ប្រជាពលរដ្ឋចំនួន៥នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅស្រុកសំរោង ខែត្រឧត្ដរមានជ័យ ដោយការផ្ទុះមីនប្រឆាំងរថក្រោះមួយគ្រាប់កប់នៅក្រោមដីសល់ពីសម័យសង្គ្រាម។
អ្នកដោះមីនរបស់ស៊ីម៉ាក (CMAC) រៀបចំកម្ទេចគ្រាប់មីន កាលពីថ្ងៃ២៩ កញ្ញា ២០០៦។
តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា គ្រាប់មីនបានផ្ទុះឡើងកាលពីវេលាម៉ោងប្រមាណជា ១២:៣០នាទី ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ចម្ងាយប្រមាណ៥០ម៉ែត្រពីតំបន់ឈ្មោះអូរផាល ក្នុងឃុំកូនក្រៀល ស្រុកសំរោង ជាប់ព្រំប្រទល់ស្រុកអន្លង់វែង បន្ទាប់ពីអ្នកភូមិជាច្រើននាក់បានលើកស្រូវដាក់លើគោយន្តមួយគ្រឿង ហើយបើកចាកចេញទៅតាមផ្លូវលំ។
ស្ត្រីឈ្មោះ ប៉ាក ចាន់នី នៅភូមិរំដួលជើងភ្នំ បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ថា ភាគច្រើននៃជនរងគ្រោះដោយសារគ្រាប់មីនទាំងនោះគឺជាសមាជិកក្រុមគ្រួសាររបស់គាត់ ខណៈពេលដែលពួកគេលើកស្រូវដាក់លើគោយន្ត ហើយបើកចេញបម្រុងយកទៅកិនអង្ករ។
អ្នកស្រី ប៉ាក ចាន់នី បានឲ្យដឹងថា ៖ «កូនខ្ញុំ ចៅខ្ញុំ កូនប្រសារ នៅមន្ទីរពេទ្យ។ កូនខ្ញុំអាយុ១៨ឆ្នាំមួយស្លាប់ ក្រុមគ្រួសារខ្ញុំ៣នាក់ស្លាប់ កូនខ្ញុំមួយ ក្មួយខ្ញុំមួយ ចៅខ្ញុំមួយ ហើយអ្នកជិតខាង២នាក់ ហើយរបួស៣។ សូមឲ្យអ្នកមន្ទីរពេទ្យជួយកូនខ្ញុំផង»។
មន្ត្រីអាជ្ញាធរបាននិយាយថា គេកំពុងបញ្ជូនកម្លាំងដើម្បីធ្វើការចុះពិនិត្យឧប្បត្តិហេតុនោះដើម្បីឲ្យប្រាកដចំពោះចំនួននៃអ្នករងគ្រោះ។
អភិបាលស្រុកសំរោង លោក ប៊ូ សាខន បានមានប្រសាសន៍ថា ទីកន្លែងផ្ទុះមីននោះគឺជាអតីតតំបន់សង្គ្រាមកាលពីអំឡុងឆ្នាំ១៩៩៤ ហើយរហូតមកដល់បច្ចុប្បន្នគ្រាប់មីននៅក្រោមដីជាច្រើនបានរាយប៉ាយនៅឡើយ ដោយក្រុមដោះមីនស៊ីម៉ាកទើបតែធ្វើការដោះចេញនៅតំបន់អាទិភាពខ្លះសម្រាប់យកដីសង់សាលារៀននិងធ្វើផ្លូវតែប៉ុណ្ណោះ។
លោក ប៊ូ សាខន បានឲ្យដឹងថា ៖ «កន្លែងហ្នឹងវាសម្រាប់កន្លែងសង្គ្រាមកាលឆ្នាំ៩៤ កាលបែកអន្លង់វែងហ្នឹង ខ្មែរក្រហមដាក់មីនច្រើន មិនដឹងថាកន្លែងណាខ្លះ។ ហើយរឿងដោះមីនដោះអីហ្នឹង យើងដោះតែចំណុចអាទិភាពទេ យើងធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ឬក៏ផ្លូវថ្នល់»។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក លោក ឃឹម សោភ័ណ បានមានប្រសាសន៍ថា លោកទើបតែបានទទួលព័ត៌មានអំពីការស្លាប់និងរបួសដោយសារគ្រាប់មីននោះកាលពីព្រឹកថ្ងៃសៅរ៍។
លោក ឃឹម សោភ័ណ បានមានប្រសាសន៍ទៀតថា ខែត្រឧត្ដរមានជ័យគឺជាខែត្រលំដាប់ទី៣ ដែលសំបូរទៅដោយគ្រាប់មីននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីខែត្របាត់ដំបងនិងបន្ទាយមានជ័យ។
លោក ឃឹម សោភ័ណ បានបញ្ជាក់ថា ៖ «ជាខែត្រដែលមានមីនទី៣។ យើងគិតថាបាត់ដំបងទី១ ហើយបន្ទាយមានជ័យទី២ ឧត្តរមានជ័យទី៣ យើងគិតគ្រាប់ធ្វើម៉េចនឹងដឹង។ គ្រាន់តែដឹងថា កន្លែងនេះជាចម្ការមីនតាមព័ត៌មានរបស់ប្រជាពលរដ្ឋពេលដែលយើងចុះទៅធ្វើការស្រាវជ្រាវ»។
តាមមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៧ខែនៃឆ្នាំ២០០៨នេះ នៅទូទាំងប្រទេសកម្ពុជាមានអ្នករងគ្រោះដោយសារគ្រាប់មីនជាង១៨០នាក់ ហើយបើប្រៀបធៀបកាលពីឆ្នាំមុនស្ថិតិនៃអ្នករងគ្រោះបានថយចុះ ក៏ប៉ុន្តែតួលេខនៃចំនួនគ្រាប់មីនក្រោមដីកំពុងស្ថិតនៅតំបន់ជាច្រើននៃប្រទេសកម្ពុជានៅឡើយ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យត្អូញត្អែរថាអាជ្ញាធរមិនអើពើជួសជុលផ្លូវ
ជនជាតិភាគតិចនៅស្រុកក្រចេះសិក្សាពីបច្ចេកទេសដាំបន្លែដោយមិនប្រើជីគីមី
ស្ថានភាពបញ្ហាគ្រឿងញៀនអំឡុងពេល៩ខែនៃឆ្នាំ២០០៨
សហគមន៍អឺរ៉ុបជួបប្រជុំជាមួយសង្គមស៊ីវិលនិងមន្ត្រីរដ្ឋាភិបាល
ស្ថានភាពជ្រួលច្របល់នៅថៃធ្វើឲ្យតម្លៃពោតនៅប៉ៃលិនធ្លាក់ចុះ
កម្ពុជាបង្កើនកិច្ចការពារសន្តិសុខនៅតាមទីតាំងសំខាន់ៗ
បន្ទុកនិងការទទួលខុសត្រូវរបស់កម្ពុជាលើប្រាក់បំណុលបរទេស
ទេសចរបរទេសនៅសៀមរាបស្វះស្វែងរកមធ្យោបាយទៅប្រទេសថៃ
គ្រូនៅខែត្រមួយចំនួនត្អូញត្អែរពីបញ្ហាប្រាក់ខែយឺត
ខ្មែរអ៊ិស្លាមព្រួយបារម្ភខ្លាចខកខានមិនបានទៅធ្វើបុណ្យហាជ្ជ