លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានថ្លែងនៅព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកាថា អ្នកបាត់បង់ជីវិត៤នាក់នោះមានខ្មែរ ៣ និងអ្នកបើកឡានជនជាតិថៃម្នាក់ រីឯអ្នករងរបួស១៣នាក់ទៀតគឺជាជនជាតិខ្មែរជាអ្នកស៊ីឈ្នួលកាច់ពោតឲ្យថៅកែថៃ។
លោក ពេជ្រ សារ៉ែន បានឲ្យដឹងថា ៖ «ពេទ្យខ្លងហាត ៩នាក់ ហើយពេទ្យស្រះកែវ ៤នាក់។ អ្នកដែលរាងធ្ងន់គេបញ្ជូនទៅស្រះកែវ»។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា នៅស្រុកខ្លងហាត ខែត្រស្រះកែវថៃ ចម្ងាយប្រហែល៣គីឡូម៉ែតពីច្រកសំពៅលូនទឹកដីខ្មែរដែលបង្កឡើងដោយរថយន្តម៉ាក IZUZU កង់១០ និងរថយន្តធន់តូចម៉ាក់ VIGO ដែលបានបើកបញ្ច្រាសទិសគ្នា។
អាជ្ញាធរប៉ូលិសខ្មែរបានថ្លែងថា មូលហេតុនៃគ្រោះថ្នាក់នេះគឺបណ្តាលមកពីរថយន្តទាំងពីរបើកល្បឿនលឿនមកបុកគ្នានៅចំណុចផ្លូវកោង ហើយជនជាតិថៃបើករថយន្តម៉ាក IZUZU បានរត់គេចខ្លួនបាត់និងជនជាតិថៃបើករថយន្តម៉ាក VIGO បានគាបស្លាប់នៅក្នុងរថយន្ត។
កម្មករខ្មែរទាំង១៦នាក់បានជិះរថយន្តម៉ាក VIGO ដែលបើកបរដោយជនជាតិថៃក្នុងទិសដៅត្រឡប់មកទឹកដីខ្មែរវិញ បន្ទាប់ពីទៅធ្វើការកាច់ពោតឲ្យថៅកែថៃ។
ខ្មែរបីនាក់ដែលបានស្លាប់នោះមានឈ្មោះ ឆេង ភេទប្រុស អាយុ៤០ឆ្នាំ ឈ្មោះ សុខ ភឿន ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះ ស៊ីវន ភេទស្រី អាយុ១៨ ចំណែកឯអ្នករងរបួស១៣នាក់ទៀតត្រូវបានគេដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុកខ្លងហាត ៩នាក់ និងមន្ទីរពេទ្យរដ្ឋក្នុងខែត្រស្រះកែវ៤នាក់។
អធិការនគរបាលស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន បានថ្លែងថា សាកសពកម្មករខ្មែរបីនាក់ត្រូវបានសាច់ញាតិកំពុងធ្វើបុណ្យសពនៅឃុំសន្តិភាព ស្រុកសំពៅលូន ខែត្របាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី កង សាខន ស្នងការនគរបាលខែត្របាត់ដំបងបានថ្លែងថា សមត្ថកិច្ចនគរបាលកំពុងធ្វើការជាមួយភាគីថៃដើម្បីដោះស្រាយសំណងជូនជនរងគ្រោះនិងអ្នកដែលបានស្លាប់។
អាជ្ញាធរប៉ូលិសស្រុកសំពៅលូនបានថ្លែងថា ពួកគេកំពុងដើរប្រមូលឯកសារប័ណ្ណគ្រួសារនិងអត្តសញ្ញាណប័ណ្ណពីក្រុមគ្រួសារជនរងគ្រោះទាំង១៦នាក់ដើម្បីរៀបចំបញ្ជូនទៅឲ្យភាគីថៃដោះស្រាយជាសំណង ៖ «យើងកំពុងតែប្រមូលឯកសារដែលពាក់ព័ន្ធ ដូចអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅបណ្ដោះអាសន្នអីហ្នឹង យើងយកទៅដើម្បីសហការជាមួយថៃដើម្បីឲ្យគេដោះស្រាយឲ្យ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន កាលពីកន្លងទៅថ្មីៗនេះបានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរឈប់ឆ្លងដែនទៅធ្វើការស៊ីឈ្នួលឲ្យថៃដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ហើយជំរុញឲ្យប្រជាពលរដ្ឋខ្មែររកការងារក្នុងស្រុកធ្វើជំនួសវិញ៕
