ្លាច​សុវត្ថិភាព​ប្អូន​ស្រី​គាត់​នៅ​ទឹក​ដី​ថៃ ហើយ​ក្មេងៗ​ស្រី​ដែល​ចង់​មក​ដែរ អត់​បាន​មក​នោះ អាយុ​តិចៗ​ណាស់ ១៧ ១៨​ឆ្នាំ ក៏​មាន។ ការ​ភ័យ​ខ្លាច​ដែរ ហើយ​សូម​អង្វរ​អ្នក​ទាំង​បួន​ហ្នឹង​ឲ្យ​ជួយ​សង្គ្រោះ​ឲ្យ​ពួក​គាត់​បាន​មក​ដល់​ទឹក​ដី​ខ្មែរ​ដែរ»

ស្រ្តី ៤​នាក់​ដែល​ត្រូវ​គេ​ជួញដូរ​នោះ មាន​អាយុ ១៤​ឆ្នាំ​ម្នាក់ ដែល​មេខ្យល់​យក​ទៅ​កាល​ពី​ថ្ងៃ​ទី​០១ មករា និង ៣​នាក់ មាន​អាយុ​ប្រហែល ២០​ឆ្នាំ ត្រូវ​គេ​ជួញដូរ​កាល​ពី ៣​ខែ​មុន​នេះ។

ករណី​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​២០១២ ដល់​ដើម​ឆ្នាំ​២០១៣ មាន ១៣​ករណី ក្នុង​នោះ​ករណី​ជួញដូរ​មនុស្ស​មាន ៤​ករណី​ដែល​ឆ្លង​កាត់​តាម​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អូម៉ា

ពី សៀមរាប

យុវវ័យមួយភាគធំនៅក្នុងខេត្តរបស់ខ្ញុំ​បានធ្វើចំណាកស្រុកទៅថៃ
ហើយពួកគេម្នាក់ៗសុទ្ធតែធ្លាប់ជាប់គុកពីរ​ទៅបីដងនៅទីនោះពួកគេមិនចង់ទៅតាមមេខ្យល់ទេ ចង់ទៅដោយស្របច្បាប់ប៉ុន្តែការធ្វើលិខិតឆ្លងដែនត្រូវចំណាយលុយច្រើនណាស់​ទៅភ្នំពេញ​ទាំងការស្នាក់នៅ​​ហូប​និង​ធ្វើដំណើរ
ហើយមានពេលខ្លះមេខ្យល់សីដាច់លុយធ្វើលិខិតឆ្លងដែននោះ
ទៅទៀត​ហេតុនេះពួកគេសំរេចចិត្តលួចឆ្លងដែន​ដោយ​ខុសច្បាប់​ អ្នកខ្លះទៅទាំងគ្រួសារហើយបិទ​ទ្វារផ្ទះ​ចោល​តែម្តង ជាពិសេសអ្នករស់នៅស្រុកស្រីស្នំ ពួក វ៉ារិន។

Jan 10, 2013 08:07 PM