មន្ត្រីប៉ូលិសថៃដដែល ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទអំពីដំណើរការឃុំឃាំងអំពីឈ្មោះនិងអាយុរបស់ពលរដ្ឋខ្មែរទាំង៥រូបនោះ ៖ «ពួកគេទាំង៥នាក់បានត្រូវបញ្ជូនពីស្ថានីយប៉ូលិស សាថាហ៊ីប ហើយខាងមណ្ឌលឃុំឃាំងប៉ាតាយ៉ារបស់ខ្ញុំបានឃុំខ្លួនពួកគេ បន្ទាប់មក ពួកគេត្រូវបញ្ជូនទៅកាន់ស្ថានីយប៉ូលិសបាងឡាម៉ុង ក្នុងខេត្តឈុនប៊ូរីដូចគ្នា រង់ចាំការបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំខ្លួន សួនភ្លូ ក្នុងក្រុងបាងកក។ ពួកគេទាំង ៥នាក់ មានឈ្មោះ ថា អាយុ២៥ឆ្នាំ រ៉ាត់ អាយុ១៩ឆ្នាំ ជឿន អាយុ១៩ឆ្នាំ ពី អាយុ១៨ឆ្នាំ និង ឡៃ អាយុ២៥ឆ្នាំ»។
កាលពីថ្ងៃអាទិត្យ លោកវរនាវីឯក ផាណុម ឃួនប្រាឌីត នាយរងកងនាវាចរណ៍តំបន់ប្រតិបត្តិការទី១ បានប្រាប់វិទ្យុអាស៊ីសេរីថា កងនាវាចរណ៍របស់លោក បានជួយសង្គ្រោះជនកម្ពុជា ៥នាក់ ពីកោះរ៉ុងខុន និងកោះរ៉ុងណាំង ក្បែរកំពង់ផែ សាថាហ៊ីប ទីដែលពួកគេបានគេចលោតចេញពីទូកនេសាទមួយនៅកំពង់ផែប៉ាកណាម ដែលប្រើពួកគេជាកម្មករនេសាទអស់រយៈពេល៨ខែតែពុំបានបើកប្រាក់ខែឲ្យនោះ។
ប្រភពមន្រី្តយោធាជើងទឹកដដែល បានឲ្យដឹងទៀតថា កងនាវាចរណ៍របស់លោក ដំបូងបានបញ្ជូនកម្មករកម្ពុជាខុសច្បាប់ទាំង៥រូប ទៅកាន់ស្ថានីយប៉ូលិស សាថាហ៊ីប ហើយនៅថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែតុលា ពួកគេត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំឃាំងប៉ាតាយ៉ា។
យោងតាមមន្រ្តីប៉ូលិសថៃ កម្មករទាំង៥នាក់រស់នៅឃុំប៉ោយប៉ែត ហើយថាពួកគេត្រូវបានបញ្ឆោត ដោយមិត្តភក្តិជាជនជាតិខែ្មរម្នាក់ឲ្យទៅធ្វើការនៅខេត្តសាមុទ្ទប្រាកាន ដោយសន្យាថា នឹងបានប្រាក់ខែ៤០០០បាតក្នុងម្នាក់ៗ ប៉ុន្តែពួកគេមិនបានទៅដល់គោលដៅទេគឺត្រូវបានមិត្តភក្តិជនជាតិខ្មែរនោះ នាំទៅកំពង់ផែប៉ាកណាមនិងបានប្រគល់ពួកគេទៅឲ្យម្ចាស់ទូកនេសាទម្នាក់។
កម្មករឈ្មោះ ថា អាយុ ២៥ឆ្នាំ បានប្រាប់ប៉ូលិសថា ពួកគេសម្រេចចិត្តលួចលោតចុះពីទូកហែលទឹកទៅរកកោះនៅក្បែរនោះ តាំងពីថ្ងៃទី២៥ ខែតុលា មុននឹងបានការសង្គ្រោះពីក្រុមទាហានជើងទឹកថៃ បន្ទាប់ពីពួកគេបានចំណាយពេលអស់៨ខែដើម្បីធ្វើការឲ្យថៅកែម្ចាស់ទូកថៃដោយគ្មានបានទទួលប្រាក់ខែ និងគ្មានថ្ងៃសម្រាកសោះនោះ៕
