លោក សុខ ទូច ប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៤នាក់ បានស្លាប់ដោយសារជំងឺរាករូសដែលបានកើតមាននៅខេត្តកំពង់ស្ពឺ ក្នុងប៉ុន្មានថ្ងៃមកនេះ។ លោកបន្តថា រហូតមកដល់ពេលនេះមន្ត្រីជំនាញសុខាភិបាលនៅមិនទាន់អាចវាយតម្លៃបានថា ជំងឺរាករូសនេះបណ្តាលមកពីមូលហេតុអ្វី ឬជាជំងឺអ្វីឲ្យពិតប្រាដកនៅឡើយទេ។
មន្ត្រីជំនាញរូបនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើអនាម័យទៅលើចំណីអាហារឲ្យបានគ្រប់ៗគ្នា មានន័យថា ត្រូវហូបទឹកស្អាតដែលដាំពុះ ត្រូវបន្ទោបង់តែក្នុងបង្គន់និងត្រូវលាងដៃឲ្យស្អាតមុននឹងរៀបចំធ្វើម្ហូបឬហូបអាហារ។
លោក សុខ ទូច បានមានប្រសាសន៍ដូច្នេះ ៖ «ក្រុមការងារយើងកំពុងតែចុះទៅ ប៉ុន្តែក្នុងករណីនេះយើងបានទទួលព័ត៌មានដំបូងថា មានស្លាប់តាំងពីថ្ងៃ២៩ (មករា) ថ្ងៃ១ ថ្ងៃ៥ ថ្ងៃ៦ (កុម្ភៈ)។ របាយការណ៍មកថា មាន៤នាក់ស្លាប់ ប៉ុន្តែមិនមែនកន្លែងតែមួយទេ កន្លែងផ្សេងគ្នា។ ខ្ញុំឆ្លៀតឱកាសនេះជម្រាបជូនផងដែរ ព្រោះបងប្អូនយើងគាត់ធ្លាប់មិនចាប់អារម្មណ៍ចំពោះការរាករូស ដូច្នេះការរាករូសសំខាន់ណាស់ គឺស្លាប់ដោយសារខ្វះជាតិទឹក ដូច្នេះសូមឲ្យបងប្អូនប្រយ័ត្ន បើមានការរាករូសសូមឲ្យមកមណ្ឌលសុខភាពជាបន្ទាន់ដើម្បីទទួលការព្យាបាល»។
មេឃុំវល្លិស លោក នៅ ឌឹម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ថា ជំងឺរាករូសដែលបានរាតត្បាតនៅមូលដ្ឋានរបស់លោកមិនទាន់ស្ងប់នៅឡើយទេ ផ្ទុយទៅវិញបានបន្តឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។ លោកឲ្យដឹងថា គ្រាន់តែមួយថ្ងៃគត់ គឺថ្ងៃទី៧ ខែកុម្ភៈ មានពលរដ្ឋឆ្លងជំងឺរាករូសចម្លែកនេះជិត១០នាក់បន្ថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចនិងបានអំពាវនាវដល់មន្ត្រីជំនាញក្រសួងសុខាភិបាលចុះត្រួតពិនិត្យនិងអន្តរាគមន៍ជាបន្ទាន់។
លោក នៅ ឌឹម បានឲ្យដឹងដូច្នេះថា ៖ «បង្កើនភូមិចំបក់៣នាក់ ភូមិស្លា៣នាក់ទៀតរាករូសហ្នឹង ហើយភូមិព្រៃកោះក៏បង្កើនទៀតដែរ។ ខ្ញុំចុះទៅហ្នុងហើយ ចុះទៅមើលផ្ទាល់តែម្ដងថា តើរោគសញ្ញាស្អី? សំខាន់រឿងអាសន្នរោគ ប៉ុន្តែរោគហ្នឹងស្ទង់មើលគេថា លើអាសន្នរោគទៅទៀត ជាហើយក៏សុខភាពអត់សូវស្រួលដែរ»។
លោក អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ជំងឺរាករូសចម្លែកនេះបានគ្របដណ្តប់ទៅលើប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ មិនតិចជាង៤ស្រុកនោះទេ ក្នុងនោះមានក្រុងច្បារមន ស្រុកសំរោងទង ស្រុកបរសេដ្ឋនិងស្រុកឧត្តុង្គជាដើម។
ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ បានបន្ទោសទៅលើភាពយឺតយ៉ាវរបស់មន្ត្រីជំនាញក្រសួង ឬមន្ទីរសុខាភិបាលក្នុងការចុះស្រាវជ្រាវនិងត្រួតពិនិត្យជំងឺរាករូសដែលរាតត្បាតនេះ បើទោះជាប្រជាពលរដ្ឋបានអំពាវនាវសុំកិច្ចអន្តរាគមន៍បែបណាក្តី៕
