តុលាការ​ខេត្ត​ក្រចេះ​កោះ​ហៅ​ពលរដ្ឋ​៤​នាក់​ក្នុង​ជម្លោះ​ដី​ធ្លី

«ខ្ញុំ ... មិន​មែន​ទៅ​តែ ៤​នាក់​ហ្នឹង​ទេ ទៅ​គ្នា​ដល់​ទៅ ២៩៦​នាក់​ឯណោះ ហើយ​ដល់​ពេល​ហៅ​តែ​ប៉ុណ្ណឹង​នាក់ ហាក់​បី​ដូចជា​ហៅ​អ្នក​ប៉ុន្មាន​ដើម្បី​ទៅ​គំរាម​អ៊ីចឹង វា​អយុត្តិធម៌​ណាស់។ កាល​សម័យ​ប៉ុលពត ជា​សម័យ​ផ្ដាច់ការ​ហើយ មក​ដល់​ឥឡូវ​នេះ​បែរ​ទៅ​ជា​យក​អា​អ៊ីចឹង​យក​ទៀត»។

0:00 / 0:00

ប្រតិកម្ម​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​ក្រចេះ បាន​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​៤​នាក់​មក​សាក​សួរ​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា អំពី​ករណី​ដែល​ថា បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ប្លន់​តាម​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន ស៊ីអាយវី។

ប្រជាពលរដ្ឋ​នៅ​ភូមិ​មានជ័យ​និង​នៅ​ឃុំ​២​ធ្នូ ប្រមាណ ៣៥០​នាក់ បាន​នាំ​គ្នា​មក​ពាស​ពេញ​មុខ​តុលាការ​ខេត្ត​ដែរ កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ដោយ​អះអាង​ថា ខ្លាច​ការ​កោះ​អញ្ជើញ​របស់​តុលាការ​ក្លាយ​ជា​ការ​ចាប់​ខ្លួន។

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ ២ធ្នូ គឺ​លោក វ៉ាន់ ចាន់ បាន​ផ្ដល់​សម្ភាសន៍​ថា ជនជាតិ​ស្ទៀង មិន​ឲ្យ​តំណាង​របស់​ខ្លួន​ឲ្យ​គេ​ចាប់​ដោយសារ​តែ​ការពារ​ដី​ធ្លី​ឲ្យ​ពួក​គេ​នោះ​ឡើយ ៖ «គេ​ថា ឲ្យ​តែ​តុលាការ​ហៅ​គឺ​ត្រូវ​តែ​ឃាត់​ខ្លួន​សិន​ហើយ​ដើម្បី​រក​ដំណោះស្រាយ បាន​ជា​ខ្ញុំ​ខ្លាច។ ដូច​ប្រជាជន​ខ្ញុំ​ជន​ជាតិ​ស្ទៀង​អ៊ីចឹង គាត់​ថា បើ​យើង​អត់​គិត​មុន បើ​ជាប់​យើង​បាន​នរណា​ទៅ​ជួយ អ៊ីចឹង​គាត់​មក​ទាំង​អស់​គ្នា​ទៅ​ដើម្បី​បាន​ឃើញ​នឹង​ភ្នែក បើ​ថា​គេ​ចាប់​ម៉េចៗ បង​ប្អូន​គិត​ថា ធ្វើ​យ៉ាង​ម៉េច គឺ​គាត់​នាំ​គ្នា​ធ្វើ​តែ​ម្ដង»

សូម​ជម្រាប​ថា ការ​កោះ​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ ៥​នាក់ តែ​មក​បាន​តែ ៤​នាក់ ដោយ​ខុស​ឈ្មោះ​ម្នាក់​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ ៤​ភូមិ នៅ​ក្នុង​ឃុំ​ស្រែចា និង​ឃុំ​២ ធ្នូ ព្យាយាម​រារាំង​ទប់​ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន ស៊ីអាយវី ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ចម្ការ​ចាស់​របស់​ពួក​គេ ដែល​ជន​ជាតិ​ទាំង​នោះ​អះអាង​ថា បាន​មក​រស់នៅ​តាំង​ពី​សង្គម​ចាស់​មក​ម្ល៉េះ តែ​រាល់​ការ​រារាំង​នោះ ក៏​ត្រូវ​បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​ក្រុមហ៊ុន ស៊ីអាវវី ថា អ្នកស្រុក​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ប្លន់​ទៅ​វិញ ដែល​ស្រុក​ថា ជា​អំពើ​អយុត្តិធម៌ ហើយ​ផ្ដាច់ការ​ដូច​ជំនាន់​ប៉ុលពត។

ក្រុមហ៊ុន​ស៊ីអាយវី មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ពីរ​ថ្ងៃ​មក​នេះ ដោយ​ទូរស័ព្ទ​បិទ​រហូត។ ប៉ុន្តែ​អភិបាល​ស្រុក​ស្នួល គឺ​លោក អ៊ីវ សោភុម បាន​អះអាង​ថា ការ​បំផ្លិច​បំផ្លាញ​នោះ លោក​ដឹង​តែ​មួយ​ចំណែក​តូច។

លោក អ៊ីវ សោភុម មាន​ប្រសាសន៍​ថា ៖ «មាន​ថ្ងៃ​មួយ​នោះ មាន​មួយ​ក្រុម​បាន​ទៅ​រើ​បំផ្លិច​បំផ្លាញ​ជម្រក​របស់​គាត់ ពី​បញ្ហា​ពាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​នេះ ខ្ញុំ​បាន​ព្យាយាម​ចុះ​ទៅ​សម្រប​សម្រួល​ជាមួយ​នឹង​បង​ប្អូន ក៏​ដូចជា​មិន​មាន​បញ្ហា​អី​ទេ»

ប៉ុន្តែ​តាម​ស៊ីឌី​វីដេអូ​របស់​អង្គការ​មួយ ដែល​តាម​ឃ្លាំមើល​សកម្មភាព​របស់​ប្រជាពលរដ្ឋ ដោយ​ខ្លាច​មាន​ប្រើ​អំពើ​ហិង្សា​នោះ​បាន​បង្ហាញ​រូប​ភាព​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទៅ​ដល់​ជំរំ​នោះ កង​សន្តិសុខ​ក្រុមហ៊ុន​បាន​ប្រាប់​អ្នក​ស្រុក​ថា ពួកគេ​នឹង​រុះរើ​ជំរំ​តង់​នោះ​ចេញ ហើយ​ក៏​ឃើញ​សកម្មភាព​ស្រាយ​អង្រឹង បត់​តង់​ដាក់​លើ​ម៉ាស៊ីន​ត្រាក់ទ័រ​ដែល​ឈូស​ឆាយ​ដី បើក​ចេញ​ទៅ​ដោយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​តាម​ឃ្លាំ​មើល​ដំណើរ​នោះ​រហូត​ផុត​ព្រំ​ដី​ទំនាស់៕