តំណាងអង្គការក្រៅរដ្ឋាភិបាលចំនួន៤ បានចូលខ្លួនទៅតុលាការខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បន្ទាប់ពីបានទទួលដីកាកោះហៅមួយគ្មានចុះលេខ ប៉ុន្តែមានចុះហត្ថលេខាដោយចៅក្រមឈ្មោះ ថោ សារ៉ន ឲ្យចូលទៅឆ្លើយអំពីបទចោទប្រកាន់តាមក្រមព្រហ្មទណ្ឌមួយ បន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាម ដែលមានអ្នកគ្រប់គ្រងឈ្មោះ ជា គង់ ជាអ្នកដើមចោទ ប្តឹងពីករណីអង្គការទាំងនេះមិនបង់ប្រាក់ថ្លៃប្រមូលសំរាមប្រចាំខែ។
អង្គការទាំង៤ ដែលត្រូវបានតុលាការកោះហៅ មានអង្គការសហការអន្តរជាតិកម្ពុជា (ICC) សមាគមខ្មែរលើ (HA) អង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន (PSF) អង្គការជំងឺរបេង (VORORT) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)។
ប្រធានសមាគមខ្មែរលើ អ្នកស្រី ដាំ ចន្ធី បានរិះគន់ចំពោះការប្រើប្រយោគនៅក្នុងដីកាកោះហៅរបស់ចៅក្រម ដែលចោទពីបទព្រហ្មទណ្ឌថា ជាការគាបសង្កត់ផ្នែកស្មារតី។
អ្នកស្រី ដាំ ចន្ធី មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគិតថា ការហៅរបៀបហ្នឹងដូចជាការគាបសង្កត់មួយដែរ យើងប្រឈមមុខនឹងតុលាការ ហាក់បីដូចជាយើងជនជាប់ចោទអ៊ីចឹង»។
អនុប្រធានតុលាការខេត្តរតនគិរី និងជាចៅក្រម លោក ថោ សារ៉ន បានពន្យល់ថា ការប្រើពាក្យនៅក្នុងដីកាកោះហៅមកបំភ្លឺនោះ ក្រឡាបញ្ជីរបស់លោកមានការភ័ន្ត ដោយសារតែពាក្យបណ្តឹងរបស់ក្រុមហ៊ុនទាមទារឲ្យមានការពិន័យចំពោះការមិនបង់ប្រាក់ថ្លៃសំរាម ម៉្លោះហើយក្រឡាបញ្ជីក៏ចាត់ចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែទោះជាយ៉ាងណា លោកបានសម្រុះសម្រួលឲ្យតំណាងអង្គការទាំងនោះយល់ និងស្នើឲ្យគោរពគោលការណ៍របស់ខេត្ត ដែលបានតម្រូវឲ្យពួកគាត់បង់ថ្លៃសំរាម ៦ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងសងប្រាក់ថ្លៃប្រមូលសំរាមដែលមិនបានបង់ពីមុនមកនោះ ជូនទៅខាងក្រុមហ៊ុន។
លោក ថោ សារ៉ន បានពន្យល់បន្ត ៖ ចំពោះរឿងនេះមិនសំខាន់ថា ជាបទល្មើសរដ្ឋប្បវេណី ឬក៏បទល្មើសព្រហ្មទណ្ឌនោះទេ សំខាន់ជាកាតព្វកិច្ចដែលត្រូវគោរព ហើយបើក្នុងករណីនៅតែមិនគោរពគោលការណ៍របស់ខេត្ត ហើយភាគីក្រុមហ៊ុននៅប្តឹងទាមទារពិន័យទៀត ករណីនេះនឹងត្រូវទៅដល់ព្រះរាជអាជ្ញា ហើយក៏នឹងត្រូវចាត់ចូលជាបទព្រហ្មទណ្ឌ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនចង់ឲ្យមានការប្ដឹងផ្ដល់តទៅទៀតឡើយ។
លោក ថោ សារ៉ន មានប្រសាសន៍ថា ៖ «ទោះបីបទល្មើសព្រហ្មទណ្ឌក្តី រដ្ឋប្បវេណីក្តីនេះ ក៏មិនមែនជារឿងប្តឹងចូលតុលាការជាផ្លូវការនោះទេ។ ខ្ញុំជាអាជ្ញាកណ្ដាលសម្រុះសម្រួលមិនឲ្យមានទំនាស់តទៅទៀត»។
បន្ទាប់ពីបានបញ្ចប់ការសាកសួរនៅតុលាការអស់រយៈពេលប្រមាណ ១ម៉ោងរួចមក លោក វឹង បូរាណ តំណាងអង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន បានរៀបរាប់បែបនេះថា អង្គការនានានៅទីនេះ មិនបានបដិសេធមិនបង់ថ្លៃអនាម័យសម្អាតក្រុងនោះទេ ប៉ុន្តែកន្លងមកមានការពិភាក្សាគ្នាអំពីបញ្ហាតម្លៃដែលមិនទាន់បានឯកភាពគ្នារវាងអង្គការ និងក្រុមហ៊ុនដឹកសំរាម ដោយក្នុងនោះអង្គការទាំងអស់បានព្រមព្រៀងបង់ជូន ១០ដុល្លារក្នុងមួយខែៗ ឯខាងក្រុមហ៊ុនទាមទារឲ្យបង់ ២០ដុល្លារ ហើយខាងសាលាខេត្តស្នើឲ្យអង្គការទាំងនោះបង់ ៦ម៉ឺនរៀល ឬស្មើនឹង ១៥ដុល្លារ។
តំណាងអង្គការជំងឺរបេង លោក គឹម ហុង បានបញ្ជាក់ថា ៖ «ទីមួយលិខិតហ្នឹងវាខុស...ដែលយកមកប្រើ ហើយគាត់ដាក់ថា ព្រហ្មទណ្ឌ។ កំហុសមួយទៀត តើតុលាការ និងក្រុមហ៊ុនមានទំនាក់ទំនងគ្នាអីបានជាលិខិតតុលាការត្រូវក្រុមហ៊ុនជាអ្នកដើរចែកចាយក្នុងនាមក្រុមហ៊ុនជាដើមចោទ ហើយទៅជាគាត់ជាអ្នកចែកចាយដីការបស់តុលាការវិញ? ដីកាហ្នឹងអត់មានលេខទេ មិនដឹងថា គាត់ប្រតិបត្តិអង្គហេតុរបស់គាត់ហ្នឹងយ៉ាងម៉េច?»។
ក្រុមហ៊ុនដឹកសំរាមបានទទួលការអនុញ្ញាតសាកល្បងធ្វើសេវាកម្មប្រមូលសំរាមនៅក្រុងបានលុង ក្នុងរយៈពេល ៣ខែ ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០០៩ ក្រុមហ៊ុននេះបានធ្វើប្រតិបត្តិការរបស់ខ្លួនរហូតមក ប៉ុន្តែបញ្ហាតែងកើតតែងមានឡើងជាញឹកញាប់ ដោយសារតែរឿងតម្លៃប្រចាំខែ ត្រូវគេរិះគន់ជាទូទៅថា មានតម្លៃថ្លៃខ្ពស់ពេក ដែលគួរតែអាជ្ញាធរខេត្តពិនិត្យឡើងវិញ៕
