កម្ពុជា​ប្រារព្ធ​ខួប​ទី​៥៦​នៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា

កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៥៦ នៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ និង ៩ វិច្ឆិកា ២០០៩ ដោយ​មាន​ការ​យាង​ចូល​រួម​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​និង​សិស្សានុសិស្ស​​​រាប់​ពាន់​នាក់​ចូល​រួម។

0:00 / 0:00

មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​វិមាន​ឯករាជ្យ​កណ្តាល​ក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​បុណ្យ​ខួប​ទី​៥៦ ថ្ងៃ​ឯករាជ្យ​ជាតិ​ដែល​កម្ពុជា​បាន​ទទួល​ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​មាន​ព្រះរាជ​វត្តមាន​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី យាង​ចូល​រួម​ជា​ព្រះ​អធិបតីភាព។

នៅ​ក្នុង​ពិធី​នោះ​គេ​សង្កេត​ឃើញ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​កំពូលៗ នៃ​ស្ថាប័ន​រដ្ឋាភិបាល មាន​ដូចជា​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។

នៅ​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ព្រឹក​ថ្ងៃ​ច័ន្ទ ៩ វិច្ឆិកា​នេះ មន្ត្រី​គណបក្ស​កំពុង​កាន់​អំណាច​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ពិធី​បុណ្យ​នេះ​គឺ​ជា​ការ​រំឭក​នូវ​គុណូបការៈ​ដល់​យុទ្ធជន យុទ្ធនារី​ខ្មែរ ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ។ ពិធី​នេះ​ក៏​ដើ​ម្បី​រំឭក​ដល់​គុណ​ដំណាច់​ដ៏​ថ្លៃថ្លា របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​លះបង់​តស៊ូ​បូជា​ជីវិត​ដើម្បី​ឯករាជ្យ​ជាតិ​កម្ពុជា ឬ​ធ្វើ​ព្រះ​រាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពេញ​បរិបូរ ពី​នឹម​អាណានិគម​និយម​បារាំង នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣។

បុណ្យ​ជាតិ​៣០៥
៩-វិច្ឆិកា-០៩: កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​ឈរ​គោរព​ទង់ជាតិ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ។ RFA/Ayuthyea

ពិធី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៩ វិច្ឆិកា​នេះ ទាំង​មន្ត្រី​គណៈកម្មការ​បុណ្យ​ជាតិ ក៏​ដូចជា​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ សុទ្ធ​តែ​បាន​អះអាង​ថា ពិធី​បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ប្រារព្ធ​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ​មាន​សណ្តាប់​ធ្នាប់ សោភ័ណភាព និង​សុវត្ថិភាព​បាន​ល្អ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​នេះ បាន​សម្តែង​ការ​យល់​ឃើញ​ពី​ការ​ប្រារព្ធ​ពិធី​នេះ​ដូច្នេះ ៖ «បង្ហាញ​ឲ្យ​បរទេស​ឃើញ​ថា ខ្មែរ​សាមគ្គី​រួបរួម​គ្នា ហើយ​ខ្មែរ​ជា​ជនជាតិ​មួយ​ដែល​មិន​ព្រម​ចុះ​ញ៉ម​នៅ​ក្រោម​រណប​ប្រទេស​ណា ហើយ​បើ​សិន​ជា​យើង​រួម​គ្នា​ដូច​ថ្ងៃ​៩ វិច្ឆិកា ដែល​ជា​ប្រវត្តិសាស្រ្ដ​របស់​យើង​ធ្វើ​អ្វី​បាន​ទាំង​អស់»

ដោយ​ឡែក​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «ពិធី​បុណ្យ​នេះ គឺ​ថ្ងៃ​រំឭក​ដល់​ពលរដ្ឋ ក៏​ដូចជា​អ្នក​ដឹកនាំ​ប្រទេស​ហ្នឹង​ឲ្យ​មាន​ស្មារតី​ជាតិ​និយម​សាមគ្គីភាព​ជាមួយ​គ្នា ហើយ​ស្រលាញ់​ទឹកដី ស្រលាញ់​ជាតិ​របស់​ខ្លួន»

បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ដែល​បង្កើត​ឲ្យ​ប្រទេស​កម្ពុជា​មាន​រៀបចំ​ការ​បោះឆ្នោត ពី​ឆ្នាំ​១៩៩៣ មក​ជា​បន្តបន្ទាប់​ពិធី​បុណ្យ​ឯករាជ្យ ៩ វិច្ឆិកា​នេះ នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​មិន​ដែល​អាក់​ខាន​ម្តង​ណា​ឡើយ៕