កម្ពុជា​បញ្ជូន​ទាហាន​ដោះ​មីន​៥២​នាក់​ទៅ​ស៊ូដង់​ជំនួស​ទាហាន​ចាស់

ប្រទេស​កម្ពុជា​នៅ​ថែ្ង​ពុធ ទី​១០ មិថុនា បាន​បញ្ជូន​កង​កម្លាំង​ដោះ​មីន ៥២​នាក់ នៃ​កង​ពល​លេខ​៤០៥ ទៅ​កាន់​ប្រទេស​ស៊ូដង់ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​បំពេញ​បេសកកម្ម​ផែ្នក​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​នោះ​ដើម្បី​ជួយ​ដោះ​មីន​ដែល​បាន​កប់​ដោយសារ​សង្រ្គាម​ផ្ទៃ​ក្នុង។

0:00 / 0:00

លោក ប៉ុល សារឿន ដែល​ជា​អគ្គមេបញ្ជាការ​នៃ​កង​យោពល​ខេមរ​ភូមិន្ទ និង​ជា​តំណាង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​នៅ​ឯ​ព្រលាន​យន្តហោះ​យោធា​ជាមួយ​នឹង​ការ​ផ្តាំ​ផ្ញើ​ថា ៖ «ត្រូវ​គោរព​ឯករាជ្យ​និង​អធិតេយ្យ​នៃ​ប្រទេស​ដែល​ខ្លួន​ទៅ​បំពេញ​ភារកិច្ច។ អស់​លោក​ចេញ​ទៅ​ប្រតិបត្តិការ​លើក​នេះ មិន​មែន​ជា​កង​ទ័ព​ឈ្លាន​ពាន ហើយ​ក៏​មិន​មែន​ជា​កងទ័ព​ត្រួត​ត្រា​ទៅ​លើ​ភារកិច្ច។ ក្នុង​នាម​មនុស្ស​ធម៌​ជា​កង​ទ័ព​ថែ​រក្សា​សន្តិភាព តម្លៃ​របស់​អស់​លោក​នៃ​ការ​គោរព​នូវ​ឯករាជ្យ អធិបតេយ្យ​នៃ​ប្រទេស​ស៊ូដង់​នោះ ក៏​មាន​តម្លៃ​ស្មើ​នឹង​ការ​គោរព​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ខ្លួន​ឯង​ផង​ដែរ»

នៅ​មុន​ពេល​នៃ​ការ​ចេញ​ដំណើរ​របស់​កង​កម្លាំង​ដោះ​មីន ៥២​នាក់​ខាង​លើ​នេះ កង​កម្លាំង​ដោះ​មីន​ទាំង​៥២​នាក់​នោះ ត្រូវ​បាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​បាន​សូត្រ​ធម៌​ប្រោះព្រំ ជូនពរ​ឲ្យ​មាន​សេចក្តី​សុខ ហើយ​បន្ទាប់​មក ពួក​គេ​បាន​ធ្វើ​សច្ចា​ប្រណិធាន​រួម​គ្នា​ដូច្នេះ​ថា ៖ «ស្មោះត្រង់​ដាច់​ខាត​ចំពោះ​ជាតិ សាសនា ព្រះ​មហាក្សត្រ​ជា​រៀង​រហូត។ សូម​សច្ចា ស្មោះ​ត្រង់​នឹង​ជាតិ មិន​ក្បត់​មិត្ត​រួម​អាវុធ»

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ដោះ​មីន​ចំនួន ៥២​នាក់​នៃ​កង​ពល​លេខ​៤០៥​នេះ នឹង​ចាក​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ​នៅ​វេលា​ម៉ោង​១១​យប់​នៃ​ថ្ងៃ​ពុធ​ដដែល​នេះ ដើម្បី​ទៅ​ប្តូរ​វេន ឬ​ជំនួស​កង​កម្លាំង​ដោះមីន​កង​ពល​លេខ​១៣៥ ដែល​នឹង​វិល​ត្រទ្បប់​មក​ប្រទេស​កម្ពុជា​វិញ ពី​ប្រទេស​ស៊ូដង់​នៅ​ថៃ្ង​សុក្រ​សប្តាហ៍​នេះ។

លោកស្រី ប៉ែន ង៉ែត មក​ពី​ខេត្ត​តាកែវ មក​ជូន​ដំណើរ​កូន​ប្រុស​ឈ្មោះ យុទ្ធ ចាន់ណា នៅ​ក្នុង​ចំណោម​កង​កម្លាំង​ដោះមីន ៥២​នាក់​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «សប្បាយ​ចិត្ត​ណាស់​ដោយ​កូន​បាន​ទៅ​បំពេញ​ភារកិច្ច​នៅ​ប្រទេស​គេ​នេះ»

លោកស្រី ស៊ី ជនទ្បា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មក​ជូន​ដំណើរ​កូន​ប្រុស​ឈ្មោះ ចេនទ្បា រដ្ឋា ទៅ​កាន់​ប្រទេស​ស៊ូដង់​ផង​ដែរ​នោះ បាន​ថែ្លង​ថា ៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​ដោយសារ​កូន​ខ្ញុំ​បាន​ទៅ​បំពេញ​កាតព្វ​កិច្ច​ក្នុង​អង្គការ​សហ​ប្រជាជាតិ ដែល​តំណាង​ឲ្យ​ខ្មែរ។ បេះដូង​ពុះ​កញ្រ្ជោល​រក​និយាយ​មិន​ត្រូវ»

ការ​ចាក​ចេញ​ដំណើរ​នៃ​កង​កម្លាំង​ដោះមីន​ចំនួន ៥២​នាក់​នៃ​កងពល​៤០៥ នៅ​ថៃ្ង​ពុធ​នេះ ជា​លើក​ទី​៤​ហើយ​របស់​ប្រទេស​កម្ពុជា ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ដោះមីន​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​២០០៦ គឺ​មក​ពី​កង​ពល​១៣៥ បន្ទាប់​មក កងពល ២២៥ កងពល ៣១៥ និង​លើក​ទី​៤​នេះ កង​ពល ៤០៥ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​នៃ​បេសក​កម្ម​ផ្នែក​មនុស្សធម៌​ដោះ​មីន​នៅ​ក្នុង​ប្រទេស​ស៊ូដង់​នោះ៕