លោក ស្រេង សៀកហេង អនុប្រធានមន្ទីរកសិកម្មខេត្តរតនគិរី មានប្រសាសន៍បញ្ជាក់ថា កសិករមួយផ្នែកធំនៅស្រុកបរកែវ ជួបបញ្ហានេះ ហើយក្រុមមន្ត្រីកសិកម្មកំពុងសិក្សាពីមូលហេតុនាំឲ្យកសិករជួបប្រទះហេតុអាក្រក់នេះ។
លោក ស្រេង សៀកហេង មានប្រសាសន៍ដូច្នេះ ៖ «ឃើញស្ថានភាពសណ្ដែកសៀងឆ្នាំនេះស្វិតៗ ហើយបើថាល្អពេកអត់ដាក់គ្រាប់តែម្ដង»។
កាលពីឆ្នាំ២០០៨ ទិន្នផលសណ្តែកសៀង ជាមធ្យមទទួលបានពីមួយតោនទៅមួយតោនកន្លះក្នុងមួយហិកតារ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០០៩នេះ ជាមធ្យមទទួលបានតែ៥០០គីឡូក្រាមប៉ុណ្ណោះ។ ក្នុងនោះមានកសិករដាំសណ្តែកសៀងខ្លះមិនបានទទួលផលសោះ។
លោក មែន ណេ កសិករនៅឃុំអូរជុំ មានប្រសាសន៍ថា គាត់ដាំសណ្តែកសៀងបានបីហិកតារ ក៏ប៉ុន្តែមិនបានទទួលបានផលបន្តិចសោះ។ បុរសកសិកររូបនេះដដែលបញ្ជាក់ថា គាត់បានប្រើថ្នាំគីមីសម្លាប់ស្មៅនៅពេលសណ្តែកលូតលាស់ប្រមាណ៣០សង់ទីម៉ែត្រពីដី ៖ «ចេញកួរធម្មតា ប៉ុន្តែអត់មានគ្រាប់៣ហិកតារ អត់មានបានមួយគ្រាប់»។
ដូចគ្នានេះ លោក ម៉ាត់ ស្មាន កសិករនៅឃុំល្បាំងមួយ ស្រុកលំផាត់ មានប្រសាសន៍ថា រៀងរាល់ឆ្នាំគាត់បានសម្អាតដីដោយធ្វើស្មៅនឹងចប ឃើញថា ផលសណ្តែកសៀងទទួលបានផលល្អ មួយតោនទៅមួយតោនកន្លះក្នុងមួយហិកតារ ក៏ប៉ុន្តែឆ្នាំនេះគាត់បានប្រើប្រាស់សារធាតុគីមីបាញ់សម្លាប់ស្មៅមុនពេលដាំ ឃើញថា ទិន្នផលបានធ្លាក់ចុះ។ គាត់ថា កសិករឆ្នាំនេះភាគច្រើនប្រើសារធាតុគីមីសម្លាប់ស្មៅនិងសារធាតុគីមីបំប៉នដើមទើបកើតមានបញ្ហាបែបនេះ។
លោក ម៉ាត់ ស្មាន ឲ្យដឹងដូច្នេះ ៖ «ឆ្នាំនេះបាញ់ថ្នាំណាស់ នរណាក៏ថ្នាំដែរ។ ដាំដុះបានត្រឹមៗជង្គង់ គេបាញ់ឲ្យងាប់ស្មៅ បាញ់ប៉ូវផ្កា»។
លោក ជួន ភិនណារ៉ា អាជីវករប្រមូលទិញគ្រាប់សណ្តែកសៀងនៅខេត្តរតនគិរី មានប្រសាសន៍ថា ការប្រមូលទិញគ្រាប់សណ្តែកសៀងធ្លាក់ចុះយ៉ាងច្រើន ដោយសារកសិករជាច្រើនមិនទទួលបានផលពីការដាំដុះរបស់ខ្លួន ៖ «ឆ្នាំនេះអត់ដូចឆ្នាំទៅទេ គាត់ខាត ទិញពូជអីសរុបទៅអត់រួចខ្លួន»។
នៅឆ្នាំ២០០៩នេះ កសិករនៅខេត្តរតនគិរីបង្កើនដំណាំសណ្តែកសៀងពី៣.០០០ហិកតារដល់ ៥.០០០ហិកតារ បន្ទាប់ពីដំណាំដំឡូងមីតម្លៃទីផ្សារធ្លាក់ចុះធ្ងន់ធ្ងរកាលពីឆ្នាំ២០០៨។
មន្ត្រីកសិកម្មខេត្តឲ្យដឹងថា ពុំមានក្រុមមន្ត្រីជំនាញសិក្សាពីសារធាតុគីមីដើម្បីធ្វើការវាយតម្លៃពីការខូចខាតផលដំណាំសណ្តែកសៀងនោះទេ ក៏ប៉ុន្តែទទួលស្គាល់ថា ការប្រើប្រាស់សារធាតុគីមីក្នុងវិស័យកសិកម្មមិនមានលក្ខណៈល្អប្រសើរ កសិករគួរដកពិសោធពីការប្រើប្រាស់ពូជនិងដី រួមទាំងបច្ចេកទេសកសិកម្មវិញ។
នារដូវប្រមូលផលកសិកម្មនាចុងឆ្នាំនេះ កសិករនៅខេត្តរតនគិរីរងគ្រោះពីទឹកជំនន់ និងខ្យល់ព្យុះបានបំផ្លាញផលស្រូវដែលកំពុងហុចផលរាប់ពាន់ហិកតារ និងផ្ទះសម្បែងរាប់រយខ្នងត្រូវដួលរលំ៕
