ជំនន់​ទឹក​ភ្លៀង​កំពុង​ជន់​លិច​ស្រុក​ចំនួន​៤ នៅ​ខេត្ត​ព្រះវិហារ

មន្រ្តី​ធនធាន​ទឹក​នៅ​ខេត្ត​ព្រះវិហារ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ស្ទឹងសែន ធ្វើការ​ប្រុង​ប្រយ័ត្ន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ថា តំបន់​នោះ​នឹង​មាន​ព្យុះ​បណ្ដាល​ឲ្យ​កម្ពស់​ទឹក អាច​ឡើង​ខ្លាំង​បន្ថែម​ទៀត ខណៈ​ដែល​ទឹក​ជំនន់​បណ្ដាល​ពី​ភ្លៀង​កំពុង​ជន់​លិច​ស្រុក​ចំនួន ៤ នៅ​ឡើយ។

0:00 / 0:00

ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​ព្រះវិហារ លោក ជា មុនីវិសិដ្ឋ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​កញ្ញា ថា កម្ពស់​ទឹក​ជំនន់​នៅ​តាម​តំបន់​ដង​ស្ទឹង អាច​នឹង​ឡើង​ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដោយសារ​តែ​នឹង​មាន​ខ្យល់​ព្យុះ ហើយ​លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន។

លោក ជា មុនីវិសិដ្ឋ មាន​ប្រសាសន៍​ថា ៖ «យើង​បាន​ប្រកាស​អាសន្ន​ជូន​គាត់​ហើយ ឲ្យ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ស្ថានភាព​ទឹក​ដែល​ឡើង ពីព្រោះ​នឹង​មាន​ព្យុះ​មួយ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ឡើង​លឿន​បាន។ ថ្ងៃ​នេះ​ចាប់​ផ្ដើម​ស្រក​វិញ ស្រក​បាន ៥​សង្ទីម៉ែត្រ​ហើយ»

លោក ជា មុនីវិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​បណ្ដាល​ពី​ភ្លៀង បាន​លិច​ស្រុក​ចំនួន ៤ នៃ​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ជាំក្សាន្ត ស្រុក​គូលែន ស្រុក​ត្បែង​មាន​ជ័យ និង​ស្រុក​ជ័យសែន។ ហើយ​មក​ទល់​ថ្ងៃ​ពុធ បើ​ទោះ​បី​ជា​ទឹក​បាន​ស្រក​ចុះ ៥​សង្ទីម៉ែត្រ​ក៏​ដោយ ក៏​កម្ពស់​ទឹក​ជំនន់​នៅ​តាម​មាត់​ស្ទឹង នៅ​មាន​កម្ពស់ ១,៧០​ម៉ែត្រ នៅ​ឡើយ។

មន្រ្តី​អាជ្ញាធរ​បាន​និយាយ​ថា ទឹក​ជំនន់​ដែល​កំពុង​ជន់​លិច​ស្រុក​ចំនួន ៤​នេះ បាន​ប៉ះពាល់​ដល់​សត្វ​ពាហនៈ ដំណាំ​ចម្ការ និង​ស្រូវ​សន្ទូង​ខ្លះ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​បាន​ដឹង​ស្ថិតិ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ លោក ពឹង ទ្រីដា បាន​មាន​ប្រសាសន៍​ថា តាម​តួលេខ​បណ្ដោះ​អាសន្ន លោក​ដឹង​ថា សន្ទូង​កសិករ​ប្រមាណ ១​ពាន់​ហិកតារ​កំពុង​ត្រូវ​ទឹក​ជន់​លិច ហើយ​ផល​ដំណាំ​មួយ​ចំនួន​ត្រូវ​ខូចខាត ៖ «ល្ងាច​មិញ​នេះ ផល​ប៉ះពាល់ ៤​ស្រុក វា​អស់​ជាង ១​ពាន់​ហិកតារ។ អត់​ទាន់​រលួយ​ខូច​ទេ ព្រោះ​ទឹក​វា​ឡើង​ខ្លាំង​ចាប់​ពី​ថ្ងៃ​១៧ មក ប៉ុន្តែ​នៅ​តំបន់​ខ្ពង់រាប​យើង​ហ្នឹង ទឹក​វា​មាន​ចលនា ដូច្នេះ​ការលិច​ស្រូវ​ហ្នឹង រយៈពេល​មួយ​អាទិត្យ ទៅ ១០​ថ្ងៃ​ហ្នឹង អត់​អី​ទេ ប៉ុន្តែ​បើ​វា​យូរ​ជាង​នេះ វា​គ្រាន់តែ​ប៉ះពាល់​ទិន្នផល​ធ្លាក់​ចុះ ក្នុង​កម្រិត​ណា​មួយ​ទេ បើ​ថា​ឲ្យ​ខូច​ទាំង​ស្រុង​តែ​ម្ដង​អត់​ទេ»

មន្រ្តី​ដដែល​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​កសិកម្ម​កំពុង​ត្រៀម​ពូជ​ស្រូវ​សម្រាប់​ផ្ដល់​ឲ្យ​កិសករ​ដែល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់ ឲ្យ​ត្រៀម​ធ្វើ​ស្រែ​ឡើង​វិញ និង​ត្រៀម​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​សត្វ​គោ ក្របី នៅ​ក្រោយ​ទឹក​ជំនន់​ផង។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដំណាក់ ឃុំ​កំពង់ប្រណាក ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹង​ថា ពេល​នេះ ទឹក​ជំនន់​កំពុង​លិច​ភូមិ​និង​វាល​ស្រែ​របស់​ពួក​គេ ហើយ​អ្នកភូមិ​ជា​ច្រើន​កំពុង​ចាកចោល​ផ្ទះ ទៅ​រក​ទីទួល ៖ «លិច​ច្រើន​ដែរ ១២៧​ខ្នង​ផ្ទះ គ្រាន់​លិច។ ទឹក​ល្ហល្ហាច។ ប្រជាជន​នៅ​ផ្ទះ​ធ្វើ​ទ្រនើរ​ឡើង​ខ្លះ ឡើង​គោក​ខ្លះ រក​ទួល នៅ​ផ្ទះ​បង​ប្អូន។ សត្វ​អី​សែង​មក​លើ​អស់​ហើយ ងាប់​អស់​ហើយ​ដំណាំ​អី គ្មាន​សល់​ទេ»

សូម​រំឭក​ថា កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០០៧ កន្លង​មក ទឹក​ជំនន់​បាន​លិច​ស្រុក​ទាំង​៧ នៃ​ខេត្ត​ព្រះវិហារ ដែល​បណ្ដាល​ឲ្យ​ស្រ្តី​ម្នាក់​និង​កុមារ​ម្នាក់​បាន​ស្លាប់ ផ្ទះ​ចំនួន​ជាង ២២៩០​ខ្នង ត្រូវ​ទឹក​លិច​និង​សត្វ​គោ​ក្របី ប្រមាណ ៨០​ក្បាល បាន​ងាប់​និង​បាត់​ខ្លួន៕