មនុស្ស​៤​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ទាក់ទង​នឹង​អំពើ​ប្លន់

2009-06-14

មនុស្ស​៤​នាក់ ស្រី​២​នាក់​និង​ប្រុស​២​នាក់ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មិថុនា ក្នុង​បទ​សង្ស័យ​ទាក់ទង​នឹង​អំពើ​ចោរ​ប្លន់។

ក្រុម​ប៉ូលិស​ខណ្ឌ​ទួលគោក​និង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​ដែល​មាន​គ្នា​ជា​ច្រើន​នាក់ ខ្លះ​មាន​ឯកសណ្ឋាន​និង​ខ្លះ​ទៀត​ស្លៀក​ពាក់​ជា​ជន​ស៊ីវិល​បាន​ឡោមព័ទ្ធ​ចាប់​ជន​សង្ស័យ​ប្លន់​ទាំង​នោះ​ក្នុង​សណ្ឋាគារ​រ៉ូយ៉ាល់ផាឡេស ដោយ​បាន​បិទ​ផ្លូវ​ពី​គ្លីនិក​សម្ភព​វិសាលសុខ​ទៅ​ផ្លូវ​ផ្សារ​ដើមគរ​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​សណ្ឋាគារ​នោះ។

ស្នងការ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ព្រហ្មទណ្ឌ​និង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ បាន​ព័ទ្ធ​ចាប់​ក្រុម​សង្ស័យ​ប្លន់​ពី​ម៉ោង​៨​ព្រឹក និង​ចូល​ចាប់​ខ្លួន​បាន​នៅ​ម៉ោង​១០​ព្រឹក​ទើប​បាន​៤​នាក់​ក្នុង​ចំណោម​បក្ស​ពួក​ផ្សេង​ទៀត។

លោក​ថា ក្នុង​៤​នាក់​ដែល​លាក់​ខ្លួន​ស្នាក់​នៅ​សណ្ឋាគារ​រ៉ូយ៉ាល់ផាឡេស​នេះ​មាន​ប្រុស​២​នាក់ ស្រី​២​នាក់ ប្រើ​អាវុធ​ខ្លី​២​ដើម និង​ម៉ូតូ​៤​គ្រឿង។

លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​យើង​បាន​ដឹង​ថា​មុខ​សញ្ញា​ចោរ​ប្លន់​វា​ស្នាក់នៅ​កន្លែង​ហ្នឹង ដូច្នេះ​យើង​អនុវត្ត​តាម​ជំនាញ​របស់​យើង ចាប់​មុខ​សញ្ញា​ចោរ​ប្លន់​នេះ។ យើង​ឃើញ​ថា ៤​នាក់ គឺ​មាន​នារី​២។ នារី​ហ្នឹង​អាច​ពាក់ព័ន្ធ​ជា​កម្លាំង​ចិត្ត ឬ​ក៏​ជា​សង្សារ​របស់​មុខសញ្ញា​ចោរ​ប្លន់​ទាំង​ហ្នឹង។ ដូច្នេះ​យើង​សម្រេច​ក្នុង​ករណី​ជាក់ស្ដែង​ដែល​យើង​ឆែក​ឃើញ​នៅ​កន្លែង​កើត​ហេតុ ទី១​គឺ​យើង​សម្រេច​ឃាត់​ខ្លួន​ទាំងអស់ ហើយ​ក្នុង​ហ្នុង​មាន​ប្រុស​២​ដែល​ជា​មុខ​សញ្ញា​ចោរ​ប្លន់ ហើយ​និង​នារី​២​នាក់​ហ្នឹង ហើយ​ទន្ទឹម​នឹង​នោះ​ក៏​យើង​ដកហូត​បាន​អាវុធ​ខ្លី​ចំនួន​២​ដើម​ក៏​ដូច​ជា​សម្ភារៈ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន»

