ប្រជាពលរដ្ឋអះអាងថា ដីកេរ្តិ៍ពីដូនតាមកពួកគេបានប្រកបរបររស់នៅតែនៅទីនេះ ហេតុអ្វីក៏រដ្ឋប្រគល់ទៅឲ្យក្រុមហ៊ុនដោយមិនប្រាប់មុន។
ស្ត្រីវ័យចំណាស់ម្នាក់បានរៀបរាប់ថា ពួកគេនឹងអាចប្រឈមមុខនឹងការអត់ឃ្លាន បើសិនជារដ្ឋមិនជួយគិតគូរឲ្យទាន់រដូវភ្លៀងធ្លាក់នេះទេ។
ប្រជាពលរដ្ឋឲ្យដឹងបន្ថែមថា ក្រុមហ៊ុន ឡុងស្រេង ឬ ហេងឡុង បានទៅប្រជុំប្រកាសប្រាប់ពួកគេកាលពីថ្ងៃទី៩ ឧសភា ថា ទោះបីជាដីភូមិនោះរស់នៅ ១០០ឆ្នាំហើយ ក៏គេយកដែរ ឲ្យតែមាននៅក្នុងប្លង់ដែលរដ្ឋប្រគល់ឲ្យតាមច្បាប់ ហេតុនេះហើយបានជាពុំមានអាជ្ញាធរណាហ៊ានជួយគិតគូរ។
កាលពីថ្ងៃទី១០ មិថុនា ប្រជាពលរដ្ឋទាំង ៥៦គ្រួសារបាននាំគ្នាទៅសាលាខេត្ត ដើម្បីដាក់ពាក្យតវ៉ាដោយសុំឲ្យជួយអន្តរាគមន៍ផ្ដល់ដីភូមិដែលមានទំហំ ៨,៥៤ហិកតារ និងដីស្រែ ២១,៦២ហិកតារ ដើម្បីបានបង្កបង្កើនផលវិញ ដែលនៅទីនោះមន្ត្រីខេត្តគឺលោក យិន ប៊ុនទិត សម្រួលឲ្យអ្នកស្រុកមកផ្ទះវិញសិន ហើយថ្ងៃនេះលោកពុំបានបញ្ជាក់ពីការអន្តរាគមន៍បែបណានៅឡើយទេ ដោយជាប់រវល់ក្នុងពិធីបុណ្យសពបងប្អូន។
ប្រជាពលរដ្ឋឲ្យដឹងបន្ថែមថា ក្រុមហ៊ុន ឡុងស្រេង មានគោលការណ៍ឲ្យពួកគេចេញទៅនៅតំបន់ថ្មី ដោយប៉ះប៉ូវជាថវិកាឲ្យតិចតួច។ តំណាងក្រុមហ៊ុន ឡុងស្រេង បានបញ្ជាក់ពីរឿងនេះថា ការផ្លាស់ប្ដូរលំនៅឋាន គឺភាគីរដ្ឋជាអ្នកដោះស្រាយ ក្រុមហ៊ុនគ្រាន់តែឧបត្ថម្ភជាមនោសញ្ចេតនាបន្ថែមទេ។
តំណាងក្រុមហ៊ុន ឡុងស្រេង បានបន្តទៀតថា ក្រុមហ៊ុនធ្លាប់ដោះស្រាយបញ្ហានេះជាច្រើនកន្លែងមកហើយ ដែលបានទទួលជោគជ័យរហូតមានលិខិតពីទីស្ដីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយឲ្យក្រុមហ៊ុនចម្ការកៅស៊ូដទៃទៀត អនុវត្តការដោះស្រាយដូចក្រុមហ៊ុននេះ៕