ពលករ​រង​ការ​ជួញដូរ​៧​នាក់​ត្រឡប់​មក​ដល់​កម្ពុជា​វិញ

ពលករ​ចំណាក​ស្រុក ៧​នាក់ ដែល​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស និង​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី កន្លង​មក បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១១ តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​បាន​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

0:00 / 0:00

ការ​សង្គ្រោះ​កន្លង​មក​បា​ន​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី អង្គការ​ជា​ដៃគូ និង​អាជ្ញាធរ​នគរបាល​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​ឯ​ការ​ដឹក​ជញ្ជូន​ពលករ​ទាំង​នេះ​មក​កម្ពុជា​វិញ គឺ​មាន​កិច្ច​សហការ​ពី​អង្គការ អាយ.អូ.អឹម. (IOM) ជាមួយ​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី។

ពលករ​ចំណាក​ស្រុក​ឈ្មោះ ស៊ុន បារាំង អាយុ ៤៧​ឆ្នាំ នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​មក​ដល់​ប្រទេស​កម្ពុជា​វិញ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា លោក​សប្បាយ​រីករាយ​ដូច​បាន​កើត​ម្ដង​ទៀត ៖ «ខ្ញុំ​បាន​រត់​គេច​ចេញ​ពី​ទូក​ហ្នឹង ហើយ​ពី​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ហ្នឹង។ គេច​ខ្លួន​ទៅ​ដើម្បី​សុំ​ពួក​ម៉ាឡេស៊ី ធ្វើការ​នៅ​រោងចក្រ​ឈើ។ មក​ដល់​កម្ពុជា មិន​ដឹង​គិត​ថា ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​រស់​នៅ​ក្នុង​សង្គម​គ្រួសារ»

ពលករ​ចំណាក​ស្រុក​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពត បាន​ថ្លែង​ថា រូប​លោក និង​ពលករ​ដទៃ​ទៀត​បាន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស និង​កម្លាំង​ពលកម្ម​ដោយ​ថៅកែ​ថៃ និង​ម៉ាឡេស៊ី គឺ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ជា​អ្នក​នេសាទ​យ៉ាង​វេទនា​កន្លង​មក ៖ «បង​ប្អូន​ខ្មែរ​យើង​ជា​ច្រើន​ដែល​បាន​ស្លាប់ និង​រង​គ្រោះ​នៅ​ក្នុង​ទឹក​សមុទ្រ​ម៉ាឡេស៊ី មាន​ស្លាប់​ជា​ច្រើន។ ពួក​នោះ​វាយ​ស្លាប់​ទម្លាក់​ទឹក​ជា​ច្រើន ប៉ុន្តែ​ប្អូន​មិន​ដឹង​ជួយ​ម៉េច។ ឃើញ​មាន​តែ​ស្រក់​ទឹក​ភ្នែក អត់​មាន​សមត្ថភាព​ជួយ ព្រោះ​មួយ​ទូកៗ​មាន​ចំនួន​ប្រហែល​ជា​តិច​បំផុត ៥​នាក់។ ប្អូន​សម្រេច​ចិត្ត​ថា បើ​សិន​ជា​អាយុ​ប្អូន​ថ្លៃ គឺ​ប្អូន​រស់។ ប្អូន​ហក់​ទឹក​ហែល​ដើម្បី​ទៅ​រក​ឲ្យ​គេ​ជួយ»

អ្នក​ស៊ើប​អង្កេត​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​នៅ​កម្ពុជា លោក ហ៊ុយ ពេជ្រសុវណ្ណ ដែល​បាន​ចូល​រួម​សង្គ្រោះ​ពលករ​ទាំង​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី កន្លង​មក បាន​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​ប៉ូលិស​អន្តោប្រវេសន៍​គេ​ចាប់​បាន គាត់​អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​ពី​បទ​ចូល​ក្នុង​ទឹក​ដី​គេ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​ដោយសារ​តែ​យើង​បាន​ទៅ​ធ្វើការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ប៉ូលិស​អន្តោប្រវេសន៍​ពួកគេ​មិន​ចោទ​ប្រកាន់​គាត់​ជា​អ្នក​ចូល​ក្នុង​ទឹក​ដី​គេ​ខុស​ច្បាប់​ទេ»

លោក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​នាំ​ពលករ​ទាំង​នេះ​ទៅ​ជួប​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១១ ដើម្បី​ធ្វើ​កំណត់ហេតុ​សម្រាប់​ការ​ស្រាវជ្រាវ​បន្ត​ទៀត។

តាម​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ពលករ​ចំណាក​ស្រុក​ចំនួន ៧​នាក់​នេះ បាន​ចូល​ក្នុង​ទឹក​ដី​ថៃ ដោយ​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ តាម​រយៈ​មេខ្យល់​ជនជាតិ​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ថៅកែ​ថៃ បាន​លក់​កម្លាំង​ពលកម្ម​បន្ត​ឲ្យ​ថៅកែ​ជន​ជាតិ​ម៉ាឡេស៊ី ធ្វើ​ការងារ​ជា​អ្នក​នេសាទ​នៅ​សមុទ្រ។

ក្រៅ​ពី​ពលករ ៧​នាក់​ដែល​មក​ប្រទេស​វិញ​នេះ នៅ​មាន​ពលករ​ខ្មែរ​ចំនួន ៥​នាក់​ទៀត អាជ្ញាធរ​កំពុង​តែ​បន្ត​ស្វែង​រក​ដើម្បី​សង្គ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី៕