អ្នកស្រី ស៊ូ សាត អតីតជាអ្នកធ្លាប់រៀនក្នុងក្លឹបសិក្សាជាមួយជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច និយាយប្រាប់អង្គសវនាការថា លោក កាំង ហ្កេកអ៊ាវ ជាមនុស្សស្លូតបូត ជាសិស្សល្បីឈ្មោះ ដែលរៀនពូកែ ហើយចេះជួយចែករំលែកចំណេះដឹងដល់អ្នកដទៃ។
អតីតសិស្សរបស់ជនជាប់ចោទពីររូប គឺលោក ទេព សែម និងលោក ទេព សុខ ថ្លែងថា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្លាប់ជាគ្រូដ៏ល្អម្នាក់សម្រាប់ពួកលោក ក៏ដូចជាសិស្សដទៃទៀត ៖ «ខ្ញុំបានស្គាល់លោកច្បាស់ លោកជាសាស្រ្ដាចារ្យម្នាក់ដែលសិស្សរបស់យើងខ្ញុំស្រលាញ់លោក ពេញចិត្តនឹងលោក ក្នុងការបំពេញភារកិច្ចបង្រៀនយើងខ្ញុំ។ លោកមានអត្តចរិតស្លូតបូត សុភាពរាបសា ហើយជាពិសេស លោកស្រលាញ់កូនសិស្សខ្សោយ កូនសិស្សក្រីក្រនៅជនបទ»។
ក្រៅពីនេះ ក៏មានគ្រូបង្រៀននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ៣រូប ដែលត្រូវសាលាក្តីខ្មែរក្រហមអញ្ជើញឲ្យឡើងមកផ្តល់សក្ខីកម្មដែរនោះ សុទ្ធតែបានសរសើរអំពីអត្តចរិតរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលគេស្គាល់តែឈ្មោះមួយទៀតថាជា ហង់ ពិន ក្នុងអំឡុងពេលដែល ឌុច ធ្វើជាគ្រូបង្រៀនម្នាក់នៅតំបន់នោះ។
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច កំពុងជាប់ចោទអំពីបទឧក្រិដ្ឋកម្មឃោរឃៅសម្លាប់អ្នកទោសជាងមួយម៉ឺននាក់នៅមន្ទីរស-២១ ក្នុងរបបខ្មែរក្រហម។
កន្លងមក មានសាក្សីខ្លះដែលជាអតីតអ្នកទោសនិងជាបុគ្គលិកនៅមន្ទីរស-២១ បាននិយាយនៅក្នុងអង្គសវនាការថា ឌុច នៅពេលនោះ មានអត្តចរិតកាចសាហាវ ដែលពួកគេខ្លាចបំផុតរហូតមិនហ៊ានមើលចំ។
នៅក្នុងអង្គសវនាការកាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឌុច បានឆ្លើយប្រាប់ចៅក្រមអង្គជំនុំជម្រះថា ៖ «ខ្ញុំមានទស្សនវិជ្ជាមួយ ថា ការខំធ្វើការងារ វាមានមូលហេតុពីរ ទី១ ខំធ្វើឲ្យបានល្អ ព្រោះខ្លាចស្លាប់ បើធ្វើមិនល្អវាស្លាប់ ក៏ប៉ុន្តែមួយទៀត ធ្វើល្អដើម្បីអ្វី? នេះបញ្ហាមួយផ្សេងទៀត។ នេះសូមបញ្ជាក់ជូនបញ្ហារបស់ខ្ញុំ ចំពោះការងារដែលខ្ញុំធ្វើវាមានមូលហេតុខ្លាចស្លាប់»។
លោក ជុំ ម៉ី អតីតអ្នកទោសមួយរូបនៅគុកទួលស្លែង បានឆ្លើយតបនឹងការលើកសរសើរអំពីអត្តចរិតល្អរបស់ជនជាប់ចោទ ឌុច ដូច្នេះ ៖ «ត្រង់ណាស្លូតបូត? ឌុច ហ្នឹងស្លូតបូតឬ? ស្លូតបូតហើយ អស់ ១៦.០០០នាក់ ស្លូតបូតយ៉ាងម៉េច? ខ្ញុំអត់ទទួលយកបានទេ បញ្ហាហ្នឹង»។
សវនាការលើសំណុំរឿងក្តីរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹងត្រូវសាលាក្តីខ្មែរក្រហមលើកយកមកធ្វើជាបន្តទៀតនៅថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០០៩៕
