មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ លោក ឃុន ប៊ុនហួរ បានមានប្រសាសន៍ថាការចាប់ខ្លួននោះបានធ្វើឡើងនៅក្នុងភូមិត្រោះ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ហើយអ្នកទាំង៥នាក់នោះមាន២នាក់ជាអ្នកម្ចាស់ផ្ទះ និងជាអ្នកជួញដូរ និង៣នាក់ទៀតជាអ្នកប្រើប្រាស់ ។
លោកបានមានប្រសាសន៍ថា ពេលសមត្ថកិច្ចទៅដល់អ្នកទាំងនោះកំពុងតែប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចចាប់បានថ្នាំយ៉ាម៉ាគ្រាប់ និងយ៉ាម៉ាទឹកកកមួយចំនួន ។
លោក ឃុន ប៊ុនហួរ បានឲ្យដឹងថា ៖ «ចាប់បានតិចដែរ ចាប់បានពេលដែលវាកំពុងប្រើប្រាស់ វាប្រើជិតអស់ហើយ យើងដឹងហើយចាប់បាន នៅសល់អាគ្រាប់២គ្រាប់ ហើយនិងទឹកកកហ្នឹងវាជក់អស់ នៅសល់តែថង់ប៉ុន្មានថង់ ។ អ្នកជួញហ្នឹងម្ចាស់ផ្ទះ ហើយនិងអ្នកលក់ឲ្យហ្នឹង២នាក់និងអ្នកប្រើប្រាស់ហ្នឹង៣នាក់» ។
នាយការិយាល័យព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកកំពុងពិនិត្យមើលសំណុំរឿង ហើយថានឹងបញ្ជូនសំណុំរឿងនោះទៅតុលាការខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើសេចក្ដីសម្រេច ៕
