ទាហាន​ការពារ​ក្រុមហ៊ុន​ឧកញ៉ា ណា ម៉ារ៉ាឌី បាញ់​ពលរដ្ឋ​ ៤​នាក់​របួស​ធ្ងន់

កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ (TTY) របស់​លោក​ឧកញ៉ា ណា ម៉ារ៉ាឌី បាន​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ចេញ​មុខ​តវ៉ា​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ប៉ះពាល់​ដី និង​ចំការ​ដំឡូង​របស់​ពួកគាត់ ឲ្យ​រង​របួស​ធ្ងន់​ចំនួន ៤​នាក់។

0:00 / 0:00

បច្ចុប្បន្ន​ក្រុម​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦​អា ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មិន​ឲ្យ​យានយន្ត​ឆ្លង​កាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ។

តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​កាបី ឬ​វាលបី ស្ថិត​ក្នុង​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២ បាន​អះអាង​ថា នេះ​ជា​អំពើ​ហិង្សា​ដែល​ត្រូវ​តែ​មាន​ការ​ដោះស្រាយ​សង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ។

លោក អ៊ុច អូន ជា​តំណាង​ប្រជាពលរដ្ឋ​ឃុំ​ពីរធ្នូ បាន​ឲ្យ​ដឹង​ថា ការ​បាញ់​រះ​របស់​កម្លាំង​ចំរុះ​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ បាន​បណ្តាល​​​​ឲ្យ​ពលរដ្ឋ​ចំនួន ៤​នាក់​របួស​ធ្ងន់។

លោក​បញ្ជាក់​ថា ផ្តើម​ពី​អំពើ​ហិង្សា​នេះ ពលរដ្ឋ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦​អា ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មិន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​នោះ​ទេ ដើម្បី​ទាម​ទារ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​​បាន​សំណូមពរ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ដក​សិទ្ធិ​ក្រុមហ៊ុន ធីធីវ៉ាយ បញ្ឈប់​មិន​ឲ្យ​ធ្វើ​សកម្មភាព​​នា​មូលដ្ឋាន​នេះ​ត​ទៅ​ទៀត។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ក៏​បាន​ស្នើ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ចំពោះ​សកម្ម​ភាព​បាញ់​រះ​របស់​ទាហាន​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ ឲ្យ​បាន​ឆាប់ និង​ត្រូវ​នាំ​ជន​ល្មើស​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគាត់​បាន​មក​រស់​នៅ និង​បង្កបង្កើន​ផល​ដូច​ជា​ដាំ​ដំឡូងមី និង​ដាំ​ស្វាយ នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​២០០៦ មក​​ម្ល៉េះ ប៉ុន្តែ​ក្រោយ​ពេល​មាន​វត្តមាន​ក្រុមហ៊ុន ធីធីវ៉ាយ មក​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នេះ គឺ​បាន​បង្ក​ឲ្យ​មាន​វិវាទ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ជា​បន្តបន្ទាប់ ដោយ​អាង​អំណាច​មន្ត្រី​មាន​អំណាច។

​ទាក់ទង​បញ្ហា​នេះ លោក អ៊ីវ សាភុំ ជា​អភិបាល​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​ចុះ​ដល់​ទីតាំង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា ​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត និង​មន្ត្រី​មូលដ្ឋាន ​កំពុង​ជួប​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បើក​ផ្លូវ​បាន​ធ្វើ​ចរាចរណ៍​ឡើង​វិញ និង​រង់ចាំ​រក​ដំណោះស្រាយ​ពេល​ក្រោយ។ ក្រៅ​ពី​នេះ លោក​ថា ជន​រង​គ្រោះ​ពី​ការ​បាញ់​រះ អាជ្ញាធរ​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ។

លោក សំរិទ្ធ វណ្ណា ជា​មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ។ លោក​បាន​សំណូមពរ​ទៅ​សមត្ថកិច្ច​រដ្ឋាភិបាល ត្រូវ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ ជា​ពិសេស​ត្រូវ​តាម​ចាប់​ជន​ដៃដល់​ប្រើ​អាវុធ​បាញ់​រះ​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ចំណែក​លោក អំ សំអាត ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ ដែល​បាន​ចុះ​អង្កេត​ដល់​ទី​កន្លែង​កើត​ហេតុ។ លោក​បាន​ថ្កោល​​ទោស​ចំពោះ​ទង្វើ​របស់​ទាហាន​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ ដែល​បាន​បាញ់​ឲ្យ​ពលរដ្ឋ​ចំនួន ៤​នាក់ រង​របួស​ធ្ងន់។ លោក​បាន​​អំពាវនាវ​ទៅ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ត្រូវ​ពិនិត្យ​ទៅ​លើ​ការ​គ្រប់គ្រង​កម្លាំង​ប្រដាប់​អាវុធ និង​អាវុធ​ជាតិ​ផ្ទុះ​សា​ឡើង​វិញ។

ទាក់ទង​អំពើ​ហិង្សា​នេះ លោក អន ឆេងអ៊ន ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ស្នើ​ទៅ​រដ្ឋាភិបាល ត្រូវ​ស្វែង​រក​ជន​ដៃដល់​ជា​កម្លាំង​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ ដែល​បាញ់​ពលរដ្ឋ​ឲ្យ​រង​របួស​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក​ឧត្ដមសេនីយ៍​ទោ អ៊ឹត សារិន ជា​ទីប្រឹក្សា​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ក្រសួង​ការពារ​ជាតិ ជា​តំណាង​ក្រុមហ៊ុន ធីធីវ៉ាយ ដើម្បី​បំភ្លឺ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួកគេ​នឹង​មិន​បើក​ផ្លូវ​ជាតិ​លេខ ៧៦​អា ឲ្យ​រថយន្ត​បើក​ឆ្លង​កាត់​ទេ ដរាប​ណា​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ​ចំពោះ​ការ​ដែល​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ របស់​លោក​ឧកញ៉ា ណា ម៉ារ៉ាឌី បាញ់​ពលរដ្ឋ​ឲ្យ​រង​របួស​ធ្ងន់ និង​ត្រូវ​បញ្ឈប់​គ្រឿងចក្រ​ក្រុមហ៊ុន​នេះ កុំ​ឲ្យ​ឈូស​រំលោភ​យក​ដី​ចំការ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត​ទេ​នោះ៕