តុលាការ​កោះ​ហៅ​អ្នក​ភូមិ​នៅ​រតនគិរី​៤​នាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី

ចៅក្រម​តុលាការ​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ប៉ាតាង ៤​នាក់ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ខាង​មុខ​នេះ ទាក់​ទិន​រឿង​ផ្ដិត​មេដៃ​តវ៉ា​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជាមួយ​ក្រុមហ៊ុន​ឯកជន។

អ្នក​ភូមិ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ប៉ាតាង ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្តរតនគិរី ចោទ​ប្រកាន់​មេ​ឃុំ និង​មេ​ភូមិ​របស់​ខ្លួន​ថា បាន​លួង​លោម​ពួកគាត់​ឲ្យ​ឆ្លើយ​ទម្លាក់​កំហុស​ទៅ​លើ​សមាជិក​សហគមន៍​ចំនួន​ពីរ​នាក់​ថា បាន​ញុះញង់​ឲ្យ​គាត់​ផ្ដិត​មេដៃ​តវ៉ា​ទាមទារ​ដី​សហគមន៍​ជាង ២០០​ហិកតា ដែល​ក្រុមហ៊ុន ឌី.អឹម ហ្រ្គូប កំពុង​គ្រប់គ្រង ឬ​កុំ​ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ​តាម​ដីកា​កោះ​ហៅ​ក្នុង​រឿង​តវ៉ា​នោះ។

អ្នក​ភូមិ​ឈ្មោះ ណិត ផាន មាន​ប្រសាសន៍​បញ្ជាក់​នៅ​ឯ​ការិយាល័យ​សមាគម​អាដហុក ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០ ពី​ការ​ចោទ​ប្រកាន់​ខាង​លើ​ថា ៖ «បង្ខំ​ឲ្យ​ខ្ញុំ​ប្រាប់​ថា បង​ថន បង​វ៉េវ អូស​ទាញ​ខ្ញុំ។ ហាម​ដែរ ហាម​អូន​ឯង​កុំ​ទៅ​តុលាការ អូន​ឯង​ល្ងង់​និយាយ​ផ្ដេសផ្ដាស​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មេ​ភូមិ​ប៉ាតាង លោក ថែង ម៉ាំង ដើម្បី​បំភ្លឺ​សេចក្ដី​ចោទ​របស់​អ្នក​ភូមិ​បាន​ទេ ក៏​ប៉ុន្តែ​មេ​ឃុំ​ប៉ាតាង លោក គឹត ចេន បាន​បដិសេធ​សេចក្ដី​ចោទ​នោះ ៖ «វា​ចេះ​តែ​និយាយៗ​ទៅ ខ្ញុំ​អត់​បញ្ហា​ទេ»

មេធាវី​ការពារ​ក្ដី​សមាគម​អាដហុក លោក ឡុង លន់ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ ៤​នាក់ ដែល​តុលាការ​ចេញ​ដីកា​កោះ​ហៅ​មាន​ឈ្មោះ ស្វិន វ៉េវ, យ៉ាង ថន, យ៉ា ខាំនា អ្នក​ទាំង​បី​ជា​កូន​ក្ដី​របស់​លោក​ដែល​ក្រុមហ៊ុន ឌី.អឹម ហ្គ្រូប ប្តឹង​ចោទ​ពី​បទ​រំលោភ​ដី និង​បំផ្លាញ​ដើម​កៅស៊ូ​ក្រុមហ៊ុន ហើយ​ត្រូវ​តុលាការ​ចេញ​ដីកា​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ លោក​បន្ត​ថា ការ​កោះ​ហៅ​លើក​នេះ គឺ​ដើម្បី​មក​ឆ្លើយ​បំភ្លឺ​ពី​ករណី​មិន​គោរព​ការ​សន្យា​នេះ ហើយ​លោក​ក៏​នឹង​ទទួល​ការពារ​ក្ដី​ឲ្យ​អ្នក​ភូមិ​ឈ្មោះ ណិត ផាន ដែល​ត្រូវ​កោះ​ហៅ​ពី​បទ​ជាប់​ពាក់ព័ន្ធ​ករណី​នេះ​ដែរ។

ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​រតនគិរី លោក ថោ សារ៉ន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ប៉ាតាង​ជំនូន ៤​នាក់ ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ បន្ទាប់​ពី​អ្នក​ភូមិ​ប៉ាតាង​ប្រមាណ ៥០​នាក់ បាន​ផ្ដិត​មេដៃ​ជា​តវ៉ា​សុំ​ឲ្យ​តុលាការ​ដោះស្រាយ​រឿង​ដីធ្លី ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ហើយ​ពុំ​មាន​ការ​ដោះស្រាយ។ ចំណែក​អ្នក​ភូមិ​ជាង ១០​នាក់​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ចោទ​ប្រកាន់​វិញ​ថា រំលោភ​ដី និង​បំផ្លាញ​ដើម​កៅស៊ូ​ក្រុមហ៊ុន។ ក្នុង​នោះ​អ្នក​ភូមិ​ជាង ១០​នាក់​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​តាម​ផ្លូវ​តុលាការ​កាល​ពី​ឆ្នាំ​២០០៩។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ខាង​លើ​បាន​មក​ដល់​ការិយាល័យ​របស់​លោក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សេចក្ដី​រាយ​ការណ៍​ខាង​លើ ៖ «បើ​សិន​អ្នក​ភូមិ​ត្រូវ​វិញ មេ​ឃុំ​ហ្នឹង​ចូល​បទ​ញុះញង់​ហើយ»

ចៅក្រម​តុលាការ​ខេត្ត​រតនគិរី លោក ថោ សារ៉ន មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ វា​ជា​បញ្ហា​រវាង​អ្នក​ភូមិ និង​មន្ត្រី​មូលដ្ឋាន ៖ «ក្រែង​តែ​ហៅ​មក​សួរ​អង្កេត​ឃើញ​ថា ពិត​ជា​បង្ខំ​អ៊ីចឹង​មែន មាន​ភស្តុតាង​គ្រប់គ្រាន់ អា​ហ្នឹង​វា​ខុស​ហើយ»

អ្នក​ភូមិ​ប៉ាតាង​ជាង ១០០​គ្រួសារ កាល​ពី​ឆ្នាំ​២០០៥ បាន​ប្ដឹង​ទាមទារ​ដី​ជាង ២០០​ហិកតា ដែល​អ្នក​ភូមិ​គ្រប់គ្រង​ដាំ​ដុះ​តាំង​ពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​អ្នក​ភូមិ​សាយ៉ោះ ឃុំ​កាឡែង មាន​ព្រំ​ប្រទល់​ជាប់​គ្នា បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​លក់​ដី​នោះ និង​មាន​ការ​ចូល​រួម​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​មូលដ្ឋាន​ឃុំ​កាឡែង និង​ស្រុក​លំផាត់ ដោយ​សំអាង​ថា ដី​នោះ​ជា​ដី​អតីត​ដូន​តា​របស់​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភូមិ​សាយ៉ោះ​គ្រប់គ្រង​ពី​សម័យ​មុន​ឆ្នាំ​១៩៧៩ ហើយ​បន្ទាប់​មក​ដី​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន ឌី.អឹម ហ្គ្រូប ធ្វើការ​ឈូស​ឆាយ​ដាំ​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក៕