តុលាការខេត្តបាត់ដំបងកំពុងស្វែងរកភស្តុតាងដើម្បីដាក់ទោសប៉ូលិស៤នាក់ទាក់ទងនឹងការស្លាប់បុរសម្នាក់នៅកន្លែងឃុំខ្លួនរបស់អធិការដ្ឋានប៉ូលិសក្រុងប៉ៃលិនកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ។
ព្រះរាជអាជ្ញារងតុលាការខេត្តបាត់ដំបង លោក កូយ កាន់យ៉ា បានថ្លែងនៅថ្ងៃអាទិត្យថា តុលាការនឹងបើកការស៊ើបអង្កេតជាបឋមនៅក្រោយពេលទទួលបានពាក្យបណ្តឹងពីគ្រួសារសពជនរងគ្រោះ។
លោក កូយ កាន់យ៉ា បានឲ្យដឹងថា ៖ «បើសិនជាបញ្ជាក់ថា មន្ត្រីនគរបាលបានធ្វើទារុណកម្មដល់ស្លាប់មន្ត្រីហ្នឹងមានទោសហើយ ប៉ុន្តែបើសិនជាកោសល្យវិច័យបញ្ជាក់ថា អ្នកហ្នឹងធ្វើអត្តឃាត អាហ្នឹងអាចនឹងធ្វើការស្នើសុំទៅអគ្គសាលាមហាសាលាឧទ្ធរណ៍ដើម្បីដក់នីតិសម្បទាគាត់ពីមន្ត្រីនគរបាលយុត្តិធម៌»។
លោកស្រី កែន សូត្រ បានថ្លែងថា ប្តីលោកស្រីឈ្មោះ នាក់ ណែម អាយុ៥១ឆ្នាំ មានមុខរបរធ្វើស្រែចម្ការនៅភូមិបហុយខាងជើង សង្កាត់បយ៉ាខា ខណ្ឌនិងខេត្តប៉ៃលិន ត្រូវបានអ្នកស្រីប្ដឹងឲ្យប៉ូលិសចាប់យកទៅអប់រំកាលពីថ្ងៃទី២៧ ខែឧសភា បន្ទាប់ពីបុរសជាប្ដីបានប្រើអំពើហិង្សារករឿងជេរប្រពន្ធកូន ប៉ុន្តែក្រោយមកនៅវេលាម៉ោង១០:៤០នាទីយប់ថ្ងៃដដែលត្រូវបានគេប្រទះឃើញស្លាប់នៅបន្ទប់ធ្វើការរបស់ប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនទៅវិញ។
នាយផ្នែកត្រួតពិនិត្យកន្លែងកើតហេតុនិងសាកសពនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោក សូ រិន បានថ្លែងថា សព នាក់ ណែម បានស្លាប់ដោយសារការប្រើអាវយឺតចងកជាប់នឹងដែកចង្រឹងបង្អួចក្នុងបន្ទប់ ព្រោះនៅត្រង់ប្រដាប់ភេទមានហូរទឹកកាមនិងរន្ធគូថមានហូរឈាម។
ចំណែកឯអធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន លោក ហ៊ឹម មូក បានថ្លែងទទួលស្គាល់ថាជាការធ្វេសប្រហែស។
យ៉ាងនេះក្តី លោក នាក់ និច ត្រូវជាកូនសពជនរងគ្រោះបានដាក់ការមន្ទិលសង្ស័យដោយអះអាងបញ្ជាក់ថា គ្មានមូលហេតុណាដែលឪពុករបស់ខ្លួនត្រូវស្លាប់ដោយអំពើអត្តឃាតដូច្នេះឡើយ។
លោក នាក់ និច បានបញ្ជាក់ថា ៖ «បើថាគាត់ចងក អត់ឃើញចងកទេ ឃើញសម្រាកនៅដី ហើយបើសិនជាចងក មានភ្នែកលៀន មានអណ្តាតធ្លាក់ អត់មានទេ ដែលធ្វើឲ្យយើងសង្ស័យ»។
ទាក់ទិនករណីខាងលើនេះ មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក លោក ឈូន មករា ថ្លែងថា មន្ត្រីនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងមន្ត្រីសិទ្ធិមនុស្សលីកាដូដែលមានមូលដ្ឋាននៅខេត្តភាគពាយ័ព្យគ្រោងនឹងទៅខេត្តប៉ៃលិននៅថ្ងៃស្អែកនេះដើម្បីស្រាវជ្រាវ។
គួរបញ្ជាក់ថា កាលពីដើមខែមេសាកន្លងទៅនគរបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏ធ្លាប់រងការចោទប្រកាន់ពីការទុកបណ្តោយឲ្យបុរសម្នាក់ស្លាប់នៅកន្លែងរបស់ប៉ូលិសនៅក្រោយការចាប់ខ្លួននេះដែរ។
ក្រុមមន្ត្រីការពារសិទ្ធិមនុស្សបានហៅទង្វើនៅទីនោះថាជាទង្វើមើលស្រាលជីវិតមនុស្ស ហើយជាមួយគ្នានេះគេបានទាមទារថា ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាលខ្មែរ ត្រូវតែមានវិធានការដាក់ទោសទណ្ឌទៅលើមន្ត្រីប៉ូលិសដើម្បីបង្ខំឲ្យមានការទទួលខុសត្រូវចំពោះជីវិតមនុស្សរាល់ពេលឃុំឃាំងនិងការសួរចម្លើយ៕
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
យុវជនម្នាក់នៅព្រៃវែងរងរបួសធ្ងន់ដោយសារក្រុមក្មេងទំនើងលួចកាប់
ប្រធានមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តកណ្តាលត្រូវចាប់ខ្លួនពីបទវាយដំកុមារ
ជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងសម្លាប់មនុស្សត្រូវបានដោះលែង
ទាហានថៃរងការចោទថាប្រើអំពើហិង្សាលើស្រ្ដីខ្មែរម្នាក់ឲ្យរងរបួស