លោក ស្រ៊ី ថាមរុង្គ បានថ្លែងទៀតថា លោកនាយករដ្ឋមន្ត្រីក៏នាំប្រតិភូអ្នកវិនិយោគខ្មែរ ជួបជាមួយនឹងអ្នកវិនិយោគកូរ៉េផងដែរ ៖ «សម្ដេចនាយករដ្ឋមន្រ្តី លោកបានអនុញ្ញាតឲ្យ CEO គឺថា នាយកប្រតិបត្តិនៃក្រុមហ៊ុនកូរ៉េធំៗមួយចំនួនជួប ដើម្បីសម្ដេចជម្រាបពីសភាពការណ៍ផ្សេងៗ ជាពិសេសបរិយាកាសអនុគ្រោះនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិននិងអ្នករកស៊ីថែមទៀតពីប្រទេសកូរ៉េ»។
លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនានេះ ក៏មានជំនួបទ្វេភាគីជាមួយកូរ៉េដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ ៖ «នៅក្នុងទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េនេះ យើងនឹងមានជំនួបទ្វេភាគី បន្ទាប់មកយើងនឹងមានចុះហត្ថលេខាលើឯកសារចំនួន ៧។ មានទី១ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីជំនួយឥតសំណង ទី២ គឺកិច្ចព្រមព្រៀងស្ដីពីឥណទានសម្រាប់កែលម្អផ្លូវលេខ៣១ ផ្លូវលេខ៣៣ និងខេត្តលេខ ១១៧ និងផ្លូវវាងខេត្តកំពត។ ទី៣ មានកិច្ចព្រមព្រៀងស្ដីពីឥណទានសម្រាប់ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់និងអភិវឌ្ឍស្ទឹងសៀមរាប។ ទី៤ អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសំណង់ ទី៥ អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហើយនិងធនធានធម្មជាតិ ទី៦ អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងទី៧ អនុស្សរណៈស្ដីពីសហប្រតិបត្តិការលើវិទ្យាសាស្រ្ដនិងបច្ចេកទេសកសិកម្ម»។
លោកថ្លែងទៀតថា ទស្សនកិច្ចនេះជាការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េខាងត្បូងកាន់តែល្អថែមទៀត។ នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូងបាននាំមុខគេក្នុងការដាក់វិនិយោគនៅកម្ពុជាដែលមានតម្លៃជាង ១.២០០លានដុល្លារអាមេរិកក្នុងឆ្នាំកន្លងទៅនេះ៕
