ខួប​៧​ឆ្នាំ​នៃ​ការ​​បាញ់​សម្លាប់​​​លោក ជា វិជ្ជា

រយៈពេល ៧​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​​ថ្ងៃ​ទី​២២ ខែ​មករា​នេះ ដែល​អតីត​មេដឹកនាំ​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា គឺ​លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ ប៉ុន្តែ​ឃាតក​ពិត​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

0:00 / 0:00

សហជីព​សេរី​កម្មករ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​មករា បាន​ព្រមាន​ថា គេ​នឹង​រៀបចំ​ពិធី​កូដកម្ម​កម្មករ​ធំ​មួយ​នៅ​ឆ្នាំ​ក្រោយ បើ​សិន​ជា​រដ្ឋាភិបាល​ខ្មែរ​នៅ​តែ​អូស​បន្លាយ​ពេល​វេលា​មិន​ព្រម​វែក​មុខ​ឃាតក​ពិត​សម្លាប់​លោក ជា វិជ្ជា នោះ​ទេ។

នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៃ​ការ​រំឭក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ក្បែរ​របង​វត្ត​លង្កា កណ្ដាល​ក្រុង​ភ្នំពេញ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នា​ពេល​បច្ចុប្បន្ន ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​សព​លោក ជា វិជ្ជា បាន​ថ្លែង​ថា គេ​មិន​អាច​ទុក​ឲ្យ​មាន​ការ​អូស​បន្លាយ​ដូច្នេះ​ទៀត​ឡើយ ៖ «សាក្សី និង​ភស្តុតាង​នៅ​មាន​ជីវិត អ៊ីចឹង​យើង​ទុក​មួយ​ឆ្នាំ​ឲ្យ​រដ្ឋាភិបាល ហើយ​បើ​អត់​ទេ កម្មករ​នឹង​ធ្វើ​កូដកម្ម​អត់​ធ្វើ​ការងារ»

តំណាង​សហជីព​ជា​ច្រើន តំណាងរាស្ត្រ និង​តំណាង​អង្គការ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​ជា​ច្រើន​នាក់ ដែល​តែងតែ​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​រំឭក​នេះ នៅ​តែ​បន្ត​ការ​រំឭក​វិញ្ញាណក្ខន្ធ​ជាមួយ​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​សង់​ស្តូប​រូប​សំណាក លោក ជា វិជ្ជា និង​ទាមទារ​នៃ​ការ​ផ្ដល់​គោរមងារ​ដល់​លោក ជា វិជ្ជា ជា​វីរជន​កម្មករ និង​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ឃាតក​មក​ផ្ដន្ទា​ទោស ដើម្បី​ផ្ដល់​នូវ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

នៅ​ពី​មុខ​កម្រង​ផ្កា​ធំៗ​ដែល​មាន​តាំង​រូប​ថត​លោក ជា វិជ្ជា ក្រុម​កម្មករ​បាន​នាំគ្នា​ចូល​អុជ​ធូប​ម្តង​ម្នាក់ៗ ដើម្បី​ធ្វើការ​បួង​សួង​ក្រោម​ក្រសែ​ភ្នែក​ឃ្លាំមើល​របស់​ក្រុម​ប៉ូលិស​ជា​ច្រើន​នាក់។

កម្មករ​ឈ្មោះ វណ្ណ បូរ៉េត អាយុ ៣០​ឆ្នាំ ដែល​បាន​ចូល​រួម​រាល់​ឆ្នាំ​ក្នុង​ការ​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នេះ​ថ្លែង​ថា ៖ «ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គាត់​អសមត្ថភាព​ដែល​មិន​បាន​រក​មុខ​ឃាតក​ដែល​បាន​បាញ់​លោក ជា វិជ្ជា ស្លាប់​ហ្នឹង។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​រក​មុខ​ឃាតក​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ឲ្យ​ពួក​ខ្ញុំ​ជា​កម្មករ​មាន​ភាព​កក់​ក្ដៅ ពីព្រោះ​ខ្ញុំ​គោរព​លោក ជា វិជ្ជា»

