សកម្មភាពបង្ក្រាបបានចាប់ផ្ដើមនៅវេលាព្រឹកថ្ងៃទី១៧ វិច្ឆិកា ត្រង់ចំណុចអន្លង់ក្រោមនៃភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ស្ត្រីម្នាក់ដែលបានស្ថិតនៅកន្លែងកើតហេតុ អ្នកស្រី ឈិម ធីម បានរៀបរាប់ពីសកម្មភាពនៃការបង្ក្រាបនោះ ៖ «វ៉ៃនឹងស្វ័យកាំភ្លើងផង វ៉ៃឈើជ្រុងផង ត្រូវលើចិញ្ចើមទាំងស្រីទាំងប្រុស វ៉ៃទាំងអស់ វាចង់កាប់ចោល វាថា ពួកថៃវាហ៊ានបាញ់ ពលរដ្ឋដូចគ្នាខ្លាចអី»។
បុរសម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលរងរបួសទាំង ៧នាក់ លោក អ៊ឹម ចាន់ណារ៉ា បានឲ្យដឹងថា រូបលោកត្រូវបានក្រុមមន្ត្រីរារាំងមិនឲ្យធ្វើដំណើរទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលមុខរបួសទេ ៖ «វ៉ៃត្រូវខ្លួន ត្រូវឆ្អឹងជំនីរ ត្រូវជើង ត្រូវដៃ ទន់អស់ហើយ គ្រាន់តែទៅពេទ្យគេមិនឲ្យចេញទៅផង គេវ៉ៃម៉ូតូអីខ្ញុំបែកអស់ហើយ ដកសោយកទៀត»។
ឆ្លើយបំភ្លឺទៅនឹងបញ្ហានេះ មន្ត្រីសាលាខេត្តកំពតទទួលបន្ទុកការងារស្ថិតិនិងរដ្ឋបាលនៃអនុគណៈកម្មការបែងចែកនិងផ្ដល់ជូនដីសម្បទានដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញមជ្ឈមណ្ឌលអភិវឌ្ឍន៍ ៣១៧ ក្នុងភូមិជ័យសេនា លោក សឹម ពុទ្ធា បានអះអាងថា ពុំមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានធ្វើឲ្យរបួសដោយសារក្រុមមន្ត្រីនោះទេ ហើយលោកបានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ត្រូវចាកចេញពីតំបន់នោះ។
លោក សឹម ពុទ្ធា មានប្រសាសន៍ដូច្នេះថា ៖ «ដូចអត់មានទេ មានតែម្នាក់ហ្នឹងគឺគាត់លោតទៅកាប់ខាងកម្លាំងសមត្ថកិច្ចយើង ហើយដួលទៅប៉ះគល់ឈើទៅ។ ខាងឧទ្យានុរក្សគេគ្រប់គ្រងយូរហើយតំបន់ហ្នឹង»។
ទីប្រឹក្សានៃអង្គការធាងត្នោតដែលមានតួនាទីក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្រាប់សហគមន៍ក្រីក្រក្នុងទីក្រុង លោក Hallam Goad ដែលបានអញ្ជើញទៅដល់កន្លែងកើតហេតុ បានសម្ដែងនូវការមិនសប្បាយចិត្តចំពោះទង្វើរបស់ក្រុមមន្ត្រី ៖ «ខ្ញុំឃើញព្រឹកនេះ ទាហានប្រហែល ១០០នាក់មក គេជិះឡានមកដុតចោលប្រហែល ១០០ផ្ទះជាង ពិបាកមែនទែន»។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពតនិងក្រុងកែប អ្នកស្រី ទ្រី ឈួន បានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ អំពើហិង្សាក៏មិនគួរគប្បីត្រូវបានគេប្រើចំពោះប្រជាពលរដ្ឋទាំងនោះឡើយ ៖ «រដ្ឋាភិបាលត្រូវតែបំពេញកាតព្វកិច្ចផ្សព្វផ្សាយបញ្ហាឲ្យប្រជាពលរដ្ឋ មិនមែនប្រើកម្លាំងប្រដាប់អាវុធយកមកប្រើហិង្សាលើពួកគាត់អ៊ីចឹងទេ ហើយជាពិសេសទិដ្ឋភាពព្រឹកមិញនេះ យើងមើលទៅវាសាហាវបំផុត»។
អ្នកស្រី ទ្រី ឈួន ដែលបានទៅដល់កន្លែងកើតហេតុដែរនោះ បានបន្តឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋដែលរងរបួសទាំង ៧នាក់នោះ មានបីនាក់បានរងរបួសធ្ងន់ ហើយរហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ ក្រុមមន្ត្រីនិងគ្រូពេទ្យនៃអង្គការសិទ្ធិមនុស្ស លីកាដូ បាននាំយកអ្នករបួសធ្ងន់ទាំងនោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺហើយ៕
