អគ្គលេខាធិការគ.ជ.ប. លោក ទេព នីថា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២០ តុលា ដែលជាថ្ងៃបញ្ចប់នៃដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០០៨ ថា មានប្រជាពលរដ្ឋតែប្រមាណជាង៥០%ប៉ុណ្ណោះដែលបានទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល២០ថ្ងៃកន្លងទៅនេះ។
លោក ទេព នីថា បញ្ជាក់ពីមូលហេតុដែលប្រជាពលរដ្ឋមិនសូវចូលរួមក្នុងដំណើរការនេះថា ៖ «សូមជម្រាបថាទើបបោះឆ្នោតហើយថ្មីៗ ដល់អ៊ីចឹងការចាប់អារម្មណ៍របស់គាត់មានតិចណាស់ ព្រោះថាយើងចប់បោះឆ្នោតហើយ យើងអញ្ជើញគាត់ទៅចុះឈ្មោះទៀត ទោះបីគាត់យល់ក្ដី គាត់មិនយល់ក្ដី ក៏គាត់ដូចជាមិនសូវយកចិត្តទុកដាក់ ព្រោះថា...»។
តាមប្រតិទិនរបស់គ.ជ.ប.ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងគោលដៅកែលម្អនិងធ្វើឲ្យបញ្ជីឈ្មោះមានសុក្រឹតភាពដែលក្នុងនោះមានការចុះបន្ថែមឈ្មោះប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតកែតម្រូវឈ្មោះដែលខុសនឹងលុបឈ្មោះប្រជាពលរដ្ឋដែលស្លាប់ឬផ្លាស់ប្តូរទីលំនៅជាដើម។
ទោះបីជាយ៉ាងនេះក្តីនាយកប្រតិបត្តិអង្គការខុមហ្វ្រែលដែលជាអង្គការមួយតាមពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា លោក គល់ បញ្ញា រិះគន់ថាដំណើរការខ្លះនៃប្រព័ន្ធការងាររបស់គ.ជ.ប.មានលក្ខណៈស្មុគស្មាញដែលជាកត្តាធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់ទើបសកម្មភាពចូលរួមមានការថយចុះ។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា ៖ «ព្រោះយើងក៏មានឲ្យយោបល់ ចង់ឲ្យមានកែទម្រង់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតដែរ ព្រោះប្រព័ន្ធបច្ចុប្បន្នហ្នឹងវាអាចនៅបញ្ហា អត់ទាន់ធានានូវគុណភាពបញ្ជីឈ្មោះបោះឆ្នោត ហើយនិងការចុះឈ្មោះបោះឆ្នោត តើប្រជាពលរដ្ឋពិតជាមានឈ្មោះក្នុងបញ្ជីហ្នឹងត្រឹមត្រូវឬអត់? អានេះវាជាបញ្ហាធំមួយ។ ហើយបញ្ហាសព្វថ្ងៃនេះ ការចុះឈ្មោះបោះឆ្នោតរបស់យើង វាស្មុគស្មាញ ឲ្យប្រជាជនត្រូវតាមមើលចុះឈ្មោះហើយ ត្រូវតាមមើលបញ្ជីហ្នឹងរាល់ពេល គ.ជ.ប.តែងហៅ ហើយបន្ទោសប្រជាពលរដ្ឋម៉េចមិនទៅមើល។ អាហ្នឹងកាតព្វកិច្ចស្មុគស្មាញអ៊ីចឹង វាធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់ដែរ»។
គួរបញ្ជាក់ផងដែរថា ក្នុងការបោះឆ្នោតទូទាំងប្រទេសកាលពីថ្ងៃ២៧ កក្កដាកន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើនមិនបានចូលរួមក្នុងការបោះឆ្នោតឡើយដោយសារពួកគាត់ត្រូវបានបាត់ឈ្មោះពីក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
ហើយបើតាមតារាងប៉ាន់ស្មានរបស់គ.ជ.ប.ឆ្នាំ២០០៨ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត៨.១២៥.៥២៩នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតត្រូវចុះឈ្មោះថ្មីចំនួន៣៧៧.១២០នាក់៕
