ពលរដ្ឋ​សហគមន៍​ក្រុម​៧៨​មិន​ព្រម​ទទួល​យក​សំណង​ក្នុង​ការចាកចេញ​ពី​លំនៅ

តំណាង​ប្រជាជន​ក្រុម​៧៨ នៃ​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ដែល​កំពុង​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​ថ្ងៃ​សុក្រ ទី​១០ តុលា​នេះ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​និង​ខណ្ឌ​បាន​ចុះ​មក​ដើម្បី​សាកសួរ​ពី​ការទាមទារ​សំណង​ក្នុង​ការចាកចេញ​ពី​ដី​ធ្លី​ដែល​ពួក​គាត់​កំពុង​រស់នៅ។

0:00 / 0:00

តំណាង​របស់​ប្រជាពលរដ្ឋ លោក លីម លីគាន បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ចំនួន​៨៨​គ្រួសារ​នៃ​សហគមន៍​ក្រុម​៧៨​ពុំ​បាន​យល់ព្រម​ចំពោះ​ការផ្ដល់​សំណង​ជា​ទឹក​ប្រាក់​ចំនួន​៥០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​និង​ដី​មួយ​ឡូត៍​ទំហំ​៥​គុណ​១២​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ត្រពាំង​អញ្ចាញ ខណ្ឌ​ដង្កោ ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឡើយ ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដែល​អាជ្ញាធរ​ក្រុង​ប្រគល់​ដី​ដើម្បី​អភិវឌ្ឍ​ផ្ដល់​សំណង​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ​តាម​តម្លៃ​ទី​ផ្សារ។

លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ខ្លះ​បាន​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ចំនួន​២៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ដី​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក លីម លីគាន បាន​បញ្ជាក់​ថា ៖ «សព្វថ្ងៃ​ហ្នឹង​ខ្ញុំ​ទាំងអស់​គ្នា​ដែល​ទាមទារ ចង់​បាន​ឲ្យ​ខាង​សាលា​ក្រុង ខាង​រដ្ឋាភិបាល​ហ្នឹង សុំ​ឲ្យ​ដោះដូរ​និង​ទិញ​តាម​ទីផ្សារ​សេរី»

អភិបាល​រង​ខណ្ឌ​ចម្ការមន លោក ម៉ា សុភាព បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា បន្ទាប់ពី​បាន​ជួប​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៦៤​គ្រួសារ​ដែល​រស់នៅ​ក្នុង​ក្រុម​៧៨​នោះ​គ្មាន​នរណា​ម្នាក់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​ក្រុង​នោះ​ឡើយ។

លោក ម៉ា សុភាព បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​មិន​ព្រម​ទទួល​ទេ គាត់​ទាមទារ​តាម​ទីផ្សារ​សេរី ប៉ុន្តែ​ការរស់នៅ​របស់​គាត់​នៅ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ហ្នឹង គឺ​វា​ជា​យូរ​ណាស់​មក​ហើយ»

លោក ម៉ា សុភាព បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព​ចុង​ក្រោយ​របស់​អាជ្ញាធរ​ក្នុង​ការចរចា​ជាមួយ​នឹង​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​តើ​អាច​នឹង​មាន​ការប្រើប្រាស់​កម្លាំង​ដើម្បី​រុះរើ​ប្រជាពលរដ្ឋ​ឬ​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ម៉ន វុទ្ធី បាន​ឲ្យ​ដឹង​ថា​ការប្រើប្រាស់​កម្លាំង​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​គឺ​ជា​ការរំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស។

លោក ម៉ន វុទ្ធី បាន​ឲ្យ​ដឹង​ថា ៖ «ការប្រើប្រាស់​កម្លាំង​នេះ​មាន​តែ​សុំ​ដីកា​ពី​តុលាការ​ដើម្បី​កាត់​សេចក្ដី​ថា​ដី​នេះ​ជា​ដី​អ្នក​ណា​សិន បាន​គាត់​អាច​ប្រើ​ជា​អំណាច​សាលក្រម​ដើម្បី​ប្រើប្រាស់​កម្លាំង​ដើម្បី​ចេញ។ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​ម្ចាស់​ដី ហើយ​មិន​ទាន់​ឃើញ​សេចក្ដី​សម្រេច​ណា​ថា​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​នៅ​ឡើយ​ទេ»

គួរ​ជម្រាប​ថា ប្រជាពលរដ្ឋ​ក្រុម​៧៨​ប្រមាណ​១៣០០​គ្រួសារ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចេញ​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ឋាន​របស់​ពួក​គាត់​ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​យក​ទៅ​អភិវឌ្ឍ​តាំងពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០០៦​មក​ម៉្លេះ ហើយ​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​ចំនួន​៨៨​គ្រួសារ​បន្ត​រស់នៅ​លើ​ដី​នោះ​ត​ទៅ​ទៀត។

កាលពី​ដើម​សប្ដាហ៍​នេះ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ក្រុម​៧៨​ក៏​បាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា​ស្នើ​សុំ​ឲ្យ​ធ្វើ​កិច្ច​អន្តរាគមន៍​ក្នុង​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ពួក​គាត់​ចំនួន​៨៨​គ្រួសារ​ដែល​បាន​មក​រស់​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៨៣​មក​ម៉្លេះ៕