អធិការប៉ូលិសស្រុកសៀមប៉ាង លោក វ៉ា សុផាន់ បញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងតាំងពីថ្ងៃ២៣ សីហា មកម្ល៉េះ នៅចំណុចអូរតាងិលក្នុងភូមិសន្តិភាព ជាប់ព្រំដែនប្រទេសលាវ ខណៈពេលដែលពួកគេចូលព្រៃស្វែងរកឈើដើម្បីធ្វើទូក។
ក្រុមមន្រ្តីវរការពារព្រំដែន ១០១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃចន្ទ ទី១ កញ្ញា បានធ្វើដំណើរទៅជួបក្រុមអាជ្ញាធរព្រំដែននៃខេត្តចំប៉ាសាក់ ប្រទេសលាវ ដើម្បីសុំឲ្យមានការដោះលែងជនជាតិកម្ពុជាទាំង៥នាក់មកវិញ ក៏ប៉ុន្តែរហូតមកទល់នឹងថ្ងៃអង្គារ ទី២ កញ្ញា ឆ្នាំ២០០៨ ពុំទាន់ឃើញមានលទ្ធផលយ៉ាងណានៅឡើយទេ។
បើតាមមេឃុំសន្តិភាពមានប្រសាសន៍ថា សកម្មភាពលួចកាប់ឈើប្រណីតនៅតាមតំបន់ព្រំដែនជាច្រើនករណី ធ្វើឡើងដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមទាំងកងកម្លាំងឈរជើងនៅតំបន់នោះ និងមានមន្រ្តីមានអំណាចខេត្តចូលរួមផង។
លោកថា ករណីតម្រួតលាវចាប់ខ្លួនអ្នកទាំង៥ ខាងលើ ក៏អាចមានជាប់ទាក់ទិនទៅនឹងសកម្មភាពលួចកាប់ឈើប្រណីតខុសច្បាប់នៅតំបន់នោះផងដែរ ៖ «កាប់ឈើគ្រញូង កាប់ដោយអនាធិបតេយ្យ។ អ្នកធ្វើហ្នឹង មិនមែនតែប្រជារាស្រ្ដសុទ្ធទេ គឺមន្រ្តីរាជការស័ក្តិ១ ស័ក្ដិ២ ស័ក្តិ៣ ក៏គេមានលុយក្រាស»។
មនុស្សទាំង៥នាក់ ដែលលាវចាប់ខ្លួន មានឈ្មោះ ពុំ ឆាយ និង រស់ សារឹម អ្នកទាំងពីរជាទាហានវរការពារព្រំដែន ១០១ នៃយោធាខេត្តស្ទឹងត្រែង រួមទាំងអ្នកភូមិ ៣នាក់ទៀត មានឈ្មោះ ហ៊ិន សារ៉ាត, អ៊ុន ស៊ឹម និង សាយ វ៉ាន់សៅ រស់នៅភូមិថ្មកែវ និងភូមិកោះស្រឡាយ។
អភិបាលស្រុកសៀមប៉ាង លោក សានរិទ្ធិ ចំរើន មានប្រសាសន៍បញ្ជាក់ថា ការជួបដោះស្រាយរវាងអាជ្ញាធរវរការពារព្រំដែនទាំងពីរប្រទេស នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ ក៏ប៉ុន្តែលទ្ធផលយ៉ាងណា មិនទាន់ទទួលបាននៅឡើយ។
លោកទទួលស្គាល់ថា ទាំងតម្រួតខ្មែរនិងអ្នកភូមិ បានច្រឡំធ្វើដំណើរចូលព្រៃ ហួសតំបន់ព្រំដែន ដែលគ្រប់គ្រងដោយភាគីកម្ពុជា ទើបមានការចាប់ខ្លួនយ៉ាងនេះ ៖ «មិនស្គាល់ព្រំដែនច្បាស់លាស់ គាត់ដើរទៅ ព្រោះដីយើងអត់មានកំណត់ថា កន្លែងណាៗច្បាស់លាស់ គាត់ដើរចូលចំណុច ដែលគេឃើញ គេឃាត់ទៅ។ ហើយការចោទប្រកាន់ថា យើងចូលទៅហ្នឹង គឺដើម្បីអ្វីទេ ព្រោះលទ្ធផលនៃការចរចាការងារនេះ អត់ទាន់ទទួលបាននៅឡើយ ព្រោះថ្ងៃនេះ ជាថ្ងៃដែលយើងកំពុងតែសួរគេ»។
កាលពីដើមខែឧសភា ឆ្នាំ២០០៨ ប្រជាពលរដ្ឋកម្ពុជាចំនួន ៤នាក់ ត្រូវបានអាជ្ញាធរខេត្តចំប៉ាសាក់ ប្រទេសលាវ ចាប់ឃាត់ខ្លួនជាមួយនឹងរថយន្ត ២គ្រឿង ក្នុងបទចោទប្រកាន់ថា ប៉ុនប៉ងដឹកជញ្ជូនឈើប្រណីតចេញពីតំបន់ ប៉ាក់ផេង ប្រទេសលាវដោយខុសច្បាប់៕
