លោកស្រី សុខ វណ្ណឌី ម្តាយយុវជនរងគ្រោះ បានមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទថា ពាក្យប្តឹងចោទប្រកាន់ក្រុមនគរបាលក្រុងប៉ោយប៉ែតបានដាក់ទៅតុលាការខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។
លោកស្រី សុខ វណ្ណឌី បានបញ្ជាក់ថា ៖ «ជំងឺចិត្តហ្នឹងគឺកូនខ្ញុំដាក់ពាក្យបណ្ដឹងនោះគឺម្នាក់ ៣លានរៀល ៤នាក់ហ្នឹង ១២លានរៀល។ យើងវ៉ៃដំច្រំធាក់គេ អាងតែប៉ូលិសចេះតែដើរវ៉ៃគេ ថ្ងៃក្រោយមិនដឹងវ៉ៃប៉ះអាណាអាណីទៅ មិនងាប់ទៀតហើយ កូនគេគ្មានម៉ែ គ្មានឪ!»។
លោក សូ វ៉ាត ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តុលាការបានទទួលពាក្យប្តឹងពីជនរងគ្រោះ។ លោកបន្តថា នឹងកោះហៅភាគីទាំងពីរមកសាកសួរនាពេលខាងមុខនេះ។
លោក សូ វ៉ាត បានអះអាងថា ៖ «ចូលធ្វើការសប្ដាហ៍ក្រោយហ្នឹងចាត់ចែងហើយ ទាំងអ្នកខុស អ្នកត្រូវ។ ទាល់តែយើងសួរដេញដោលអី អាចតទល់គ្នា ឬសាក្សីអី អាហ្នឹងបានដឹងការពិតបាន»។
នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតនោះមានឈ្មោះ សោម ដារ៉ា, អ៊ុល ចន្ថា, អុំ សម្ផស្ស និងនគរបាលម្នាក់ទៀតមិនស្គាល់ឈ្មោះ រងការចោទថា បានប្រើកាំភ្លើងវាយក្បាល ទាត់ធាក់ និងចាប់ក្បាលយុវជនឈ្មោះ ចាន់ អ៊ិច បោកផ្ទប់ទៅនឹងសសរថ្មរហូតដល់សន្លប់ រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ ចាន់ អ៊ិច ហៅ ចិត្រ អាយុ ២៤ឆ្នាំ បានថ្លែងថា កាលពីថ្ងៃទី២៣ ខែមករា គាត់បានចូលខ្លួនទៅបំភ្លឺឲ្យឈ្មោះ ជន រិទ្ធី ដែលនគរបាលចាប់ខ្លួនក្រោយពីប៉ូលិសបានចោទ ជន រិទ្ធី ដែលជាមិត្តភ័ក្តិរបស់គេ ថាបានលួចគាស់ផ្ទះមួយកាលពីយប់ថ្ងៃទី២២ ខែមករា។ ក្រោយការបំភ្លឺ ចាន់ អ៊ិច បានសុំចេញមកផ្ទះ ស្រាប់តែនគរបាលនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ៤នាក់នាំចូលទៅបន្ទប់ខាងក្នុង រួចយកច្រវាក់និងខ្នោះដៃមកចាក់សោហើយវាយដំតែម្តង។
ប៉ុន្តែនគរបាលវិញបានច្រានការចោទប្រកាន់របស់ជនរងគ្រោះដោយទម្លាក់កំហុសថា ជនរងគ្រោះបានពុលថ្នាំញៀនបោកក្បាលខ្លួនឯង ទើបនគរបាលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បើទោះបីជាមានការបដិសេធពីក្រុមប៉ូលិស ប៉ុន្តែសមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកករណីខាងលើនេះថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក ស៊ុម ចាន់គា បានមានប្រសាសន៍ថា សមាគមអាដហុកនឹងដាក់លិខិតអន្តរាគមន៍ទៅតុលាការថែមទៀតដើម្បីទាមទារឲ្យក្រុមនគរបាលទទួលខុសត្រូវចំពោះមុខច្បាប់លើករណីខាងលើនេះ។
លោក ស៊ុម ចាន់គា បានមានប្រសាសន៍ថា ៖ «ព្រោះថា មិនមែនមន្ត្រីនគរបាលយុត្តិធម៌ហ្នឹងគេមិនអាចផ្ដន្ទាទោសបានទេ ឲ្យតែប្រព្រឹត្តខុសត្រូវតែផ្ដន្ទាទោសតាមច្បាប់ ហើយអ្នកឯងជាមន្ត្រីយុត្តិធម៌មែន ប៉ុន្តែអ្នកឯងប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលទោសតាមច្បាប់ដូចរាស្ត្រដែរ»។
លោកបន្តថា សមាគមការពារសិទ្ធិមនុស្ស អាដហុក នៅតែទទូចស្នើឲ្យតុលាការខេត្តបន្ទាយមានជ័យចាត់វិធានការផ្លូវច្បាប់ដាក់ទោសទណ្ឌមន្ត្រីនគរបាលឲ្យមានប្រសិទ្ធភាពចំពោះករណីដែលនគរបាលបានប្រើអំណាចវាយដំទៅលើជនរងគ្រោះ៕
