គណបក្សនយោបាយ៣ចុងក្រោយដែលបានមកចុះឈ្មោះរួមមាន គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស សិទ្ធិមនុសុ្ស ។ រីឯគណបក្សសមរង្ស៊ីវិញ គ្រោងនឹងចុះបញ្ជីនៅថ្ងៃចុងក្រោយ ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរំពឹងថា នៅចន្លោះរយៈពេល៣ថ្ងៃទៀតដែលនឹងឈានដល់ថ្ងៃចុងក្រោយនៃការបិទបញ្ជីចុះឈ្មោះគណបក្សនយោបាយនោះ នឹងអាចមានគណបក្សនយោបាយនានាឯទៀត នឹងមកចុះឈ្មោះជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថាកាលពីថ្ងៃសុក្រម្សិលមិញ ចំនួនគណបក្សដែលបានមកចុះបញ្ជីទើបតែមាន៦ប៉ុណ្ណោះទេដែលក្នុងចំណោមនោះ គណបក្សដែលគេបានមើលឃើញថាជាគណបក្សសំខាន់ ហើយធ្លាប់បានទទួលសំឡេងគាំទ្រនៅក្នុងរដ្ឋសភា ដូចជាគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ិនប៉ិច ជាដើម ក៏បានមកចុះឈ្មោះអស់ទៅហើយដែរ ។ ចំណែកគណបក្សប្រឆាំងធំជាងគេបង្អស់ បានជូនដំណឹងមកថា នឹងមកចុះបញ្ជីនៅថ្ងៃទី១២ ឧសភា ដែលជាថ្ងៃចុងក្រោយនោះដែរ ។
អគ្គលេខាធិការគណបក្សសមរង្ស៊ី លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ពន្យល់អំពីមូលហេតុដែលគណបក្សលោក នឹងចុះនៅថ្ងៃចុងក្រោយយ៉ាងនេះថា ៖ «គណបក្សសមរង្ស៊ីនឹងបញ្ជូនបញ្ជីបេក្ខជនទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១២ ខែ៥នេះ គឺជាថ្ងៃចុងក្រោយ ។ គឺគណបក្សសមរង្ស៊ីរៀបបេក្ខជនទាំង២៤ខេត្តក្រុង ដូចអាណត្តិមុនៗដែរ ។ ហើយការដែលយើងទៅដាក់ហ្នឹងមិនមែនជាការយឺតយ៉ាវទេ ព្រោះជាទម្លាប់របស់គណបក្សសមរង្ស៊ីហ្នឹង យើងមិនដែលយកបេក្ខជនទៅដាក់មុនទេ វាមិនចាំបាច់អីពិបាកទៅមុនទេ គឺយើងទុកពេលវេលាដើម្បីធ្វើការងារផ្សេងៗ ហើយការរៀបចំចុះបញ្ជីហ្នឹងវាមិនមែនជាការស្មុគស្មាញអីទេ គឺថាយើងចាំដាក់នៅថ្ងៃចុងក្រោយ» ។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិបោះឆ្នោតលើកទី៣កាលពី៥ឆ្នាំកន្លងទៅ គណបក្សដែលបានមកចុះឈ្មោះចូលរួមមានទាំងអស់ចំនួន២៣គណបក្ស ប៉ុន្តែគណបក្សដែលបានទទួលអាសនៈនៅក្នុងរដ្ឋសភា មានតែចំនួន៣ប៉ុណ្ណោះ ។
រហូតមកទល់នឹងថ្ងៃសៅរ៍មិនមានប្រភពណាអាចបញ្ជាក់ឲ្យដឹងថា តើការបោះឆ្នោតអាណត្តិទី៤ ឆ្នាំ២០០៨នេះ នឹងមានចំនួនគណបក្សនយោបាយប៉ុន្មាននឹងចូលរួមនោះឡើយ ។
អគ្គលេខាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានមានប្រសាសន៍កាលពីម្សិលមិញថា ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃច័ន្ទដើមសប្តាហ៍ ទី១២ ឧសភាខាងមុខនេះគឺជាថ្ងៃចុងក្រោយបង្អស់ហើយ ។
លោក ទេព នីថា បានមានប្រសាសន៍ថា ៖ «ពីឆ្នាំទៅការចុះបញ្ជីឃុំសង្កាត់ហ្នឹង ក៏រហូតដល់ថ្ងៃជិតបញ្ចប់បានមានគណបក្សច្រើនដែរ ។ ហើយតាមស្ថានភាពមុនការចុះឈ្មោះបោះឆ្នោតហ្នឹង គណបក្សដែលតែងតែមកចូលរួមតាមការប្រជុំរបស់គ.ជ.ប.ហ្នឹង មានតែ១៥គណបក្សប៉ុណ្ណឹងទេ ។ ...តាមពិតទៅយើងមិនអាចពន្យារពេលបានទេ ព្រោះថាវាទាក់ទងនឹងការងារបច្ចេកទេសច្រើន ដូចជាការផលិតសន្លឹកឆ្នោតជាដើម ។ មកទល់នឹងថ្ងៃនេះបាន៦គណបក្ស ហើយការសម្រេចជាផ្លូវការទើបតែបាន១គណបក្សទេ គឺគណបក្សប្រជាជនកម្ពុជា ហើយគណបក្ស២ផ្សេងទៀតនោះ គឺឲ្យគាត់បំពេញឯកសារបន្ថែមការខ្វះខាត ហើយដោយឡែកគណបក្ស៣ទៀត យើងកំពុងតែពិនិត្យឯកសាររបស់គាត់» ៕