លោក អាត់ ធន់ ប្រធាន​សហព័ន្ធ​សហជីព​ការងារ​មាន​ប្រសាសន៍​ថា ៖ «កម្មករ​យើង​ចង់​ឃើញ​នូវ​ការ​ធ្វើ​កិច្ចការ​ហ្នឹង បើ​សិន​ជា​ឃាតក​មិន​ត្រូវ​បាន​ចាប់​វា​ជា​ការ​គំរាម​មួយ​មក​ដល់​ចលនា​ការងារ ឬ​ក៏​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​លើក​ក្រោយៗ​ទៀត ហើយ​វា​ក៏​ជា​ការ​បង្ហាញ​មួយ​មិន​ល្អ​សម្រាប់​អ្នក​ប្រឹង​ធ្វើ​ការងារ​ដើម្បី​សិទ្ធិ​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​យើង​នាំ​គ្នា​មក​ថ្ងៃ​នេះ»

លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្លែង​ដូច្នេះ ៖ «លោក ជា វិជ្ជា គឺ​ជា​វីរបុរស​របស់​កម្មករ ដូច្នេះ​ហើយ​យើង​មក​គោរព​វិញ្ញាណក្ខន្ធ ហើយ​ម្យ៉ាង​ទៀត​ដើម្បី​បង្ហាញ​ថា ជំហរ​របស់​យើង​គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​ឃាតក​ពិត​ប្រាកដ​ជូន​លោក ជា វិជ្ជា ជា​ពិសេស​សូម​ស្ថាប័ន​អន្តរជាតិ ភ្នាក់ងារ FBI ជួយ​អន្តរាគមន៍​រឿង​នេះ​ផង»

លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ថ្លែង​ថា ការ​ទាមទារ​យុត្តិធម៌​ចំពោះ​អ្នក​ស្លាប់​ទាំង​ឡាយ​ហាក់​ដូច​ជា​ដដែល ប៉ុន្តែ​គ្មាន​លទ្ធផល​ទេ។ ក្រុម​សហជីព​បាន​គ្រោង​ថា នឹង​រៀបចំ​ប្រមូល​អ្នក​ចង់​បាន​យុត្តិធម៌​ទាំង​ឡាយ ដើម្បី​ដង្ហែ​ក្បួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​នឹង​អាច​ប្រមូល​ផ្ដុំ​អ្នក​ដែល​ចង់​បាន​យុត្តិធម៌​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វែក​មុខ​រក​ឃាតក​បាញ់​សម្លាប់ ជា វិជ្ជា»

អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ល្បាញ ដែល​តែង​ដឹកនាំ​កម្មករ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ គឺ​លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​កាល​ពី ៧​ឆ្នាំ​មុន គឺ​កាល​នៅ​ឆ្នាំ​២០០៤ នៅ​ក្បែរ​របង​វត្ត​លង្កា ខណៈ​ពេល​ដែល​លោក​កំពុង​អាន​កាសែត​ពេល​ព្រឹក​ព្រលឹម។

ក្រោយ​ពី​ការ​បាញ់​ប្រហារ​នោះ​ភ្លាមៗ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស ២​នាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ដោយ​សង្ស័យ​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នេះ ក្រោយ​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​អ្នក​ទាំង​ពីរ​ចំនួន ២០​ឆ្នាំ។ ប៉ុន្តែ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០០៩ ក្រោយ​ពី​ការ​ឃុំឃាំង​អស់​ជាង ៥​ឆ្នាំ តុលាការ​កំពូល​បាន​ដោះ​លែង​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និង​តម្រូវ​ឲ្យ​សាលា​ដំបូង​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ។

មក​ដល់​ពេល​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រុម​នគរបាល​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​រឿង​នេះ​បន្ត​ទៀត​ពី​តុលាការ​នៅ​ឡើយ​ទេ ៖ «រហូត​មក​ដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​មិន​ទាន់​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ស៊ើប​​អង្កេត​អី​បន្ត​ទៅ​ទៀត​ទេ»

តុលាការ​ក្រុង​ភ្នំពេញ មិន​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​មករា​​នេះ។

កាល​ពី​ថៃ្ង​ទី​១៧ ខែ​សីហា ឆ្នាំ​២០០៩ កន្លង​ទៅ តុលាការ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​បន្ថែម​ទៀត ជុំវិញ​សំណុំ​រឿង​របស់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទា​ទោស​នោះ​ដែរ។

បុគ្គលិក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​ចូល​រួម​ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ថ្លែង​ថា ការ​ចាប់​ឃាតក ឬ​មិន​ចាប់ វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ​ទេ ពីព្រោះ​ថា មាន​ករណី​ឃាតកម្ម និង​បទល្មើស​ជា​ច្រើន​ដែល​អាជ្ញាធរ​បាន​ចាត់​វិធានការ​រក​ឃើញ​ឃាតក​នៅ​ពេល​កន្លង​មក៕