លោក​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ អះអាង​បន្ត​ថា ជន​សង្ស័យ​នោះ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ច្រើន​ករណី​មក​ហើយ។ សមត្ថកិច្ច​មិន​ទាន់​អាច​ប្រាប់​ឈ្មោះ​ជន​សង្ស័យ​ទាំង​៤​នាក់​នេះ​បាន​ទេ ប៉ូលិស​កំពុង​សាកសួរ​និង​ស្រាវជ្រាវ​បន្ត​រក​ជន​សង្ស័យ​បន្ថែម​ទៀត។

លោក​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់​ថា ៖ «វា​ច្រើន​លើក​ច្រើន​សា​ហើយ ដូច្នេះ​យើង​ធ្វើការ​ស៊ើប​អង្កេត​តាមដាន​ដើម្បី​ចាប់ យើង​ចាប់​បាន​ខ្លះ ហើយ​មុខសញ្ញា​សេសសល់​យើង​បន្ត​ចាប់ តាម​ការស៊ើប​អង្កេត​របស់​យើង យើង​ក្ដាប់​បាន​ថា​មុខ​សញ្ញា​លាក់​ខ្លួន ខ្ញុំ​កំពុងតែ​ធ្វើការ​បន្ត​ទៀត»

អភិបាល​ខណ្ឌ​ទួលគោក លោក សេង រតនៈ ចូលរួម​បង្រ្កាប​ក្នុង​សកម្មភាព​នេះ​ដែរ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

មហាជន​ភ្ញាក់​ផ្អើល​នឹង​ការបិទ​ផ្លូវ​រហូត​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រព្រឹត្ត​ល្មើស​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​ចិត្ត​ដោយសារ​តែ​កន្លង​មក​សកម្មភាព​ប្លន់​បាន​កើត​ច្រើន​នាំ​ឲ្យ​ប្រជាជន​មាន​ការភ័យ​ព្រួយ​ពី​សន្តិសុខ​ក្នុង​ប្រទេស។

លោក វីរៈ រស់នៅ​ភ្នំពេញ​មាន​យោបល់​ថា ៖ «ខ្ញុំ​សរសើរ​ដល់​គុណសម្បត្តិ​របស់​សមត្ថកិច្ច​យើង​ដែល​បាន​បង្រ្កាប​ចោរ​ប្លន់​បាន​ទាន់​ពេល​វេលា»

ចំណែក​លោក ភឿន រស់នៅ​ភ្នំពេញ​ដែរ សូម​អរគុណ​ដល់​សមត្ថកិច្ច​ដែល​បង្រ្កាប​ក្រុម​ចោរ​បាន​ភ្លាមៗ​ដូច្នេះ ៖ «ឥឡូវ​បើ​សមត្ថកិច្ច​យើង​ធ្វើ​បាន បង្រ្កាប​ចោរ​ប្លន់​អី​ហ្នឹង ខ្ញុំ​ក៏​សប្បាយ​ចិត្ត»

ជុំវិញ​បញ្ហា​ចាប់​ខ្លួន​ជន​សង្ស័យ​ប្លន់​ទាំង​មិន​ទាន់​មាន​ប្រភព​ផ្សេង​ទៀត​អះអាង​បញ្ជាក់​ថា ជន​ទាំង​៤​នាក់​នេះ​ជា​មុខសញ្ញា​ចាស់​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ពិត​ឬ​អត់​ទេ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៤​នាក់​នោះ​បាន​បញ្ជូន​ទៅ​សាកសួរ​បន្ថែម​នៅ​ស្នងការដ្ឋាន​ក្រុង​រួច​ហើយ​នៅ​ថ្ងៃ​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

បុគ្គលិក​អង្គការ​មិត្ត​គ្មាន​ព្រំដែន​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម

ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

ប៉ូលិស​ម្នាក់​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​ភូមិ

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ

យុវជន​ម្នាក់​នៅ​ព្រៃវែង​រង​របួស​ធ្ងន់​ដោយសារ​ក្រុម​ក្មេង​ទំនើង​លួច​កាប់