យោធា​៤​នាក់​នៅ​កំពត​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់

យោធា​៤​នាក់​នៅ​ខេត្ត​កំពត​រង​ការ​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្តី​ម្នាក់​ជា​ម្ចាស់​ដី និង​បាន​ដេញ​កាប់​សកម្មជន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​ជា​អ្នក​តាមដាន​ពិនិត្យ​មើល​ហេតុការណ៍​នោះ។

ប្រភព​ពី​ប្រជាពលរដ្ឋ​និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​យោធា​ចំនួន ៤​នាក់​មក​ពី​កង​ពល​អន្តរាគមន៍​លេខ​១១ នៅ​ថៃ្ង​៤ កុម្ភៈ បាន​មក​កាប់​បំផ្លាញ​ដើម​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ដើម និង​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្តី​ម្នាក់ ព្រមទាំង​បាន​គំរាម​រឹបអូស​យក​ដី​ធ្លី​ចំនួន ២​ហិកតា​របស់​គាត់​ទៀត។

ជាមួយ​គ្នា​នេះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រង​ការ​ដេញ​កាប់​និង​គំរាម​សម្លាប់ នៅ​គ្រា​ដែល​សកម្មជន​រូប​នោះ​បាន​ទៅ​តាមដាន និង​ថត​យក​រូបភាព​អំពី​សកម្មភាព​ប្រើ​អំពើ​ហិង្សា​នោះ។

នេះ​ជា​លើក​ទី​ពីរ​ហើយ ក្រោយ​ពី​អំពើ​ហិង្សា​លើក​ដំបូង​បាន​កើត​មាន​ទ្បើង​កាល​ពី​ពេល​ថ្មីៗ​នេះ។ យោធា​ចំនួន ៤​នាក់​នោះ​មាន​ឈ្មោះ ង៉ែត វ៉ន ហៅ អឿន, សុខ កុសល, នៅ ជឿន និង ព្រំ ឈាន ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​នោះ។

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ឈ្មោះ មាណ ណាំង អាយុ ៣៩​ឆ្នាំ នៅ​ក្នុង​ភូមិ​ត្រពាំងឈើទាល ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ត​កំពត បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា ៖ «វា​អត់​មាន​ថា​អី​ទេ វា​មក​ដល់​កាប់​ផូងៗ​តែម្ដង! ស្វាយ​អស់ ១៧​(ដើម) ដូង ២​ដើម ខ្នុរ ៣​ដើម ហើយ​ទៀប ៣​ដើម។ វា​គំរាម​ខ្ញុំ ហើយ​ធាក់​ខ្ញុំ​មួយ​ជើង ហើយ​កាច់​ដៃ​ខ្ញុំ​ទៀត! គោលបំណង​វា​ចង់​បាន​ដី ២​ហិកតា។ ព្រួយ ភ័យ ញ័រ​អស់​ហើយ!»

លោក ព្រំ ពិសិទ្ធិ ជា​សកម្មជន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ក្នុង​ខេត្ត​កំពត ដែល​បាន​តាមដាន​និង​ថត​រូបភាព​អំពី​អំពើ​ហិង្សា​លើ​ស្រ្តី​នោះ ក៏​រង​ទទួល​រង​ការ​គំរាម​ពី​ក្រុម​យោធា​នោះ​ផងដែរ។ លោក​បាន​អះអាង​ថា យោធា​ឈ្មោះ ង៉ែត វ៉ន ហៅ អឿន បាន​ប្រើ​កាំបិត​ដេញ​កាប់​លោក។

លោក ព្រំ ពិសិទ្ធិ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្ញុំ ព្រោះ​ថា វា​ដេញ​សម្លាប់​ខ្ញុំ​អត់​បាន ហើយ​វា​ថា មិន​ឲ្យ​រួច​ខ្លួន​ទៀត!»

សុខ សេរី ៖ គេ​គំរាម​ថា​ម៉េច? ព្រំ ពិសិទ្ធិ ៖ វា​ដេញ​កាប់​ខ្ញុំ​តែម្ដង ដេញ ខ្ញុំ​រត់​តែម្ដង ហើយ​ដល់​ពេល​ខ្ញុំ​រត់​រួច វា​ថា "អ្ហែង​រត់​រួច​ក៏​អត់​ឲ្យ​រួច​ខ្លួន​ដែរ អញ​សម្លាប់​អ្ហែង​ឲ្យ​បាន"។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ​ពី​ក្រុម​យោធា​ចំនួន ៤​នាក់​នោះ ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​ការ​អះអាង​របស់​ជន​រង​គ្រោះ​ខាង​លើ​បាន​នៅ​ទ្បើយ​ទេ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ​នេះ។

មេ​ឃុំ​ច្រេស នៅ​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត លោក អ៊ូ យឿន ដែល​កំពុង​តែ​ចុះ​ទៅ​ដោះស្រាយ​ផ្ទាល់​ជាមួយ​នឹង​អាជ្ញាធរ​ស្រុក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ មក​ទាំង​ពី​ចៅហ្វាយ​ស្រុក​អី»

សុខ សេរី ៖ បំណង​នៃ​យោធា ៤​នាក់​ហ្នឹង​គឺ​ចង់​បាន​អ្វី? អ៊ូ យឿន ៖ ចង់​បាន​ដី​ហ្នឹង។ សុខ សេរី ៖ តើ​ជា​ដី​ស្រប​ច្បាប់​របស់​គាត់ ៤​នាក់​ហ្នឹង ឬ​ក៏​ជា​ដី​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ? អ៊ូ យឿន ៖ អត់​ស្រប​ច្បាប់​ទេ អា​ហ្នឹង​វា​បំពាន​លើ​គ្នា​អ៊ីចឹង បំពាន​លើ​អា​ធ្វើ​មុន។

សុខ សេរី ៖ លោក​ពូ​មាន​គម្រោងការ​អន្តរាគមន៍​ទៅ​មេ​បញ្ជាការ​ដើម្បី​បញ្ឈប់​សកម្មភាព​យោធា ៤​នាក់​ហ្នឹង​ទេ? អ៊ូ យឿន ៖ ចៅហ្វាយ​ស្រុក​គាត់​បាន​តេ​ទៅ​ឲ្យ​បញ្ឈប់​សកម្មភាព​ហ្នឹង។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ការ​ដេញ​តាម​កាប់​សកម្មជន​សិទ្ធិ​មនុស្ស​គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​ចេតនា គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «ករណី​នេះ​បើ​សិន​ជា​មាន​ការ​រារាំង​មិន​ឲ្យ​ថត​មិន​ឲ្យ​អី​អ៊ីចឹង ហើយ​ប្រឹងប្រែង​លាក់​បាំង​នូវ​ព័ត៌មាន គឺ​យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង!»

ទំនាស់​ដី​ធ្លី​រវាង​យោធា​ជាមួយ​នឹង​គ្រួសារ​ខាង​លើ​នេះ​បាន​បន្ត​សេសសល់​ក្រោយ​ពី​រឿង​វិវាទ​ដី​ធ្លី​ធំ​មួយ​រវាង​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០០​គ្រួសារ ជាមួយ​នឹង​កង​យោធា​អន្តរាគមន៍​លេខ​១១ នៅ​ក្នុង​ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ត​កំពត ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ​២០០១ ក្នុង​ការ​ដណ្តើម​ដី​ធ្លី​ជា​ច្រើន​រយ​ហិកតា បាន​ញ៉ាំង​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ច្រើន​លើក​កន្លង​មក៕